មូលហេតុ ៣យ៉ាង ដែលនាំឲ្យអាជីវកម្មជាច្រើនត្រូវបរាជ័យ
ដោយមើលឃើញពីភាគជោគជ័យរបស់មនុស្សជាច្រើននៅក្នុងការធ្វើអាជីវកម្ម វាបានអូសទាញឲ្យមនុស្សជាច្រើនផ្សេងទៀតមានក្ដីសុបិន និងចាប់ផ្ដើមបោះជំហានចូលប្រឡូកនៅក្នុងវិស័យជំនួញនេះជាបន្តបន្ទាប់ផងដែរ។ ជោគជ័យប្រៀបបានដូចជាផ្ទាំងទឹកកកអណ្ដែតនៅលើផ្ទៃទឹកសមុទ្រ ដែលគ្រប់គ្នាបានមើលឃើញវាយ៉ាងជាក់ស្ដែង ប៉ុន្តែអ្នកមិនដឹងថា នៅពីក្រោមផ្ទាំងទឹកកកដែលតំណាងឲ្យភាពជោគជ័យរបស់បុគ្គលម្នាក់ មានអ្វីខ្លះជាធាតុផ្សំដែលផ្គុំបង្កើតបានជាសមិទ្ធផលដ៏អស្ចារ្យនៅក្នុងជីវិតនោះឡើយ។
ការខ្វះខាតនូវចំណេះដឹង ជំនាញ បទពិសោធន៍ ចិត្តអំណត់អត់ធន់ និងកត្តាផ្សេងទៀតជាច្រើន បានទាញទម្លាក់មនុស្សជាច្រើនឲ្យប្រឈមនឹងការបរាជ័យនៅក្នុងអាជីវកម្មរបស់ពួកគេ។ ខាងក្រោមនេះ គឺជាមូលហេតុ៣យ៉ាងដែលជាដើមចមនៃការបរាជ័យទាំងនោះ៖
១) អ្នកផ្ដើមធ្វើជំនួញជាមួយមូលហេតុដែលមិនត្រឹមត្រូវ
បើមូលហេតុដែលជំរុញអ្នកឲ្យចាប់ផ្ដើមធ្វើជំនួញ ក៏ព្រោះតែអ្នកចង់បានប្រាក់កម្រៃច្រើន នោះវានឹងមិន៖ធ្វើឲ្យអ្នកជោគជ័យនោះឡើយ ព្រោះការចង់បានប្រាក់តែម្យ៉ាង នឹងមិនធ្វើឲ្យអ្នកអាចទប់ជ្រែងបានជាមួយស្ថានការណ៍លំបាកបានយូរអង្វែងនោះឡើយ។ ផ្ទុយទៅវិញ អ្នកគួរចាប់ផ្ដើមនូវអាជីវកម្មដោយមានមូលហេតុដែលសមរម្យ តាមរយៈការបានធ្វើការសិក្សាស្រាវជ្រាវពីទីផ្សារ ថាតើផលិតផលរបស់អ្នកសមស្របទៅតាមតម្រូវការអតិថិជនឬអត់ និងការមានឆន្ទៈពុះពោរក្នុងការរៀនសូត្រពីរាល់កំហុសឆ្គងរបស់ខ្លួនដែលនាំទៅរកភាពបរាជ័យ ហើយក៏ត្រូវតែជាមូលហេតុតែម្យ៉ាងដែលផ្ដល់កម្លាំងចិត្តឲ្យអ្នកតស៊ូយកឈ្នះការលំបាកបានរហូតតទៅដែរ។
២) កម្សោយនៃការគ្រប់គ្រង
កម្សោយនៃការគ្រប់គ្រង គឺជាមូលហេតុដ៏ចម្បងបំផុតដែលនាំអាជីវកម្មជាច្រើនធ្លាក់ទៅក្នុងសភាពងើបមិនរួចពីការដួលរលំ។ អ្នកត្រូវមានភាពឆ្លាតវៃក្នុងការជួលអ្នកជំនាញឲ្យមកជួយអ្នកមើលការខុសត្រូវទៅលើផ្នែកផ្សេងៗ ដែលជាធាតុសំខាន់ក្នុងការទ្រទ្រង់អាជីវកម្មរបស់អ្នកឲ្យដើរទៅមុខដូចជា ហិរញ្ញវត្ថុ ផ្នែកទិញនិងលក់ផលិតផល ការជួលបុគ្គលិក និងការគ្រប់គ្រងពួកគេជាដើម។ មិនតែប៉ុណ្ណោះ អ្នកក៏ត្រូវមានការរៀបចំខ្លួនឲ្យបានល្អទុកជាមុនជានិច្ច តាមរយៈការស្រាវជ្រាវទៅលើទីផ្សារ និងទិន្នន័យអតិថិជនជាប់ជាប្រចាំផងដែរ។ អ្នកគ្រប់គ្រងដ៏ល្អម្នាក់ ក៏ត្រូវចេះជ្រើសរើសអ្នកមានជំនាញ និងសមត្ថភាពមកសម្រេចកិច្ចការឲ្យទៅដល់គោលដៅបានដោយជោគជ័យ ហើយអ្នកគ្រប់គ្រងនោះក៏ត្រូវមានជំនាញការគិតបែបយុទ្ធសាស្ត្រ មានចក្ខុវិស័យវែងឆ្ងាយ និងដាក់ផែនការយ៉ាងណាឲ្យសម្រេចបានជោគជ័យផងដែរ។
៣) កង្វះខាតនូវហិរញ្ញវត្ថុ
មូលហេតុដ៏ចម្បងមួយទៀត ដែលនាំឲ្យអាជីវកម្មជាច្រើនប្រឈមនឹងការក្ស័យធន គឺជាកង្វះខាតនូវហិរញ្ញវត្ថុ ដែលមានរឹសគល់មកពីកង្វះខាតនូវចំណេះដឹងពីហិរញ្ញវត្ថុ ថាតើពួកគេត្រូវការដើមទុនប៉ុន្មានសម្រាប់ដំណើរការណ៍អាជីវកម្មរបស់ពួកគេ ម្យ៉ាងទៀតប្រាក់សម្រាប់បើកអាជីវកម្មមិនមែនជាកត្តាសំខាន់តែម្យ៉ាងដែលអ្នកត្រូវយកចិត្តទុកដាក់នោះទេ ប្រាក់សម្រាប់ទ្រទ្រង់អាជីវកម្មរបស់អ្នកឲ្យមានជីវិតរស់រានទៅមុខពីមួយថ្ងៃទៅមួយថ្ងៃ ក៏ជាចំណុចសំខាន់ដែលអ្នកមិនត្រូវមើលរំលងដែរ ទម្រាំតែអ្នកអាចទទួលបានចំណូលពីការលក់របស់អ្នកនោះ៕
ប្រែសម្រួល៖ ស្រីពៅ
ប្រភព៖ www.businessknowhow.com