ក្រោយពេលការធ្វើដំណើរកម្សាន្ត អ្នកនឹងអាចផ្លាស់ប្ដូរឥរិយាបថជាវិជ្ជមាន៣យ៉ាងនេះ
តើអ្នកធ្លាប់សង្កេតពីឥរិយាបថរបស់អ្នក ផ្លាស់ប្ដូរទៅជាវិជ្ជមានបែបណាខ្លះដែរឬទេ ក្រោយពីត្រឡប់មកពីដំណើរកម្សាន្តមួយដែលជាការចងចាំដ៏ល្អមិនអាចបំភ្លេចបាននោះ ? ការធ្វើដំណើរកម្សាន្ត មិនត្រឹមតែផ្ដល់នូវអត្ថប្រយោជន៍ដែលជួយកាត់បន្ថយនូវអារម្មណ៍ស្មុគស្មាញពីបញ្ហាក្នុងជីវិតប្រចាំថ្ងៃ និងជំនួសមកវិញនូវអារម្មណ៍ស្រស់ស្រាយ ស្ងប់សុខប៉ុណ្ណោះទេ តែវាថែមទាំងជួយផ្លាស់ប្ដូរឥរិយាបថរបស់អ្នកឲ្យទៅជាវិជ្ជមាន ដែលនឹងជួយលើកកម្ពស់គុណភាពជីវិតរបស់អ្នកទៅលើផ្នែកមួយចំនួនផងដែរ។ ខាងក្រោមនេះដែរ គឺជាការផ្លាស់ប្ដូរឥរិយាបថបែបវិជ្ជមានទាំង៣ ដែលអ្នកទទួលបានក្រោយពីដំណើរកម្សាន្ត៖
១) អ្នកនឹងកាន់តែមានទំនុកចិត្តលើខ្លួនឯងជាងមុន៖ ការធ្វើដំណើរកម្សាន្តជំរុញអ្នកឲ្យមានភាពក្លាហាន និងទំនុកចិត្តជាងមុនក្រោយពីអ្នកបានចាកចេញពីតំបន់មានស្ថិរភាពរបស់ខ្លួន ហើយវានឹងនាំអ្នកទៅកាន់ទីកន្លែងថ្មីៗ ជួបមនុស្សថ្មីៗ ដែលបង្កើតនូវបទពិសោធន៍ថ្មីៗសម្រាប់អ្នក និងបណ្ដុះឲ្យមាននូវអារម្មណ៍ដែលបើកចំហចិត្តទូលំទូលាយ ដែលមានផលវិជ្ជមានយ៉ាងច្រើនសម្រាប់ទំនាក់ទំនងអ្នកជាមួយខ្លួនឯង និងមនុស្សជុំវិញខ្លួនប្រកបដោយភាពមានទំនុកចិត្ត ក៏ដូចជាការច្នៃប្រឌិតផងដែរ។
២) អ្នកនឹងពោរពេញទៅដោយថាមពលនៃជំនក់ចិត្ត៖ ការទទួលបាននូវបទពិសោធន៍នៃភាពសប្បាយរីករាយ និងអារម្មណ៍ស្រស់ថ្លាពីដំណើរកម្សាន្តដ៏មានតម្លៃសម្រាប់ការចងចាំរបស់អ្នក នឹងបង្កើតនូវថាមពលនៃជំនក់ចិត្តក្នុងការរៀនសិក្សាស្វែងយល់កាន់តែច្រើនពីបទពិសោធន៍ថ្មីៗទាំងឡាយដែលនៅជុំវិញខ្លួនអ្នក។ មិនតែប៉ុណ្ណោះ ថាមពលនៃជំនក់ចិត្តដែលអ្នកទទួលបានពីការធ្វើដំណើរកម្សាន្ត ក៏អាចផ្ដល់ជាប្រយោជន៍ដល់អ្នកក្នុងការប្រើប្រាស់ទៅលើទម្លាប់ប្រចាំថ្ងៃ ដើម្បីផលិតបាននូវការងារដែលមានផលិតភាពខ្ពស់ និងប្រសិទ្ធភាពខ្ពស់ផងដែរ។
៣) ការចង់ដឹងចង់ឮនឹងនាំអ្នកទៅកាន់កន្លែងចាប់ផ្ដើមថ្មីមួយទៀត៖ ការចង់ដឹងចង់ឮ គឺជាផលិតផលដែលទទួលបានពីថាមពលនៃជំនក់ចិត្ត។ ម្យ៉ាងទៀត ការចង់ដឹងចង់ឮ នឹងនាំអ្នកទៅរកការសាកល្បងអ្វីថ្មីៗ ជំរុញអ្នកឲ្យមានការអភិវឌ្ឍទៅមុខជាបន្តបន្ទាប់ និងបើកឲកាសឲ្យអ្នកទៅកាន់កន្លែងចាប់ផ្ដើមថ្មីមួយទៀតល្អប្រសើរជាងមុនផងដែរ៕
ប្រែសម្រួល៖ ស្រពៅ ប្រភព៖ www.lifehack.org