យុទ្ធសាស្ត្រ ៣យ៉ាងក្នុងការសន្សំលុយសម្រាប់អាជីវកម្មថ្មីថ្មោង
ពិតណាស់ ដើម្បីដំណើរការអាជីវកម្មមួយបាន អ្នកចាំបាច់ត្រូវមានដើមទុនក្នុងបរិមាណដ៏ច្រើនសម្រាប់ចំណាយទៅលើរឿងសំខាន់ៗជាច្រើន។ យ៉ាងណាមិញ ជាមួយយុទ្ធសាស្ត្រទាំង៣យ៉ាងដែលបង្ហាញខាងក្រោមនេះ អ្នកអាចបើកដំណើរការអាជីវកម្មរបស់អ្នកបានដោយមិនចាំបាច់ព្រួយបារម្ភពីការចំណាយដើមទុនច្រើននោះឡើយ៖
១) ទិញនូវសម្ភារៈដែលមានការប្រើប្រាស់រួចម្ដងហើយ៖ ទាំងឧបករណ៍ប្រើប្រាស់ផ្សេងៗ និងគ្រឿងសង្ហារិម ដែលចាំបាច់ត្រូវប្រើប្រាស់ក្នុងអាជីវកម្មរបស់អ្នក ការទិញសម្ភារៈដែលមានការប្រើប្រាស់រួចម្ដងហើយ អាចពីអ្នកលក់បន្ត កន្លែងលក់ដេញថ្លៃ ឬនៅលើwebsiteរបស់eBay គឺជាជម្រើសដ៏ល្អមួយសម្រាប់សន្សំសំចៃលុយដែលត្រូវចំណាយទៅលើអាជីវកម្មថ្មីថ្មោងរបស់អ្នក។ រីឯ កុំព្យូទ័រក៏មិនខុសគ្នាដែរ ឲ្យតែវាត្រូវបានគេជួសជុលរួចសារជាថ្មី និងមានប័ណ្ណធានាត្រឹមត្រូវ នោះអ្នកអាចប្រើការវាបានហើយ។
២) ចាប់ផ្ដើមអាជីវកម្មនៅផ្ទះ៖ ជម្រើសពីការចាប់ផ្ដើមអាជីវកម្មនៅផ្ទះ គឺអាចជួយអ្នកក្នុងការសន្សំសំចៃការចំណាយបានច្រើនដែលត្រូវបម្រុងនឹងចាយទៅលើថ្លៃជួលកន្លែង និងឧបករណ៍ប្រើប្រាស់ជាដើម។ យ៉ាងណាមិញ អ្នកក៏ត្រូវធ្វើការត្រួតពិនិត្យឲ្យបានល្អិតល្អន់ទៅលើថាតើ តំបន់រស់នៅរបស់អ្នកបានបង្កជាលក្ខណៈសមរម្យសម្រាប់អ្នកក្នុងការប្រកបរបរអាជីវកម្មដែរឬអត់ ព្រោះថាសកម្មភាពនៃការដឹកជញ្ជូនទំនិញ ឬការមានភ្ញៀវអ៊ូអរចេញចូលជាប្រចាំបែបនេះ អាចផ្ដល់ផលប៉ះពាល់ដល់គុណភាពនៃការរស់នៅរបស់អ្នកជិតខាងដទៃទៀតរបស់អ្នកបាន។
៣) គិតទៅរកប្រព័ន្ធឌីជីថល៖ នៅក្នុងសម័យដែលបច្ចេកវិទ្យាបានបើកចំហឲ្យមានការប្រើប្រាស់ជាលក្ខណៈទូលំទូលាយបែបនេះ ការបើកអាជីវកម្មដោយពឹងផ្អែកទៅលើប្រព័ន្ធឌីជីថល គឺជារឿងមួយដែលមានភាពងាយស្រួល និងចំណាយអស់តិចតួចបំផុត។ អ្នកអាចចាប់ផ្ដើមដោយបង្កើតគេហទំព័រផ្ទាល់ខ្លួនមួយសម្រាប់អាជីវកម្មរបស់អ្នក បន្ទាប់មកបង្កើតនូវaccountក្នុងបណ្ដាញទំនាក់ទំនងសង្គម នៅពេលនោះអ្នកអាចឲ្យអតិថិជនស្គាល់ពីផលិតផល ឬសេវាកម្មរបស់អ្នកបានដោយប្រើប្រាស់ពាក្យពេចន៍ផ្សព្វផ្សាយដោយមិនចាំបាច់ចំណាយលុយ និងប្រើប្រាស់នូវSEO(Search Engine Optimization)សម្រាប់បើកចំហឲ្យអតិថិជនមានឪកាសស្គាល់ពីអ្នកបានកាន់តែច្រើនផងដែរ៕
ប្រែសម្រួល៖ ស្រីពៅ ប្រភព៖ corpnet.com