​ចំណុច​សំខាន់ៗ​៥​យ៉ាង​​ ដែល​អ្នក​ត្រូវ​រៀនសូត្រពី​ប្រព័ន្ធ​អប់រំ​របស់​ជប៉ុន​​



ប្រទេសជប៉ុនគឺជាប្រទេសមួយដែលមានប្រព័ន្ធអប់រំល្អ ហើយត្រូវបានគេលើកសរសើរនិងឲ្យតម្លៃជុំវិញសកលលោក។ ការពិតទាំង៥អំពីប្រព័ន្ធអប់រំរបស់ប្រទេសដែលមានវិន័យដ៏ថ្លៃថ្លានេះនឹងធ្វើឲ្យអ្នកទទួលអារម្មណ៍ភ្ញាក់ផ្អើលនិងមានកម្លាំងចិត្ត។ ១) មិនមានការប្រឡងសម្រាប់រយៈពេល៣ឆ្នាំដំបូងក្នុងសាលា៖ គំនិតនៃការមិនឲ្យមានការប្រឡងរហូតដល់ថ្នាក់ទី៤នេះ គឺព្រោះតែវប្បធម៌របស់ជនជាតិជប៉ុនឲ្យតម្លៃជាខ្លាំងទៅលើឥរិយាបថនិងអត្តចរិតវិជ្ជមានជាជាងបង្ខំឲ្យសិស្សប្រឹងប្រែងយ៉ាងងប់ងុលតែម្យ៉ាងទៅលើការទទួលបានលទ្ធផលល្អក្នុងការប្រឡង។ ម្យ៉ាងទៀត កាលណាសិស្សត្រូវបានបណ្ដុះឲ្យមានឥរិយាបថល្អហើយ ទំនាក់ទំនងសិស្សរវាងគ្នានិងជាមួយគ្រូទៀតនោះនឹងប្រកបទៅដោយការគោរពគ្នាទៅវិញទៅមកមិនខាន។ ២) មិនមែនអ្នកបោសសម្អាតនោះទេ តែសិស្សទាំងអស់ត្រូវសម្អាតសាលាពួកគេដោយខ្លួនឯង៖ ការបណ្ដុះទម្លាប់បោសសម្អាតកន្លែងរៀនដោយខ្លួនឯង នឹងហ្វឹកហាត់ពួកគេឲ្យចេះពីការធ្វើការងារជាក្រុម ការចែករំលែកទំនួលខុសត្រូវ និងការឲ្យតម្លៃទៅលើការថែទាំរបស់ប្រើប្រាស់ដែលមានរួមគ្នា។ សិស្សទាំងអស់ត្រូវបានបែងចែកទៅតាមក្រុមបំពេញតាមកិច្ចការដែលបានដាក់ឲ្យ ហើយផ្លាស់វេនក្រុមគ្នាពេញមួយឆ្នាំដើម្បីឲ្យពួកគេចេះពីកិច្ចការបោសសម្អាតឲ្យបានគ្រប់សព្វជ្រុងជ្រោយ។ ៣) សិស្សទាំងអស់ទទួលរបបអាហារស្មើៗគ្នា៖ អាហារថ្ងៃត្រង់របស់ពួកគេត្រូវបានរៀបចំឡើងយ៉ាងសម្រិតសម្រាំងពីការរួមដៃគ្នារវាងអ្នកឯកទេសថែទាំសុខភាព និង ចុងភៅដែលទទួលបានការបណ្ដុះបណ្ដាលដោយផ្ដល់អាទិភាពទៅលើគ្រឿងផ្សំដែលមានគុណភាព និងចំណែកអាហារក្នុងបរិមាណដូចៗគ្នា។ មិនតែប៉ុណ្ណោះ គ្រូបង្រៀននិងសិស្សទាំងអស់ត្រូវបានពង្រឹងចំណងទំនាក់ទំនងឲ្យបានល្អូកល្អិនដោយការទទួលទានអាហារថ្ងៃត្រង់ជាមួយគ្នាទៀតផង។ ៤) សិល្បៈប្រពៃណីត្រូវបានដាក់បង្រៀននៅតាមសាលាសាធារណៈ៖ ពួកគេត្រូវបានបង្រៀនសិល្បៈប្រពៃណីដូចជាShodo (ការសសេរអក្សរផ្ចង់របស់ជនជាតិជប៉ុន) និង haiku (កំណាព្យក្នុងរបៀបប្រើប្រាស់ជាផ្លូវការ)។ ដោយសារសិល្បៈទាំងនេះទាមទារសិស្សឲ្យមានចំណេះដឹងពីភាសារបស់ខ្លួន ការធ្វើបែបនេះប្រៀបដូចជាបានបណ្ដុះស្មារតីពួកគេឲ្យចេះលើកតម្កើងតម្លៃវប្បធម៌ប្រពៃណីជាតិរបស់ខ្លួនដូច្នោះ។ ៥) សិស្សជប៉ុនទាំងអស់តម្រូវឲ្យស្លៀកពាក់ឯកសណ្ឋានសាលា៖ នៅពីក្រោយគំនិតដែលសាលាតម្រូវឲ្យសិស្សគ្រប់គ្នាស្លៀកពាក់ឯកសណ្ឋានសាលាគឺព្រោះតែការស្លៀកពាក់សំលៀកបំពាក់ដូចគ្នានឹងធ្វើឲ្យពួកគេទទួលអារម្មណ៍ជាសហគមន៍រួមតែមួយ។ លើសពីនេះទៅទៀតការស្លៀកពាក់ដូចគ្នានឹងធ្វើឲ្យមានការលុបបំបាត់នូវការមាក់ងាយផ្សេងៗពីសង្គមហើយសិស្សម្នាក់ៗនឹងផ្ដោតការយកចិត្តទុកដាក់ទៅលើតែការរៀនសូត្ររបស់ពួកគេប៉ុណ្ណោះ៕ ប្រែសម្រួល៖ស្រីពៅ ប្រភព៖ http://www.lifehack.org/
X
5s