អត្ថប្រយោជន៍​៤​យ៉ាង​នៃ​​ការ​បង្កើត​បណ្ដាញ​ (network)​ សម្រាប់​ភាព​ជោគជ័យ​ក្នុង​ជីវិត​



ការបង្កើតបណ្ដាញទំនាក់ទំនងនៅក្នុងសង្គម គឺជារឿងមួយដែលទាមទារឲ្យអ្នកត្រូវលះបង់នូវពេលវេលាមួយចំនួនសម្រាប់វា ប៉ុន្តែតម្លៃដែលវាតបស្នងមកវិញ មានសារៈសំខាន់ជាខ្លាំងសម្រាប់ទាំងផ្នែកហិរញ្ញវត្ថុ និងផ្នែកដទៃៗទៀតក្នុងជីវិត ជាពិសេសសម្រាប់មុខជំនួញរបស់អ្នក។ ហេតុផលដែលលើកឡើងខាងក្រោមនេះ នឹងបង្ហាញអ្នកអំពីមូលហេតុដែលអ្នកគួរចំណាយពេលវេលាបង្កើតបណ្ដាញទំនាក់ទំនងរបស់អ្នកឲ្យបានទូលំទូលាយ៖

១) អត្ថប្រយោជន៍ពីការបង្កើតចំណងមិត្តភាព៖  ការជួបប្រទះនឹងបញ្ហាផ្សេងៗនៅក្នុងជីវិត គឺជារឿងធម្មតារបស់មនុស្សដែលបង្កជាអារម្មណ៍ទុក្ខសោក ដូច្នេះ ជាការប្រសើរបំផុត បើសិនជានៅក្នុងជីវិតយើងមានមិត្តភ័ក្ដិដ៏ជិតស្និទ្ធ ដែលអាចជួយរំលែកទុក្ខគ្នាទៅវិញទៅមកបាន និងផ្ដល់ការណែនាំ ក៏ដូចជាការផ្ដល់កម្លាំងចិត្តឲ្យគ្នា។

២) ឪកាស៖  គុណប្រយោជន៍ពីការបង្កើតបណ្ដាញទំនាក់ទំនងដែលអ្នកមិនគួរមើលរំលង គឺជាការទទួលបានឲកាសដ៏ល្អជាច្រើនសម្រាប់មុខជំនួញរបស់អ្នក ប៉ុន្ដែទោះជាយ៉ាងណាក៏ដោយ នៅក្នុងសម្ពន្ធភាពរបស់អ្នក ២ចំណុចដែលអ្នកខ្លួនឯងត្រូវចៀសវាងធ្វើ ឬជាចំណុចដែលភាគីម្ខាងទៀតមានដែលអ្នកគួរដើរចេញពីទំនាក់ទំនងនោះ គឺការមិនឲ្យតម្លៃទៅលើបណ្ដាញទំនាក់ទំនងរបស់ខ្លួន នៅពេលឲកាសល្អបានមកដល់ ដោយគិតថានេះជាសំណាងរបស់ពួកគេប៉ុណ្ណោះ និងមួយទៀតជាបណ្ដាញទំនាក់ទំនងមិនល្អ ដែលនាំផលប៉ះពាល់ដល់ភាពខ្វះខាតក្នុងការទទួលបានឲកាសរបស់អ្នក ហើយថែមទាំងឈានដល់ការខូចខាតដល់សមត្ថភាពរបស់អ្នក ពេលអ្នកដទៃយល់ច្រឡំថាអ្នកជាមនុស្សគ្មានបានការ។

៣) ជំនួយការ៖  ប្រយោជន៍មួយទៀតដែលអ្នកនឹងទទួលបានពីបណ្ដាញទំនាក់ទំនងរបស់អ្នក គឺពួកគេដើរតួប្រៀបដូចជាជំនួយការរបស់អ្នក ដែលអាចជួយលើកតម្កើងកេរ្តិ៍ឈ្មោះរបស់អ្នកឲ្យមនុស្សជាច្រើនស្គាល់ ចែករំលែកបណ្ដាញទំនាក់ទំនងល្អៗរបស់ពួកគេមកកាន់អ្នកវិញ ណែនាំអ្នកឲ្យមានឲកាសជួបមនុស្សអស្ចារ្យផ្សេងៗទៀត និងជួយអ្នកក្នុងពេលមានវិបត្តិផ្សេងៗ។

៤)  ឥទ្ធិពលវិជ្ជមាននៅក្នុងជីវិត៖ មនុស្សដែលអ្នកជ្រើសរើសមានទំនាក់ទំនងជាមួយនៅក្នុងជីវិត នឹងមានឥទ្ធិពលទៅលើឥរិយាបថ ទម្លាប់ ការយល់ឃើញ និងការធ្វើទំនាក់ទំនងរបស់អ្នក។ ដូច្នេះ បើមនុស្សដែលអ្នកជ្រើសរើសជាមនុស្សដែលមានការគិតវិជ្ជមាន នោះពួកគេក៏នឹងមានឥទ្ធិពលវិជ្ជមានមកលើជីវិតរបស់អ្នកដូច្នោះដែរ៕

ប្រែសម្រួល៖ ស្រីពៅ ប្រភព៖ www.chrisg.com

X
5s