Facebook សន្យាដោះស្រាយលើបញ្ហាព័ត៌មានមិនពិតដែលគេបង្ហោះ និងចែករំលែកតគ្នា
ក្រុមហ៊ុនFacebook កំពុងចាប់ផ្ដើមសិក្សា ដើម្បីកំណត់ពីព័ត៌មានមិនពិត ដែលចែករំលែកនៅលើបណ្ដាញសង្គមយក្សមួយនេះ ដើម្បីឲ្យអ្នកប្រើប្រាស់អាចទទួលបាននូវព័ត៌មានពិតប្រាកដ និង មានប្រយោជន៍។ នេះបើតាមការលើកឡើងរបស់លោក Mark Zuckerberg នាយកប្រតិបត្តិ Facebook។
ការប្រកាសពីមហាសេដ្ឋីវ័យក្មេងបែបនេះ គឺធ្វើឡើងដើម្បីឆ្លើយតបទៅនឹងមតិមហាជន ដែលបានរិះគន់មិនសំចៃទៅលើបណ្ដាញសង្គមយក្សមួយនេះថា បានបណ្ដោយឲ្យមានព័ត៌មានមិនពិតជាច្រើន ត្រូវបានគេចែកចាយពីមួយទៅមួយ ជាហេតុនាំឲ្យអ្នកអាន ខាតបង់ពេលវេលា និង ខាតប្រយោជន៍ទៅលើព័ត៌មានមិនច្បាស់លាស់ និង ក្លែងក្លាយទាំងនោះ។
លោក Mark Zuckerbergបញ្ជាក់ថា Facebook នឹងបង្កើត មុខងារ(Function) ដើម្បីព្រមានអ្នកអានអំពីព័ត៌មានក្លែងក្លាយ ដូច្នេះហើយ វានឹងជួយដាស់តឿនដល់មនុស្សគ្រប់គ្រាន់មានការប្រុងប្រយ័ត្នមុនពេលអាន និង ចែករំលែកបន្តទៀត។ លើសពីនេះទៀត អ្នកជំនាញនឹងទៅសិក្សាលម្អិតជាមួយនឹង អ្នកសារព័ត៌មាន ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការកំណត់ថា ព័ត៌មាននោះ ពិតប្រាកដ ឬ ក៏ក្លែងក្លាយ។
សូមបញ្ជាក់ថា Facebookជាបណ្ដាញសង្គមមួយដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន ប៉ុន្តែគេតែងឃើញមានព័ត៌មានមិនពិតជាច្រើន ត្រូវបានគេបង្ហោះ និង ចែករំលែក ជាហេតុនាំឲ្យមានមនុស្សជាច្រើនទទួលបានព័ត៌មានមិនពិត និង មានការយល់ខុស និង សម្រេចចិត្តខុស៕