លោក Earl Nightingale អ្នកនិពន្ធអាមេរិក៖ «បើមានគោលដៅច្បាស់ ប្រាកដណាស់ថា អ្នកនឹងជោគជ័យ»
លោក Earl Nightingale ជាបុគ្គលដែលមានស្នាដៃខាងផ្នែកនិពន្ធ ហើយលោកធ្លាប់បានលើកឡើងថា៖ «មនុស្សដែលមានគោលដៅច្បាស់លាស់ក្នុងជីវិត គឺប្រាកដជោគជ័យ ព្រោះគេដឹងច្បាស់ថា ខ្លួនត្រូវទៅទីណា»។
ក្នុងន័យនេះ Earl Nightingaleចង់បញ្ជាក់ថា ការកំណត់គោលដៅក្នុងជីវិត គឺពិតជាសំខាន់ខ្លាំងណាស់ ដែលមនុស្សម្នាក់ៗមិនត្រូវមើលរំលងនោះឡើយ។ គោលដៅ គឺជាចំណុចដែលយើងត្រូវទៅ ដូច្នេះហើយ មិនថាជួបការលំបាក ឬ បញ្ហាអ្វីនោះទេ ប្រសិនបើមិនបោះបង់ ឬ មិនព្រមចុះចាញ់ ប្រាកដណាស់ថា អ្នកនឹងទៅដល់វាមិនខាន។ ផ្ទុយទៅវិញ ប្រសិនបើអ្នកគ្មានគោលដៅច្បាស់លាស់នោះទេ គឺប្រៀបដូចជា ការជិះទូកនៅកណ្ដាលមហាសាគរ ដោយមិនដឹងថា ខ្លួនគួរទៅទីណាឲ្យប្រាកដ។ ហេតុដូច្នេះហើយ ក្នុងនាមជាមនុស្ស គឺត្រូវតែកំណត់គោលដៅរបស់ខ្លួនឲ្យច្បាស់ថា ខ្លួនចង់ធ្វើអ្វី ឬ ចង់ទៅទីណា ហើយប្រឹងប្រែងគ្រប់យ៉ាងដើម្បីសម្រេចវា៕