តើ​បុគ្គល​ជោគជ័យ​ក្នុង​លោក​ទាំង​៥​រូប​នេះ ​ធ្វើ​អ្វី​ខ្លះ​កាល​ពី​នៅ​វ័យ​២៥​ឆ្នាំ​?​



បុគ្គលជោគជ័យក្នុងលោកនេះ មិនមែនកើតមកភ្លាមជោគជ័យតែម្ដងនោះទេ ពោលគឺត្រូវឆ្លងកាត់ដំណាក់កាលលំបាកជាច្រើន ទម្រាំសម្រេចតាមការចង់បាន។ ខាងក្រោមនេះ ជាបុគ្គលល្បីៗចំនួន៥រូប ដែលធ្លាប់ឆ្លងកាត់បទពិសោធន៍លំបាកៗជាច្រើន ជាពិសេសកាលពីនៅវ័យ២៥ឆ្នាំ៖

១) លោក Mark Cuban ជាអ្នកលាយស្រានៅ Dallas៖

លោកគឺជាមហាសេដ្ឋីអាមេរិកក៏ល្បីឈ្មោះម្នាក់ តែកាលពីនៅអាយុ២៥ឆ្នាំ លោក Cuban បានបញ្ចប់ការសិក្សាពី Indiana University ហើយផ្លាស់ប្ដូរការរស់នៅទៅDallas។ នៅទីនោះ គាត់បានចាប់ផ្ដើមធ្វើការជាអ្នកលាយស្រានៅក្នុងហាងមួយ បន្ទាប់មកគាត់ចូលធ្វើការជាអ្នកលក់ម្នាក់ឲ្យក្រុមហ៊ុនលក់រាយនូវ PC-softwareមួយ។ ក្រោយមក គាត់ត្រូវបានបណ្ដេញចេញពីការងារ ដោយសារគាត់ចង់លក់ និង ដោះស្រាយបញ្ហាផ្សេងៗជាមួយអតិថិជន មិនមែនគ្រាន់តែជាអ្នកលក់ធម្មតា និង បើកទ្វាហាងឲ្យគេនោះទេ។ ហេតុផលនេះហើយដែលបានលើកទឹកចិត្តគាត់ឲ្យបើកក្រុមហ៊ុនមួយជារបស់ខ្លួនឯងឈ្មោះ MicroSolutions។

២) លោក Richard Branson មានក្រុមហ៊ុនថតចម្រៀង The Virgin Records ក្នុងដៃបាត់ទៅហើយ៖ នៅអាយុ២០ឆ្នាំ លោក Branson បានបើកហាងថតចម្រៀងដំបូងតូចមួយ។ បន្ទាប់មកនៅអាយុ២២ឆ្នាំ គាត់មានស្ទូឌីយោដោយខ្លួនឯង ក្រោយមកក៏បានបើកដំណើរការវាដោយមានស្លាកសញ្ញាជារបស់ខ្លួននៅអាយុ២៣ឆ្នាំ។ នៅអាយុ៣០ឆ្នាំ ក្រុមហ៊ុនរបស់គាត់ក៏បានក្លាយជាការទទួលស្គាល់របស់អន្តរជាតិរហូតមកដល់សព្វថ្ងៃ។ បច្ចុប្បន្ន លោកជាមហាសេដ្ឋីដ៏ល្បីរបស់អង់គ្លេស ដែលមានក្រុមហ៊ុនជាច្រើនក្នុងដៃ។

៣) អ្នកស្រី J.K.Rowling ផុសឡើងនូវគំនិតតាក់តែងនិពន្ធសៀវភៅរឿងភាគ Harry Potter នៅលើរថភ្លើង៖ អ្នកស្រី Rowling បានផុសឡើងនូវគំនិតសម្រាប់និពន្ធសៀវភៅរឿងភាគ Harry Potterក្នុងឆ្នាំ១៩៩០។ ស្របពេលអ្នកស្រីមានការងារជាលេខាមួយក្រុមហ៊ុនមួយ អ្នកស្រីកំពុងជួកចិត្តដិតអារម្មណ៍ជាមួយការតែងនិពន្ធរបស់ខ្លួនជាខ្លាំង ដែលជាហេតុធ្វើឲ្យគាត់ត្រូវបណ្ដេញចេញពីការងារ។ កំឡុងពេលនោះផងដែរ J.K.Rowling បានរៀបការ និងមានកូនស្រីម្នាក់ តែជាអកុសល ជីវិតអាពាហ៍ពិពាហ៍របស់អ្នកស្រីនិងស្វាមីត្រូវបានបញ្ចប់ ធ្វើឲ្យអ្នកស្រីកើតការបាក់ទឹកចិត្តជាខ្លាំងមុនពេលបញ្ចប់ការនិពន្ធសៀវភៅក្នុងឆ្នាំ ១៩៩៥។ ទោះជាយ៉ាងណា សៀវភៅរឿងដែលលក់ដាច់បំផុតទូទាំងពិភពលោកនោះ ត្រូវបានបោះពុម្ពជាផ្លូវការក្នុងឆ្នាំ១៩៩០។ បច្ចុប្បន្នលោកស្រីជាអ្នកនិពន្ធដ៏ល្បីឈ្មោះ ជាពិសេសរឿងHarry Potter។ ៤) លោក Mark Zuckerberg បង្កើតនូវ Facebook ដែលទទួលបានប្រាក់ចំណូលដ៏ច្រើន និងមានអ្នកប្រើប្រាស់ចំនួន៣០០លាននាក់៖ លោក Zuckerberg ប្រឹងប្រែងធ្វើការយ៉ាងខ្លាំង ដើម្បីបង្កើតបណ្ដាញសង្គម Facebook នៅពេលគាត់មានអាយុ២៥ឆ្នាំ។ នៅឆ្នាំ២០០៩ បណ្ដាញសង្គមមួយនេះរកប្រាក់ចំណូលបានយ៉ាងច្រើនអនេក និងមានអ្នកប្រើប្រាស់ចំនួន៣០០លាននាក់។ ទោះជាយ៉ាងណា គាត់បានបញ្ជាក់ថា នេះគ្រាន់តែជាចំណុចចាប់ផ្ដើមនៃគោលដៅរបស់គាត់ក្នុងការភ្ជាប់ទំនាក់ទំនងមនុស្សជុំវិញពិភពលោកតែប៉ុណ្ណោះ។ នៅឆ្នាំបន្ទាប់ គាត់ត្រូវបានទស្សនាវដ្ដី Time magazine ឲ្យនាមគាត់ជា «កំពូលមនុស្សប្រចាំឆ្នាំ»ផងដែរ។

៥) លោក Howard Schultz គឺជាអ្នកលក់របស់ក្រុមហ៊ុន Xerox៖ក្រោយពីបញ្ចប់ការសិក្សាពី Northern Michigan University លោក Schultz បានធ្វើការជាអ្នកលក់ម្នាក់របស់ក្រុមហ៊ុន Xerox។ ភាពជោគជ័យរបស់គាត់នៅទីនោះ ធ្វើឲ្យក្រុមហ៊ុនរបស់ស៊ុយអែតមួយឈ្មោះ Hammerplast ដែលផលិតម៉ាស៊ីនកិនកាហ្វេ ជួលគាត់មកធ្វើការនៅអាយុ២៦ឆ្នាំ។ កំឡុងពេលធ្វើការនៅក្នុងក្រុមហ៊ុមនោះ គាត់បានរកឃើញនូវសាខាក្រុមហ៊ុន Starbuck មួយកន្លែងនៅ Seattle រួចគាត់ក៏សម្រេចចិត្តចូលធ្វើការនៅទីនោះវិញ នៅពេលគាត់មានអាយុ២៩ឆ្នាំ។ បច្ចុប្បន្នលោកគឺជា នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Starbuck៕

ប្រែសម្រួល៖ ស្រីពៅ
ប្រភព៖ uk.businessinsider.com

X
5s