ហេតុផល៣យ៉ាងបញ្ជាក់ថា បរិយាកាសរញ៉េរញ៉ៃក៏អាចបង្កើតនូវភាពច្នៃប្រឌិតបានដែរ
មនុស្សជាច្រើនយល់ថា ការរៀបចំទុកដាក់របស់របរឲ្យមានសណ្ដាប់ធ្នាប់ គឺជាកត្តាចាំបាច់មួយសម្រាប់ជំរុញឲ្យមានផលិតផលការងារបានយ៉ាងមានប្រសិទ្ធភាព។ ទោះជាយ៉ាងណា ភាពមានរបៀបរៀបរយក៏មិនមែនជាកត្តាតែម្យ៉ាងនោះដែរ សូម្បីតែភាពរញ៉េរញ៉ៃក៏អាចបង្កបាននូវភាពច្នៃប្រឌិត និងផលិតផលការងារយ៉ាងមិនគួរឲ្យជឿផងដែរ ខាងក្រោមគឺជាហេតុផល៖
១) ភាពច្របូកច្របល់មានបង្កប់នៅក្នុងភាពមានសណ្ដាប់ធ្នាប់៖ ពិតមែនហើយ ដែលសម្លេងដាស់តឿនអ្នកឲ្យសម្អាតនិងរៀបចំបន្ទប់ដក់ជាប់នៅក្នុងខួរក្បាលអ្នក ហើយការណ៍ដែលរៀបចំរបស់របរឲ្យមានរបៀបរៀបរយឡើងវិញ គឺជាវិធីដ៏ល្អមួយដែលជួយសម្រាលភាពតានតឹងពីការងាររបស់អ្នកបាន។ ប៉ុន្តែការទុកដាក់របស់ទៅតាមទីតាំងថ្មី ខុសពីទម្លាប់ នឹងធ្វើវាឲ្យអ្នកចាប់ផ្ដើមច្របូកច្របល់រាវរករបស់ទាំងនោះដែលធ្វើឲ្យខាតបង់ពេលវេលា និងប៉ះពាល់ដល់អារម្មណ៍ពេលខ្លះផងដែរ។
២) ការសម្អាតត្រូវការពេលវេលាច្រើន៖ មនុស្សភាគច្រើនយល់ថា ភាពមានរបៀបរៀបរយគឺជារឿងល្អមួយ ដូច្នេះហើយពួកគេតែងចំណាយពេលជាច្រើនទៅលើវា។ ប៉ុន្តែអ្នកគួរគិតថា បើអ្នកចំណាយពេលច្រើនយ៉ាងនេះទៅលើការសម្អាត ចុះបើអ្នកយកពេលទាំងនោះទៅបង្កើនប្រសិទ្ធភាពការងារវិញ តើមិនល្អទេឬ? ដូច្នេះអ្នកគ្រាន់តែចំណាយពេលតិចតួចទៅលើវាជាការគួរជាង។
៣) វាមិនមែនជាភាពកម្ជិលនោះឡើយ៖ អ្នកដែលទុករបស់ដែលគ្មានសណ្ដាប់ធ្នាប់ ពេលខ្លះពួកគេមានការចងចាំពីទីកន្លែងដែលពួកគេទុកដាក់របស់នោះ បានល្អជាងអ្នកដែលមានរបៀបរៀបរយទៅទៀត។ តើអ្នកណាត្រូវការបណ្ដុំសោមួយចង្កោម នៅពេលពួកគេអាចទុកដាក់សោណាមួយដែលត្រូវការ នៅក្នុងហោរប៉ៅខោរបស់ខ្លួននោះ ? ម្យ៉ាងទៀត សម្រាប់ឯកសារការងារវិញ មួយណាដែលបន្ទាន់ជាងគេច្បាស់ជានៅខាងមុខ ឬលើគេហើយ ឯឯកសារដែលមិនសូវបន្ទាន់វិញប្រាកដជានៅបាតក្រោម ឬខាងក្នុងហើយ ដូច្នេះវាក៏ជាគុណសម្បត្តិរបស់ភាពគ្មានសណ្ដាប់ធ្នាប់ដែរ៕
ប្រែសម្រួល៖ ស្រីពៅ ប្រភព៖www.lifehack.org