​វិធី​ ៣​យ៉ាង​សម្រាប់​ផ្ដល់​កម្លាំងចិត្ត​ដល់​ខ្លួនឯង​នៅពេល​មាន «​អារម្មណ៍​ខ្ជិល​»​



អ្នកមានគំនរការងារមួយពំនូកនៅលើតុរង់ចាំឲ្យអ្នកបញ្ចប់វាឲ្យបានរួចរាល់ ប៉ុន្ដែឧបសគ្គពីអារម្មណ៍កម្ជិល និងគ្មានកម្លាំងចិត្តរបស់អ្នក តែងអូសទាញអ្នកមិនឲ្យបញ្ចប់កិច្ចការទាំងនោះជាញឹកញាប់។

នៅពេលនោះ អ្នកបានដើរមកដល់ជម្រើសពីរដែលតម្រូវឲ្យអ្នកជ្រើសរើស ថាតើអ្នកគួរតែនៅអង្គុយសំកុកមួយកន្លែងជាមួយអារម្មណ៍អស់សង្ឃឹម ហើយបណ្ដោយឲ្យការងារទាំងនោះគរជាគំនរកាន់តែខ្ពស់ទៅៗ ឬក៏អ្នកគួរព្យាយាមស្វែងរកវិធីផ្ដល់កម្លាំងចិត្តដល់ខ្លួនឯង ដើម្បីសម្រេចកិច្ចការនោះឲ្យមានប្រសិទ្ធភាព។ បើអ្នកជ្រើសរើសដើរផ្លូវទីពីរ ៣ចំណុចនេះនឹងជាជំនួយដល់អ្នក៖

១. បំបែកកិច្ចការធំជាជំហានតូចៗ៖ រូបភាពពីកិច្ចការធំ នឹងរងសម្ពាធផ្ដល់អារម្មណ៍ធុញថប់ និងអស់កម្លាំងចិត្តដល់អ្នក ដូច្នេះជាការចាំបាច់ ដែលអ្នកគួរបំបែកកិច្ចការធំៗទាំងនោះជាជំហានដែលផ្ដល់ជាដំណាក់កាលតូចៗសម្រាប់ប្រតិបត្តិ។ វិធីនេះមិនត្រឹមតែមានភាពងាយស្រួលសម្រាប់អ្នកក្នុងការសម្រេចបានជាលទ្ធផលនោះទេ ប៉ុន្ដែវាថែមទាំងធ្វើឲ្យអ្នកមានកម្លាំងចិត្តទៀតផង។

២. ផ្ដោតទៅលើកិច្ចការមួយៗ៖ ដូចគ្នាដែរ នៅពេលអ្នកឃើញការងារជាច្រើនដែលត្រូវឲ្យអ្នកបញ្ចប់ អ្នកអាចទទួលអារម្មណ៍ធុញថប់ ដែលជាហេតុរាំងស្ទះដល់ដំណើរការសម្រេចកិច្ចការរបស់អ្នក។ ដូច្នេះ ការផ្ដោតទៅលើកិច្ចការតែម្យ៉ាង អាចជាកិច្ចការដែលសំខាន់ជាងគេមុន យកវាមកធ្វើ នោះអ្នកនឹងយល់ថាមានភាពងាយស្រួលក្នុងការធ្វើវាជាងមុន ហើយអ្នកនឹងមានកម្លាំងចិត្តធ្វើកិច្ចការដទៃៗទៀតដែលនៅសេសសល់បាន។

៣. ផ្ដល់រង្វាន់លើកទឹកចិត្តខ្លួនឯង៖ អ្នកអាចដាក់កំណត់ខ្លួនឯងដោយការផ្ដល់រង្វាន់លើកទឹកចិត្ត ដរាបណាអ្នកបានបញ្ចប់កិច្ចការនីមួយៗបានសម្រេច។ វាអាចជាអ្វីដែលអ្នកពេញចិត្ត ឬគ្រាន់តែជាការសម្រាកហើយធ្វើអ្វីដែលខ្លួនចូលចិត្តវិញ៕

ប្រែសម្រួល៖ ស្រីពៅ

X
5s