បើ​មាន​ក្ដី​ស្រមៃ​ចង់​ក្លាយ​ជា​នាយក​ប្រតិបត្តិ​​(CEO)​ក្រុមហ៊ុន​ធំ​ៗ ​​អ្នក​ត្រូវ​ត្រៀមជំនាញ​ទាំង​នេះ​



មានមនុស្សមិនតិចនោះទេ ដែលមានក្ដីស្រមៃចង់ក្លាយជានាយកប្រតិបត្តិ ឬ CEOរបស់ក្រុមហ៊ុន ប៉ុន្តែអ្វីដែលសំខាន់ តួនាទីជាCEO ទំនួលខុសត្រូវទាំងប៉ុន្មាននៅក្នុងក្រុមហ៊ុន គឺស្ថិតនៅលើស្មារបស់គេទាំងអស់។ ដូច្នេះជាអ្វីដែលសំខាន់បំផុតសម្រាប់ពួកគេក្នុងការមាននូវជំនាញដ៏ចាំបាច់មួយចំនួន ដើម្បីបំពេញភារកិច្ចទៅតាមការទទួលខុសត្រូវរបស់ខ្លួន ពោលគឺនាំក្រុមទាំងមូលឆ្ពោះទៅកាន់គោលដៅមួយរួមគ្នាដោយជោគជ័យ។ ខាងក្រោមនេះ គឺជាជំនាញដ៏សំខាន់មួយចំនួន ដែលអ្នកប្រាថ្នាក្លាយជាCEOគ្រប់រូបត្រូវមាន៖

១) សមត្ថភាពក្នុងការច្នៃប្រឌិត៖ ក្នុងពិភពលោកដែលមានការផ្លាស់ប្ដូរឥតឈប់ឈរនេះ មិនថាជាសកលភាវូបនីយកម្ម មជ្ឈដ្ឋានប្រកួតប្រជែងនៃអាជីវកម្ម កំណើនអតិផរណា និងភាពរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាសម័យទំនើប ដែលទាំងអស់នេះបានបង្កើតនូវមជ្ឈដ្ឋានប្រកួតប្រជែងដ៏ខ្លាំងក្លា ជាពិសេសសម្រាប់អ្នកធ្វើធុរកិច្ចគ្រប់រូប។ ហេតុនេះហើយ គំនិតច្នៃប្រឌិតក្នុងការស្វែងរកអ្វីថ្មីដែលដៃគូប្រកួតមិនទាន់មាន និងធ្វើសកម្មភាពបង្កើតវាចេញជារូបរាង គឺជាគន្លឹះដ៏សំខាន់បំផុតក្នុងការជំរុញអាជីវកម្មមួយឲ្យឆ្ពោះទៅរកភាពជោគជ័យបាន។

២)  ជាអ្នកហ៊ានប្រថុយប្រថាន៖ CEOដែលមានអត្តចរិតជាអ្នកមិនចូលចិត្តការប្រថុយប្រថាន នោះពួកគេមិនស័ក្តិសមសម្រាប់តំណែងជាCEOនេះឡើយ ព្រោះថាការរុញរានឹងការប្រថុយប្រថាន ងាយនឹងត្រូវបានដៃគូប្រកួតផ្ដួលខ្លាំងណាស់ ម្ល៉ោះហើយ ក្រោយពេលអ្នកបានថ្លឹងថ្លែងយ៉ាងល្អិតល្អន់ទៅលើប្រាក់ចំណូល និងការខាតបង់ផ្សេងៗរួចរាល់ហើយ អ្នកត្រូវមានភាពក្លាហានក្នុងការសាកល្បងអ្វីថ្មី ដែលមានប្រយោជន៍ទៅដល់ភាពរីកចម្រើនសម្រាប់ក្រុមហ៊ុនរបស់អ្នក។

៣)  ការរួមសហការ និងការប្រាស្រ័យទាក់ទងគ្នាជាមួយសមាជិកក្រុម៖ ក្នុងនាមអ្នកជាអ្នកដឹកនាំគេ  បើមានភាពសុទិដ្ឋិនិយមតែម្យ៉ាងក្នុងការប្រឈមនឹងវិបត្តិនៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ តែការបើកចិត្តទូលាយស្ដាប់យោបល់ ឬជាយុទ្ធសាស្រ្ដរបស់សមាជិកក្នុងក្រុម មិនត្រឹមតែជួយពង្រឹងសម្ពន្ធភាពរបស់អ្នកជាមួយពួកគេប៉ុណ្ណោះទេ តែថាមិនត្រូវ គំនិតរបស់ពួកគេអាចល្អជាងអ្នកទៅទៀត ដែលវានឹងជួយកែសម្រួលភាពខ្វះខាតរបស់ក្រុមហ៊ុន និងជំរុញការអភិវឌ្ឍន៍របស់ក្រុមហ៊ុនឈានទៅកាន់កម្រិតខ្ពស់បន្ថែមទៀត។

៤) មានសមត្ថភាពក្នុងការជឿទុកចិត្តអ្នករួមការងារ៖  CEO ត្រូវមានការជឿទុកចិត្តទៅលើអ្នករួមការងារជាមួយគ្នា ដោយការប្រគល់សិទ្ធិអំណាចក្នុងការបំពេញភារកិច្ចណាមួយជំនួសខ្លួន ឬអ្នកផ្សេងទៀត។ តែទោះយ៉ាងណាក៏អ្នកត្រូវមានការទទួលខុសត្រូវមិនត្រូវធ្វេសប្រហែសនោះដែរក្នុងការយកកិច្ចការរបស់បុគ្គលិកមកត្រួតពិនិត្យបញ្ជាក់ជាថ្មីដោយខ្លួនឯងឡើងវិញ៕

ប្រែសម្រួល៖ ស្រីពៅ ប្រភព៖ www.skillsyouneed.com

X
5s