ដំណាក់កាលសំខាន់ៗទាំង៥យ៉ាង នៃដំណើរជីវិតឆ្ពោះទៅកាន់ភាពជាសហគ្រិនដ៏ជោគជ័យ​



មុននឹងឈានទៅដល់ភាពជាសហគ្រិនដ៏ជោគជ័យមួយរូប មិនថាអ្នកឬសហគ្រិនដទៃផ្សេងទៀតនោះទេ សុទ្ធតែត្រូវឆ្លងកាត់ដំណាក់កាលមួយជំហានៗ ទាំងភាពត្រេកអរពីការសម្រេចបានតាមការរំពឹងទុក និងភាពខកបំណងពីលទ្ធផលបរាជ័យទាំងឡាយ។

ការផ្លាស់ប្ដូរពីបុគ្គលិកក្រុមហ៊ុនមកជាសហគ្រិនវិញ ទាមទារឲ្យអ្នកមានភាពក្លាហានគ្រប់គ្រាន់ក្នុងការហ៊ានប្រថុយនឹងការផ្លាស់ប្ដូរពីជីវិតដែលមានស្ថិរភាពពីការងារ និងប្រាក់ខែដែលអ្នកទទួលបាន ទៅជាជីវិតមួយដែលមានតែការប្រថុយប្រថាន មិនអាចស្មានដឹងទុកជាមុនថានឹងមានការផ្លាស់ប្ដូរបែបណាខ្លះនៅពេលវេលាបន្តិចទៀតនេះ។ ត្រង់ចំណុចនេះ អ្វីដែលសំខាន់បំផុត គឺជាឆន្ទៈរបស់អ្នកក្នុងការចង់សម្រេចវាឲ្យបានជោគជ័យ នោះអ្នកនឹងពិតជាសម្រេចវាបាន។ ខាងក្រោមនេះ គឺជាដំណាក់កាលសំខាន់ៗទាំង៥នៃដំណើរជីវិតឆ្ពោះទៅកាន់ភាពជាសហគ្រិន៖

១) ការសម្រេចចិត្ត៖ ចាប់ផ្ដើមពីដំណាក់កាលដំបូងនៃការក្លាយខ្លួនជាសហគ្រិន គឺជាការសម្រេចចិត្តថាអ្នកនឹងត្រូវធ្វើវា នៅពេលនោះហើយដែលដំណើរជីវិតឆ្ពោះទៅកាន់ភាពជាសហគ្រិនរបស់អ្នកបានបើកផ្លូវសម្រាប់អ្នក។

២) ភាពមិនស្ថិតស្ថេរនៃអារម្មណ៍របស់អ្នក៖ នៅពេលចាប់ផ្ដើមដំបូង អ្នកនឹងស្វែងយល់ពីខ្លួនឯងថា អារម្មណ៍របស់អ្នកពោរពេញទៅដោយភាពសប្បាយរីករាយ រំភើបត្រេកអរ សុទិដ្ឋិនិយមដែលមើលឃើញរាល់ភាពដែលអាចទៅរួចទាំងឡាយនៅក្នុងផ្លូវវិជ្ជមាន ប៉ុន្តែក្រោយពីការវិវត្តទៅមុខដោយសន្សឹមៗហើយ អ្នកនឹងមានភាពភ័យខ្លាច ព្រួយបារម្ភ ពីការផ្លាស់ប្ដូរដែលអាចកើតមានឡើងគ្រប់ពេលមិនថាល្អ ឬអាក្រក់នោះឡើយ។ ប៉ុន្តែក្រោយពីអ្នកអាចយកឈ្នះឧបសគ្គទាំងឡាយបានដោយជោគជ័យជាបន្តបន្ទាប់ហើយ អារម្មណ៍ពុះកញ្ជ្រោលរបស់អ្នកក្នុងការសម្រេចទៅឲ្យដល់គោលដៅរបស់អ្នកក៏បានផុសឡើងសារជាថ្មី ដែលពង្រឹងភាពរឹងមាំរបស់អ្នកកាន់តែខ្លាំងជាងមុន។

៣) ភាពឯកោ៖ ក្នុងដំណាក់កាលដំបូងនៃភាពជាសហគ្រិនរបស់អ្នក អ្នកនឹងទទួលបាននូវបទពិសោធន៍ពីរយ៉ាងពីមនុស្សជុំវិញខ្លួន គឺអ្នកដែលមិនទុកចិត្តទៅលើអ្នកហើយគិតថាគំនិតរបស់អ្នកនឹងមិននាំអ្នកទៅកាន់ជោគជ័យឡើយ និងអ្នកដែលទុកចិត្តនិងឲ្យតម្លៃទៅលើផ្លូវដើរថ្មីរបស់អ្នក។ នៅពេលនោះ គំនិតនៃការមិនទុកចិត្តទៅលើសមត្ថភាពរបស់ខ្លួនឯងបានលេចឡើងមកចំពោះអ្នក ដែលធ្វើឲ្យអ្នកមានភាពរួញរាក្នុងការបន្តផ្លូវដើរមួយនេះតទៅមុខទៀត។ អ្នកចាប់ផ្ដើមប្រឈមនឹងឧបសគ្គជាច្រើន ទាំងការខាតបង់ពីការចំណាយច្រើនជាងប្រាក់ចំណូលដែលទទួលបាន ចំនួនអតិថិជនមានការថយចុះ និងការបាត់បង់ដៃគូសហការ ដែលធ្វើឲ្យអ្នកធ្លាក់ទឹកចិត្តក្នុងការបន្តទៅមុខ។

៤) ឆន្ទៈ និងការប្ដេជ្ញាចិត្តពុះពារ៖ ការលំបាកទាំងឡាយបានពង្រឹងស្មារតី និងចិត្តគំនិតរបស់អ្នកឲ្យរឹងមាំជាងមុនទ្វេដង ហើយអ្នកក៏ចាប់ផ្ដើមទម្លុះទ្វារនៃរនាំងឧបសគ្គទាំងឡាយ ដើម្បីសម្រេចគោលដៅរបស់អ្នកឲ្យបានជោគជ័យ។

៥) ភាពភ្ញាក់ផ្អើល និងសេចក្ដីសុខ៖ មកដល់ដំណាក់កាលនេះ អ្នកបានដឹងថាការតស៊ូខិតខំប្រឹងប្រែងរបស់អ្នក បានតបស្នងនូវតម្លៃពិតប្រាកដរបស់វាមកលើអ្នកហើយ ព្រោះអ្នកបានជោគជ័យក្នុងការធ្វើឲ្យក្ដីសុបិនរបស់អ្នកក្លាយជាការពិតហើយ៕

ប្រែសម្រួល៖ ស្រីពៅ ប្រភព៖ addicted2success.com

X
5s