​​ចង់​បណ្ដុះ​ជំនាញ​ដោះស្រាយ​បញ្ហា​យ៉ាង​មាន​ប្រសិទ្ធភាព​ទេ អនុវត្តន៍ចំណុចទាំងនេះ​



ក្នុងពិភពលោកដែលកើតមានការផ្លាស់ប្ដូរមិនឈប់ឈរនេះ បញ្ហាដ៏ស្មុគស្មាញរាប់មិនអស់ក៏បានដេញតាមពីក្រោយបង្កជាភាពលំបាកដល់មនុស្សក្នុងការប្រឈមមុខ និងរកដំណោះស្រាយទប់ស្កាត់ការរាលដាលរបស់វា។ ហេតុនេះ ការមានសមត្ថភាពក្នុងការដោះស្រាយបញ្ហាស្មុគស្មាញទាំងនោះ គឺជាជំនាញមួយដ៏សំខាន់សម្រាប់ជាជំនួយការរបស់មនុស្សម្នាក់ៗ។ ជំនួយការដ៏អស្ចារ្យទាំង៣ខាងក្រោមនេះ គឺជាវិធីសាស្ត្រដែលនឹងជួយអ្នកយកទៅអនុវត្តបានយ៉ាងមានប្រសិទ្ធភាព៖

១)  បំផុសការគិតកំឡុងពេលងូតទឹក

តើអ្នកធ្លាប់មានការងឿងឆ្ងល់ដែរទេ ថាហេតុអ្វីបានជាគំនិតដ៏អស្ចារ្យណាមួយតែងផុសឡើងនូវកំឡុងពេលអ្នកងូតទឹក ? វាអាចទៅជាដូច្នេះបាន ដោយសារការគិតរបស់អ្នកនាពេលនោះ មានភាពធូរស្បើយ សម្រាកពីភាពតានតឹងនៃបញ្ហាទាំងឡាយ ដូច្នេះ វាជាឪកាសសម្រាប់ខួរក្បាលរបស់អ្នកបើកផ្លូវឲ្យគំនិតច្នៃប្រឌិតកើតមានឡើង ដែលអ្នកតែងមិនបានរំពឹងទុកជាមុន។ ក្រៅពីការងូតទឹក អ្នកនៅមានវិធីសាស្ត្រដទៃទៀត ដែលអនុញ្ញាតឲ្យខួរក្បាលរបស់អ្នកបានសម្រាកសម្រាប់បើកចំហនូវគំនិតច្នៃប្រឌិតដូចជា ការធ្វើលំហាត់ប្រាណ ការភាវនា ការដើរ និងការស្ដាប់ចម្រៀងជាដើម។

២) ការគិតបែបបញ្ច្រាស 

សម្រាប់អ្នកដែលទម្លាប់មានការគិតប្រកបដោយសម្បជញ្ញៈ ឬចេតនា និងមានលក្ខណៈយុទ្ធសាស្ត្រ វាអាចជាការលំបាកចំពោះពួកគេក្នុងការបំផុសឲ្យមានគំនិតច្នៃប្រឌិតឡើង។ ដូច្នេះ វិធីសាស្ត្រដ៏ឆ្លាតវៃមួយទៀត គឺជាការបង្រៀនការគិតរបស់អ្នកឲ្យស្វែងរកដំណោះស្រាយដែលបញ្ច្រាសពីបញ្ហាជាក់ស្ដែងដែលកើតឡើង។ ឧទាហរណ៍ថា បើអ្នកកំពុងព្យាយាមស្វែងរកវិធីណាដែលអ្នកអាចចំណាយតិចបំផុតក្នុងការធ្វើអ្វីមួយ អ្នកត្រូវគិតពីវិធីណាដែលអ្នកនឹងចំណាយច្រើនបំផុតជំនួសវិញ ឬបើអ្នកចង់រក្សាទុកអតិថិជនរបស់អ្នកឲ្យបានយូរអង្វែង អ្នកត្រូវគិតពីវិធីដែលនាំពួកគេឲ្យចេញឆ្ងាយពីអ្នកវិញជាដើម។

៣) លេងល្បែងផ្គុំរូបដែលមានលក្ខណៈស្មុគស្មាញ

តាមការសិក្សាមួយចំនួន បានលើកឡើងពីអត្ថប្រយោជន៍នៃការលេងgame ដែលជួយពង្រឹងការចងចាំរបស់អ្នកឲ្យកាន់តែប្រសើរជាងមុន ថែមទាំងបង្កើននូវរយៈពេលកំណត់នៃការផ្ដោតអារម្មណ៍របស់អ្នកផងដែរ ដែលប្រយោជន៍ទាំងនេះកើតមានជាពិសេសទៅលើល្បែងផ្គុំរូបនេះឯង។ មិនតែប៉ុណ្ណោះ ល្បែងនេះមានសមត្ថភាពបង្កើននូវតួនាទីនៃការអនុវត្តផែនការឲ្យកើតជាការប្រតិបត្តិជាក់ស្ដែងបានដោយជោគជ័យផងដែរ៕

ប្រែសម្រួល៖ ស្រីពៅ

ប្រភព៖ addicted2success.com  

X
5s