ជំនាញប្រាស្រ័យទាក់ទងទាំង ៤ដ៏មានឥទ្ធិពល ដែលមនុស្សគ្រប់គ្នាគួររៀនសូត្រឱ្យបានយ៉ាងហោចណាស់
ឥទ្ធិពលនៃពាក្យសម្ដីរបស់អ្នក អាចបង្កើតនូវសម្ពន្ធភាពមួយដ៏ស្អិតរមួត ប្រកបដោយការយល់ចិត្តយល់ថ្លើមគ្នាទៅវិញទៅមក ឬជាសម្ពន្ធភាពមួយដែលមានភាពល្អក់កករនឹងគ្នាកើតឡើងដោយសារការយល់ច្រឡំចំពោះគ្នាបាន។ ចំណុចនេះ បានឆ្លុះបញ្ចាំងឲ្យឃើញពីភាពសំខាន់នៃការប្រាស្រ័យទាក់ទងទៅលើគុណភាពនៃសម្ពន្ធភាពក្នុងជីវិតអ្នក។ ការយល់ដឹងពីរបៀបនៃការប្រាស្រ័យទាក់ទងបែបណាទើបអាចបណ្ដុះបាននូវទំនាក់ទំនងរបស់អ្នក និងមនុស្សជុំវិញខ្លួនឲ្យប្រព្រឹត្តទៅដោយភាពវិជ្ជមាន នឹងបង្កើតបាននូវទំនុកចិត្តរវាងគ្នា ការយល់ចិត្តគ្នា និងឈានទៅដល់ការបំពេញប្រយោជន៍ឲ្យគ្នាទៅវិញទៅមកបានយ៉ាងគាប់ប្រសើរផងដែរ។ ខាងក្រោមនេះ គឺជាចំណុចទាំង៤ដែលនិយាយអំពីជំនាញក្នុងការប្រាស្រ័យទាក់ទងដែលមនុស្សគ្រប់រូបគួររៀនសូត្រ៖
១. កាយវិការ ទោះជាពាក្យសម្ដីរបស់អ្នកមានឥទ្ធិពលយ៉ាងណាក៏ដោយ ប្រសិនបើកាយវិការរបស់អ្នកមិនបង្ហាញពីជំនឿជាក់ និងភាពរួសរាយរាក់ទាក់របស់អ្នកទេនោះ អ្នកនឹងគ្មានឥទ្ធិពលអ្វីទៅលើពួកគេនោះឡើយ។ អ្នកត្រូវចាប់ផ្ដើមការនិយាយរបស់អ្នក ដោយសម្លឹងមើលកែវភ្នែកអ្នកដទៃ បន្ថែមនូវស្នាមញញឹមដែលប្រកបដោយភាពរួសរាយ និងភាពស្និទ្ធស្នាលឲ្យបានច្រើន ព្រមទាំងចៀសវាងនូវកាយវិការទាំងឡាយណាដែលចាត់ទុកថាមិនសមរម្យ។
២. យកចិត្តទុកដាក់ស្ដាប់យ៉ាងសកម្ម ការប្រាស្រ័យទាក់ទងមួយដែលល្អ មិនមែនគ្រាន់តែជាការប្រើប្រាស់ពាក្យសម្ដី និងកាយវិការឲ្យបានសមរម្យនោះទេ អ្នកត្រូវបណ្ដុះទម្លាប់ក្នុងការស្ដាប់ដៃគូរបស់អ្នកដោយការយកចិត្តទុកដាក់ និងស្ដាប់ចេញពីចិត្ត ព្រមទាំងយល់បានច្បាស់ពីខ្លឹមសារដែលពួកគេកំពុងនិយាយផងដែរ។ ម្យ៉ាងទៀត អ្នកត្រូវប្រើប្រាស់ភាពសកម្មរបស់អ្នក ដោយធ្វើការឆ្លើយតបទៅពួកគេវិញតាមរយៈកាយវិការដែលបង្ហាញពីការយកចិត្តទុកដាក់របស់អ្នកចំពោះគេ ដូចជាការងក់ក្បាល ការញញឹម និងការផ្ដល់នូវមតិដែលមានប្រយោជន៍មួយចំនួនទៅវិញផងដែរ នៅពេលនោះ អ្នកនឹងបានពង្រីកឥទ្ធិពលរបស់ខ្លួនក្នុងការប្រាស្រ័យទាក់ទងពួកគេបានកាន់តែប្រសើរជាងមុនមិនខានឡើយ។
៣. ការដោះស្រាយភាពមិនចុះសម្រុងគ្នា ថ្វីបើមនុស្សភាគច្រើនជ្រើសរើសចៀសវាងពីភាពទាស់ទែងគ្នា ក៏ព្រោះតែពួកគេរៀងខ្លួនមិនចង់ទទួលនូវអារម្មណ៍ល្អក់កករ និងការឈឺចាប់ តែការដោះស្រាយភាពមិនចុះសម្រុងគ្នាទាំងឡាយជាមួយដៃគូសន្ទនារបស់អ្នក គឺជារឿងមួយដ៏សំខាន់បំផុតក្នុងការរក្សាបាន និងពង្រឹងនូវសម្ពន្ធភាពរបស់អ្នកជាមួយពួកគេ។ កាលណាអ្នកបានគ្រប់គ្រងទៅលើអារម្មណ៍របស់អ្នកបាន ដោយឆ្លើយតបទៅកាន់ពួកគេវិញជាមួយការតាំងចិត្តឲ្យស្ងប់ មិនព្យាយាមនិយាយការពារខ្លួនឯង និងមានការគោរពចំពោះគ្នា នោះគំនិតរបស់អ្នកក៏នឹងទទួលបានការស្ដាប់ពីអ្នកដទៃ រហូតឈានដល់ការសម្របសម្រួលគ្នាមួយយ៉ាងពេញចិត្តពេញថ្លើម។
៤. ចោទសួរនូវសំណួរដ៏ល្អ សំណួរដែលមានលក្ខណៈបើកចំហ ដែលបំផុសពីអារម្មណ៍ដែលកប់ជ្រៅនៅក្នុងជម្រៅចិត្តរបស់ពួកគេទៅលើហេតុការណ៍សំខាន់ណាមួយ គឺជាសំណួរដែលបង្ហាញពីការយកចិត្តទុកដាក់របស់អ្នកទៅលើពួកគេ និងចំណាប់អារម្មណ៍របស់អ្នកចំពោះការប្រាស្រ័យទាក់ទងនោះ ដែលវានឹងលើកទឹកចិត្តពួកគេឲ្យបើកចំហក្នុងការចែករំលែកពីខ្លួនពួកគេកាន់តែច្រើនជាងមុន។ ម្យ៉ាងទៀត អ្នកមិនត្រូវចូលទៅនិយាយកាត់ពួកគេ នៅពេលភាពស្ងប់ស្ងាត់បានលេចមកនោះទេ ព្រោះថាអាចជាភាពស្ងប់ស្ងាត់មួយរំពេចនេះហើយ ដែលជាឲកាសឲ្យពួកគេនិយាយពីរឿងក្នុងចិត្តប្រាប់អ្នកច្រើនជាងមុននោះ៕
ប្រែសម្រួល៖ ស្រីពៅ