មហាសេដ្ឋី Mark Cuban បង្ហាញច្បាប់ ៥យ៉ាង សម្រាប់អ្នកចាប់ផ្តើមបើកមុខរបររកស៊ីថ្មីថ្មោង
លោក Mark Cuban គឺជាមហាសេដ្ឋី និង ជាវាគ្មិនដ៏ល្បីល្បាញម្នាក់របស់អាមេរិកដែលទទួលបានជោគជ័យច្រើននៅក្នុងវិស័យជំនួញ។ នៅថ្ងៃនេះ Bizkhmer សូមចែករំលែកមិត្តអ្នកអាន ជាពិសេសដល់ប្រិយមិត្តដែលមានបំណងចង់បើកជំនួយរកស៊ីដំបូងនូវច្បាប់ចំនួន៥ របស់មហាសេដ្ឋីរូបនេះដូចខាងក្រោម៖
១) ចុះស្រាវជ្រាវទីផ្សារជាមុន៖ លោកបានមានប្រសាសន៍ថា មុនចាប់ផ្តើមជំនួយ អ្នកត្រូវមើលថា មុខរបរដែលយើងចង់បើករកស៊ីនោះអាចមានឱកាស និង មានសក្ដានុពលទៅថ្ងៃខាងមុខអត់? មានកត្តាប្រឈមឬអត់? មានគូប្រជែងច្រើនអត់? ហើយអ្នកមានបទពិសោធន៍ក្រាស់ក្រែលហើយឬនៅលើមុខរបរដែលអ្នកចង់បង្កើតនេះ? បើអ្នកមិនទាន់អាចឆ្លើយសំនួរនេះបានទេ អ្នកត្រូវតែសិក្សាពីវាឲ្យបានច្បាស់លាស់។
២) ត្រូវបង្កើតគម្រោងអាជីវកម្មដែលមានភាពបទបែន៖ បើមានគម្រោងអាជីវកម្មហើយ ត្រូវសិក្សាមើលថា គម្រោងអាជីវកម្មរបស់អ្នកអាចកែសម្រួលបានដែរឬទេ ដើម្បីឲ្យស្របតាមស្ថានភាពជាក់ស្តែង? បើមើលទៅឃើញថា កែសម្រួលមិនកើត មិនអាចឆ្លើយតបទៅនឹងស្ថានភាពជាក់ស្តែងបានទេ មានន័យថា គម្រោងអ្នកនៅអន់មិនអាចយកជាការបាន។ សម្រាប់លោក Mark Cuban គម្រោងអាជីវកម្មរកស៊ីដែលល្អ គឺជាគម្រោងដែលអាចផ្លាស់ប្ដូរបានគ្រប់កាលៈទេសៈឲ្យតែម្ចាស់អាជីវកម្មចង់ផ្លាស់ប្ដូរ។
៣) ពិនិត្យមើលយុទ្ធសាស្ត្រប្រមូលដើមទុន៖ បើតាមការលើកឡើងរបស់មហាសេដ្ឋីរូបនេះ បើបើកជំនួញហើយមានដើមទុនគ្រប់គ្រាន់ ពិតជារឿងមួយល្អបំផុត តែលុះត្រាតែអ្នកចេះគ្រប់គ្រងវាឲ្យបានត្រឹមត្រូវ និង មានភាពហ្មត់ចត់។ លោកថា ការប្រមូលដើមទុនពីអ្នកផ្សេង មិត្តភក្ដិ ឬ អ្នកវិនិយោគណាមួយនោះ អ្នកមិនត្រូវចេះតែប្រមូលឲ្យតែបានសម្រាប់រកស៊ីនោះទេ។ អ្នកត្រូវមើលដៃគូណាដែលល្អដែលអាចទុកចិត្តបាន ហើយជាពិសេសនោះគឺមានផែនការហិរញ្ញវត្ថុច្បាស់លាស់តែម្តង។
៤)ត្រូវខ្លាំងជាងគូប្រជែងរបស់អ្នក៖«អ្នកត្រូវធ្វើឲ្យសេវាកម្មរបស់អ្នកល្អលើសពីគូប្រជែងរបស់អ្នក»។ នេះជាការលើកឡើងរបស់លោក Mark Cuban។ លោកបានបន្តថា អ្នកត្រូវចេះច្នៃប្រឌិតមុខរបររបស់អ្នក និង អភិវឌ្ឍវាឲ្យកាន់តែល្អជាលំដាប់ កុំធ្វើដដែល រួមទាំងបង្កើតនូវចំណុចខុសប្លែកមួយគួរឲ្យចាប់អារម្មណ៍ពីគូប្រជែងរបស់អ្នក។
៥) នៅឲ្យឆ្ងាយពីមុខរបរណាដែលកំពុងមានគេរកស៊ីច្រើននៅលើទីផ្សារ៖ នៅទីនេះលោក Cuban បានសង្កត់ធ្ងន់ថា អ្នកបើកមុខរបរថ្មីៗ មិនគួរប្រថុយបើកមុខរបរប្រជែងជាមួយគេនៅក្នុងវិស័យណាដែលគេរកស៊ី និង មានភាពរឹងមាំរួចហើយនៅលើទីផ្សារនោះទេ។ ផ្ទុយទៅវិញ អ្នកគួរសម្លឹងមើលមុខរបរណាមួយដែលនៅចន្លោះប្រហោងមិនទាន់មានវត្តមាននៅលើទីផ្សារ តែអាចធ្វើឲ្យអ្នកមានសក្ដានុពលទៅថ្ងៃមុខបាន៕
ប្រភព៖ cnbc