សកម្មភាព​ ៥​យ៉ាង​ បុគ្គល​ជោគជ័យ​តែង​ធ្វើ​មុនពេល​ចូល​គេង​​



ភាពមមាញឹកនៃពិភពខាងក្រៅ បានជះឥទ្ធិពលដល់ចិត្តគំនិត និងអារម្មណ៍របស់យើងឲ្យទទួលការរំខានជារឿយៗ។ ជាការចាំបាច់ណាស់ សម្រាប់ការចំណាយពេលក្រោយពីរំដោះខ្លួនចេញពីពិភពខាងក្រៅមកតាំងស្មារតីឲ្យបានស្ងប់ និងចាប់ផ្ដើមរៀបចំត្រៀមខ្លួនសម្រាប់ថ្ងៃថ្មីបន្ទាប់ និងការរក្សាភាពសំខាន់នៃតុល្យភាពរវាងការងារ និងជីវិតផ្ទាល់ខ្លួន។ ខាងក្រោមនេះ គឺជាចំណុចទាំង ៥យ៉ាងដែលមនុស្សជោគជ័យតែងធ្វើមុនពេលចូលគេង៖

១. អានសៀវភៅ

កត្តាធាតុផ្សំនៃភាពជោគជ័យរបស់បុគ្គលគ្រប់រូប មិនដែលប្រាសចាកពីទម្លាប់នៃការអានសៀវភៅឡើយ ព្រោះពួកគេដឹងថា គុណតម្លៃពីការអានសៀវភៅ នឹងជួយពួកគេឲ្យមានការគិតបានទូលំទូលាយជាងមុន និងជាដៃគូអមដំណើរពួកគេឆ្ពោះទៅរកជោគជ័យផងដែរ។

២. ចំណាយពេលវេលាដ៏មានតម្លៃជាមួយក្រុមគ្រួសារ

ភាពជោគជ័យផ្ដើមចេញពីសេចក្ដីសុខចេញពីក្នុងចិត្ត។ នៅពេលអ្នកបានរៀបចំពេលវេលាទុកសម្រាប់ការជួបជុំ និងពង្រឹងសម្ព័ន្ធភាពរបស់អ្នកជាមួយមិត្តភ័ក្ដិ និងគ្រួសារក្រោយពីការងារ អ្នកនឹងទទួលបានសេចក្ដីសុខ ហើយវាព្រមទាំងបានជួយអ្នកឲ្យបំពេញកិច្ចការទាំងឡាយប្រកបដោយប្រសិទ្ធភាពផងដែរ។

៣. រៀបចំគម្រង និងត្រៀមខ្លួនរួចជាស្រេចសម្រាប់ថ្ងៃថ្មី

ការរៀបចំសរសេរគម្រោងអំពីកិច្ចការអ្វីខ្លះដែលអ្នកត្រូវបំពេញនាថ្ងៃបន្ទាប់ ព្រមទាំងបានត្រៀមខ្លួនរួចរាល់សម្រាប់វាដោយស្រមៃនឹកគិតពីដំណើរការ និងលទ្ធផលវិជ្ជមានពីកិច្ចការទាំងនោះមុនពេលចូលគេងផងដែរនោះ នឹងជួយឲ្យអ្នកមានទំនុកចិត្តលើខ្លួនឯង និងសម្រេចកិច្ចការនោះបានយ៉ាងមានប្រសិទ្ធភាព និងផលិតភាពជាងមុន នៅពេលនោះអ្វីៗនឹងស្ថិតនៅក្នុងដែនកំណត់របស់អ្នកហើយ។

៤. រំដោះខ្លួនចេញពីពិភពខាងក្រៅ

រយៈពេលពេញមួយថ្ងៃ ផ្នែកអារម្មណ៍ ផ្នែកចិត្តគំនិត និងរាងកាយរបស់អ្នកបានទទួលឥទ្ធិពលពីភាពរញ៉េរញ៉ៃនៃពិភពខាងក្រៅជាច្រើនមកហើយ ហេតុនេះ ដើម្បីប្រមូលស្មារតី និងចិត្តគំនិតរបស់អ្នកឲ្យមានភាពនឹងនរវិញ អ្នកគួរផ្ដាច់ខ្លួនចេញពីឧបករណ៍ទាំងឡាយដែលនាំការរំខានដល់អ្នក ហើយងាកមកចំណាយពេលដ៏សមស្របមួយសម្រាប់នៅម្នាក់ឯង ដើម្បីបង្កើតនូវទំនាក់ទំនងដ៏មានអត្ថន័យជ្រាលជ្រៅជាមួយខ្លួនឯង។

៥. ទទួលទានដំណេកឲ្យបានគ្រប់គ្រាន់

តើអ្នកដឹងទេថា ការទទួលទានដំណេកឲ្យបានគ្រប់គ្រាន់ គឺជាកត្តារួមផ្សំដ៏សំខាន់ក្នុងការជម្រុញអ្នកឲ្យបំពេញការងារបានលទ្ធផលល្អ ? អ្នកមិនអាចធ្វើការដោយរំពឹងនូវលទ្ធផលអស្ចារ្យជាមួយភាពហត់នឿយអស់កម្លាំងពីការទទួលទានដំណេកមិនបានគ្រប់គ្រាន់នោះឡើយ៕

ប្រែសម្រួល៖ ស្រីពៅ

X
5s