៥ចំណុច ដ៏សំខាន់ដែលអ្នកអាចរៀនសូត្រពីលោក Richard Branson មហាសេដ្ឋីអង់គ្លេស
គន្លឹះឆ្ពោះទៅរកភាពជោគជ័យ គឺជាការណ៍ដែលមិនមែនមានត្រឹមតែផលិតភាព និងកម្លាំងជម្រុញចិត្តប៉ុណ្ណោះទេ តែថែមទាំងត្រូវមានគោលដៅសម្រាប់ជីវិតផងដែរ។ បើគ្មានគោលដៅនោះទេ ផលិតភាពការងារក៏មិនអាចកើតមានឡើង ចំណែកភាពជោគជ័យក៏មិនមានព្រមទៅជាមួយគ្នាដែរ។
គោលដៅជាកត្តាសំខាន់បំផុត ដែលជាកម្លាំងជម្រុញអ្នកឲ្យសម្រេចបាននូវភារកិច្ចទាំងឡាយប្រកបដោយប្រសិទ្ធភាពខ្ពស់។ ម្ល៉ោះហើយ ការចំណាយពេលវេលារបស់អ្នកឲ្យបានត្រឹមត្រូវពិតជាសំខាន់ណាស់ ហើយនេះគឺជាអ្វីដែលលោក Richard បានចែករំលែក៖
១) ចាប់ផ្ដើមរៀងរាល់ថ្ងៃជាមួយភាពស្រស់ស្រាយ
ជារនាំងឧបសគ្គរារាំងសម្រាប់អ្នកក្នុងការសម្រេចភាពជោគជ័យសម្រាប់គោលដៅរបស់អ្នក បើសិនជាអ្នកនៅអោបក្រសោបទុក្ខសោក ឬរឿងមិនល្អទាំងឡាយពីអតីតកាល ជំនួសឲ្យការបោះជំហានទៅមុខជាបន្ដបន្ទាប់សម្រាប់ថ្ងៃថ្មី។ អ្នកអាចជ្រើសរើសការចេញទៅក្រៅស្រូបខ្យល់អាកាស ឬអង្គុយស្ងប់ស្ងាត់អានសៀវភៅ ដើម្បីផ្ដល់អារម្មណ៍ស្រស់ស្រាយដល់អ្នក។
២) កត់ទុកនូវគោលដៅរបស់អ្នក
នៅពេលអ្នកបានកត់ត្រាទុកនូវគំនិតផ្សេងៗដែលមានចំពោះគោលដៅរបស់អ្នក វានឹងផ្ដល់ភាពងាយស្រួលសម្រាប់អ្នកក្នុងការផ្លាស់ប្ដូរវាទៅជាសកម្មភាព ឬការអនុវត្តពិតប្រាកដ។
៣) ចំណាយពេលរបស់អ្នកឲ្យបានឆ្លាតវៃ
មិនថាជាពេលអ្នកជាប់ស្ទះនៅតាមផ្លូវ ឬរង់ចាំនៅចំណតឡានក្រុងអ្វីនោះទេ អ្នកអាចប្រើប្រាស់ពេលដែលនៅទំនេរនោះ ដើម្បីធ្វើកិច្ចការដែលមានប្រយោជន៍បានជានិច្ច។
៤) សម្លឹងទៅមុខ
គោលដៅតែងផ្សារភា្ជប់ទៅនឹងការអនុវត្តក្នុងពេលអនាគត។ ពួកយើងមិនអាចផ្លាស់ប្ដូរអតីតកាលរបស់យើងបានទេ ដូច្នេះវាក៏គ្មានអ្វីអស្ចារ្យសម្រាប់ឲ្យយើងត្រូវគិតអំពីវាទៀតនោះឡើយ។ មានតែការមានគោលដៅសម្រាប់ថ្ងៃអនាគតប៉ុណ្ណោះ ទើបជាគន្លឹះនាំអ្នកឆ្ពោះទៅរកជោគជ័យយ៉ាងពិតប្រាកដ។
៥) មានភាពសប្បាយរីករាយ
អ្នកគួរបន្ថែមសោភ័ណជីវិតរបស់អ្នកដោយផ្ដល់ភាពសប្បាយរីករាយ និងការកម្សាន្ដខ្លះសម្រាប់ខ្លួនឯង តែយ៉ាងណាក៏មិនត្រូវជ្រុលហួសពេកដែរ៕
ប្រែសម្រួល៖ ស្រីពៅ ប្រភព៖ www.entrepreneur.com