តើ​ពេល​ណា​អ្នក​ត្រូវ​លើក​ទឹក​ចិត្ត និង​ពេល​ណា​ត្រូវ​ជំរុញ​កម្លាំង​ចិត្ត​ដល់​មនុស្ស​ក្នុង​ក្រុម​របស់​អ្នក ?​



ដើម្បីសាងបានក្រុមការងារមួយដែលមានចិត្តពុះពោរដ៏ខ្លាំងក្លា ក្នុងការសម្រេចភារកិច្ចរួមគ្នាប្រកបដោយភាពជោគជ័យបាន អ្នកមិនអាចធ្វើជាអ្នកដឹកនាំដែលចាំតែបង្គាប់បញ្ជាអ្នកក្រោមបង្គាប់ឲ្យធ្វើបែបនេះ ឬបែបនោះ ទៅតាមការរំពឹងទុករបស់អ្នករហូតនោះទេ ពុំនោះទេ ពួកគេនឹងគ្រាន់តែស្ដាប់ និងប្រតិបត្តិតាមអ្នកនៅនឹងមុខអ្នកតែប៉ុណ្ណោះ។

ហេតុនេះ ដើម្បីសាងក្រុមការងារដែលល្អមួយឆ្ពោះទៅរកគោលដៅរួមគ្នាបាន ការលើកទឹកចិត្ត និងការជំរុញកម្លាំងចិត្ត គឺជាប្រការដ៏សំខាន់បំផុតសម្រាប់សមាជិកក្រុម ក៏ដូចជាភាពជោគជ័យរបស់អ្នក ហើយអ្វីដែលសំខាន់លើសពីនេះទៅទៀត គឺជាការបែងចែកឲ្យបានច្បាស់ថា តើពេលណាអ្នកគួរលើកទឹកចិត្ត ហើយពេលណាអ្នកគួរជំរុញកម្លាំងចិត្តដល់ពួកគេ។

ការលើកទឹកចិត្តគួរកើតមានឡើង នៅពេលអ្នកមានគោលដៅក្នុងរយៈពេលខ្លីដ៏បន្ទាន់មួយដែលត្រូវឲ្យពួកគេរួមដៃគ្នាសម្រេចវា និងផ្ដល់ផលតបស្នងជាប្រយោជន៍អ្វីមួយដល់ពួកគេវិញ។ ដើម្បីលើកទឹកចិត្ត(motivate)សមាជិកក្រុម អ្នកត្រូវ៖

១. ប្រាប់ពួកគេឲ្យបានច្បាស់លាស់ពីអ្វីដែលអ្នកចង់ឲ្យពួកគេធ្វើព្រមជាមួយមូលហេតុដ៏ជាក់លាក់ ការលើកទឹកចិត្ត គឺជាការផ្ដល់កម្លាំងចិត្តម្យ៉ាងដែលជំរុញឲ្យពួកគេចេញអនុវត្តជាសកម្មភាពជាក់ស្ដែងក្នុងរយៈពេលកំណត់ច្បាស់លាស់មួយ ដូច្នេះពាក្យសម្ដីដែលអ្នកយកមកប្រើប្រាស់ មិនអាចមានភាពមិនប្រាកដប្រជានោះឡើយ រីឯមូលហេតុទៀតសោតក៏ត្រូវភ្ជាប់មកជាមួយនឹងភាពច្បាស់លាស់ សម្រាប់លើកទឹកចិត្តពួកគេឲ្យបំពេញភារកិច្ចមួយនោះដែរ។ ម្យ៉ាងទៀត អ្នកខ្លួនឯងជាអ្នកដឹកនាំ ក៏មិនត្រូវចាំអោបដៃឈរមើលយករួចខ្លួននោះដែរ អ្នកត្រូវចូលរួមជាមួយពួកគេក្នុងការបូជាកម្លាំងកាយ ចិត្តរបស់អ្នកសម្រាប់ភាពជោគជ័យនៃភារកិច្ចមួយនោះផងដែរ។

២. ជំរុញនូវស្មារតីរបស់ពួកគេ ការលើកទឹកចិត្តដោយបំផុសអារម្មណ៍ និងស្មារតីពួកគេឲ្យមានការភ័យខ្លាចចំពោះការបាត់បង់ការងារ បើសិនជាពួកគេមិនខិតខំប្រឹងប្រែងបំពេញភារកិច្ចនោះ អាចជាការលើកទឹកចិត្តដ៏មានប្រសិទ្ធភាពមួយ ប៉ុន្តែបើអ្នកផ្ដោតទៅលើការបណ្ដុះអារម្មណ៍បែបនេះដល់ពួកគេពេក វានឹងក្លាយជាការបំបាក់ទឹកចិត្តពួកគេវិញមិនខាន។ ដូច្នេះការងាកមកបណ្ដុះអារម្មណ៍វិជ្ជមានដូចជាការយល់ថាខ្លួនមានតម្លៃ មោទនភាព និងភាពត្រេកត្រអាលសម្រាប់បេសកកម្មដ៏អស្ចារ្យមួយនោះ នឹងផ្ដល់កម្លាំងចិត្តពួកគេបានកាន់តែល្អប្រសើរឡើងវិញ។ ចំណែកឯ ការជំរុញកម្លាំងចិត្តគួរកើតមានឡើង នៅពេលអ្នកមានគោលដៅក្នុងរយៈពេលវែងសម្រាប់ឲ្យពួកគេសម្រេច ដែលការជំរុញកម្លាំងចិត្តនេះ មិនធានាថាបានទទួលប្រយោជន៍អ្វីមកវិញ ក្រៅពីស្មារតីនៃមោទនភាពចំពោះខ្លួនឯងដែលផុសចេញមកពីតម្លៃនៅក្នុងចិត្តនោះឡើយ។

ដើម្បីជំរុញកម្លាំងចិត្ត(inspire)សមាជិកក្រុម អ្នកត្រូវ៖

១. ផ្លាស់ប្ដូរខ្លួនអ្នកឲ្យទៅជាអ្វីដែលអ្នកចង់ឲ្យពួកគេផ្លាស់ប្ដូរ ភាពជាគំរូរបស់អ្នក មិនថាជាកេរ្តិ៍ឈ្មោះរបស់អ្នក អត្តចរិត និងឥរិយាបថនោះឡើយ សុទ្ធតែមានឥទ្ធិពលទៅលើការជំរុញកម្លាំងចិត្តពួកគេលើសពីអ្វីៗទាំងអស់។ ដូច្នេះ បើអ្នកចង់រំពឹងការផ្លាស់ប្ដូរដ៏វិជ្ជមានមកលើពួកគេ អ្នកត្រូវរំពឹងការផ្លាស់ប្ដូរទាំងនោះមកលើខ្លួនឯងជាមុនសិន។ ម្យ៉ាងទៀត ទំនុកចិត្តចំពោះពួកគេ ក៏ជាធាតុសំខាន់មួយទៀត ដែលអ្នកមិនអាចខ្វះបានដែរ។ អ្នកមិនមែនជំរុញកម្លាំងចិត្តពួកគេដោយប្រាប់ត្រង់ៗពីផ្លូវណាដែលត្រូវដើរនោះទេ ផ្ទុយទៅវិញ អ្នកលើកទឹកចិត្តពួកគេឲ្យក្លាយជាអ្វីដែលល្អបំផុតសម្រាប់ខ្លួនឯង និងជឿជាក់ថាតាមរបៀបនេះ ពួកគេនឹងធ្វើរឿងដែលត្រឹមត្រូវដោយខ្លួនឯង និងអាចធ្វើលើសពីអ្វីដែលជាការរំពឹងទុករបស់អ្នកមានមកលើពួកគេទៀតផង។

២. រៀបរាប់រឿងរ៉ាវដែលផ្ដល់កម្លាំងចិត្តប្រាប់ទៅពួកគេ រឿងរ៉ាវប្រភេទនេះ មិនប្រាប់ពួកគេពីអ្វីដែលពួកគេត្រូវធ្វើនោះទេ ប៉ុន្តែវាភ្ជាប់ទំនាក់ទំនងទៅនឹងការស្រមើស្រមៃ និងមនោសញ្ចេតនារបស់ពួកគេ ដែលនឹងជំរុញពួកគេឲ្យប្រើប្រាស់នូវសក្ដានុពលរបស់ខ្លួនដើម្បីក្លាយទៅជាអ្វីដែលខ្លួនចង់ក្លាយទៅជា និងអ្វីដែលខ្លួនមានសមត្ថភាពអាចធ្វើបាន៕

ប្រែសម្រួល៖ ស្រីពៅ

X
5s