អត្តចរិត ៦ប្រភេទដែលបុគ្គលឆ្លាតវៃគ្រប់រូបតែងប្រកាន់យក
បុគ្គលឆ្លាតវៃតែងមានអត្តចរិតដែលខុសប្លែកពីមនុស្សទូទៅនៅជុំវិញខ្លួនពួកគេ។ ពួកគេយកចិត្តទុកដាក់ទៅលើអ្វីដែលមនុស្សធម្មតាច្រើនមិនខ្វល់ខ្វាយពីវា ហើយតែងតែជាមនុស្សដែលចាំបឺតស្រូបយកចំណេះដឹងពីអ្នកនៅជុំវិញខ្លួន និងមជ្ឈដ្ឋានដែលគេរស់នៅ។ តាមលទ្ធផលពីការស្រាវជ្រាវ ខាងក្រោមនេះគឺជាអត្តចរិតទាំង ៦ប្រភេទដែលបុគ្គលឆ្លាតវៃតែងប្រកាន់យក៖
១. ពួកគេជាមនុស្សពូកែសម្របខ្លួន៖ បុគ្គលឆ្លាតវៃជាមនុស្សឆាប់បត់បែនរហ័សស្របតាមស្ថានការណ៍ដែលពួកគេកំពុងជួបប្រសព្វក្នុងជីវិត ហើយព្យាយាមស្វះស្វែងរកគ្រប់វិធី ដើម្បីទប់ទល់ជាមួយភាពស្មុគស្មាញទាំងឡាយដែលដាក់សម្ពាធមកលើពួកគេ។ ម្ល៉ោះហើយ ភាពឆ្លាតវៃគឺអាស្រ័យនៅលើសមត្ថភាពក្នុងការផ្លាស់ប្ដូរឥរិយាបថរបស់អ្នក ឆ្លើយតបទៅនឹងស្ថានការណ៍ដែលអ្នកជួបប្រទះ ឬក៏បង្កើតការផ្លាស់ប្ដូរចំពោះស្ថានការណ៍ដែលអ្នកកំពុងស្ថិតនៅ។
២. ចម្ងល់របស់ពួកគេកើតមានមិនចេះស្កប់ស្កល់ឡើយ៖ ពួកគេតែងមានចម្ងល់ទៅលើអ្វីដែលមនុស្សទូទៅមិនសូវចាប់អារម្មណ៍ ព្រមទាំងហ៊ានសារភាពចំពោះរាល់ភាពល្ងង់ខ្លៅរបស់ខ្លួន ដែលនេះហើយគឺជាច្រកទ្វារបើកសម្រាប់ពួកគេឲ្យព្យាយាមស្វែងរកចម្លើយ ដើម្បីបង្កើនចំណេះដឹងរបស់ខ្លួនឲ្យកើនឡើងមិនចេះឈប់ឈរ។ ដូចសម្ដីរបស់លោក Albert Einstein ថា “ខ្ញុំមិនមានសមត្ថភាពអ្វីអស្ចារ្យនោះទេ ខ្ញុំគ្រាន់តែជក់ចិត្តនឹងការមានចម្ងល់មិនចេះឈប់ឈរតែប៉ុណ្ណោះ”។
៣. ពួកគេបើកចំហចិត្តទូលំទូលាយ៖ បុគ្គលឆ្លាតវៃតែងបើកចំហចិត្តគំនិតរបស់ខ្លួន ឲ្យទទួលយកគំនិតថ្មីៗ និងឲកាសថ្មីៗសម្រាប់អភិវឌ្ឍខ្លួន នៅពេលនោះ ពួកគេនឹងមានគំនិតច្រើនសម្រាប់ជួយពួកគេក្នុងការដោះស្រាយបញ្ហានានាក្នុងជីវិត។ យ៉ាងណាមិញ ពួកគេក៏តែងតែប្រយ័ត្ននូវរាល់គំនិតទាំងឡាយមុននឹងទទួលយកវា បើមិនមានភ័ស្ដុតាង ឬការបញ្ជាក់ហេតុផលឲ្យបានល្អិតល្អន់ទេ ពួកគេនឹងច្រានចោលនូវគំនិតនោះមិនខាន។
៤. ពួកគេចូលចិត្តការនៅតែម្នាក់ឯង៖ ពួកគេចូលចិត្តការសញ្ជប់សញ្ជឹងគិតពីដើមហេតុនៃការកកើតអ្វីមួយឡើង ហើយពួកគេច្រើនតែទទួលបានភាពសោមនស្សរីករាយតិចតួចពីការជួបជុំមិត្តភ័ក្ដិ ជាជាងមនុស្សធម្មតា។
៥. ពួកគេមានការគ្រប់គ្រងលើខ្លួនឯងខ្ពស់៖ ពួកគេយកឈ្នះលើការធ្វេសប្រហែសពីការគិតគូរមិនបានដិតដល់ ដោយរៀបចំផែនការ បញ្ជាក់យ៉ាងច្បាស់ពីគោលដៅ ស្វែងរកយុទ្ធសាស្ត្រ ឬវិធីប្រតិបត្តិឲ្យបានច្រើន និងត្រិះរិះពីលទ្ធផលរបស់វា មុនពេលសម្រេចចិត្តចាប់ផ្ដើមកិច្ចការអ្វីមួយ។
៦. ពួកគេចំណាយពេលជាច្រើនលើការពន្យារពេល៖ មនុស្សឆ្លាតវៃច្រើនតែពន្យារពេលធ្វើរឿងតូចតាចប្រចាំថ្ងៃ ដោយសារពួកគេយកពេលវេលាទាំងនោះទៅចំណាយលើការបំពេញកិច្ចការដែលសំខាន់ៗក្នុងជីវិត។ ប៉ុន្ដែអ្នកវិទ្យាសាស្ត្រមួយចំនួនបានបន្ថែមថា បុគ្គលឆ្លាតវៃក៏បានពន្យារពេលធ្វើរឿងដែលមានតម្លៃសម្រាប់ពួកគេផងដែរ ព្រោះការពន្យារពេលគឺជាគន្លឹះមួយសម្រាប់ឆ្ពោះទៅរកភាពច្នៃប្រឌិត៕
ប្រែសម្រួល៖ ស្រីពៅ