អ្នកមិនគួរទិញ Smartphone តម្លៃថោកពេក ព្រោះមិនយូរប៉ុន្មានអ្នកនឹងខកចិត្តខ្លាំង តាមហេតុផល ៦យ៉ាងនេះ
1) ទូរស័ព្ទតម្លៃថោក៖ កាមេរ៉ាអន់គុណភាព
ហេតុផលទី១ គឺទៅលើកាមេរ៉ា។ ទូរស័ព្ទតម្លៃថោក តាមធម្មតាមិនដែលមានកាមេរ៉ាគុណភាពខ្ពស់ឡើយ បើទោះបី វាមានឈ្មោះថា កាមេរ៉ាធំ រហូតដល់ 8MP ឬ 16MP ក៏ដោយ ប៉ុន្តែរូបថតដែលផ្ដិតចេញមក គឺគ្មានគុណភាពប៉ុន្មានទេ។ ខណៈពេលអ្នកកំពុងថត នោះនឹងមានគ្រាប់ភិចហ្សែលបែកៗនៅលើរូប។ ពេលខ្លះភ្លើង LED Flash នៅលើកាមេរ៉ា ក៏មិនដំណើរការបានត្រឹមត្រូវនោះដែរ។ បន្ទាប់ពីប្រើប្រាស់ទូរស័ព្ទតម្លៃថោកបានតែរយៈពេលប៉ុន្មានខែ នោះកាមេរ៉ាទូរស័ព្ទនឹងថតរឹតតែព្រាល។
២) ហេតុផលទី២ គឺនៅលើអេក្រង់
អេក្រង់ទូរស័ព្ទគឺជាផ្នែកដ៏សំខាន់មួយនៅលើទូរស័ព្ទ។ វានឹងផ្ដល់ឱ្យអ្នកនូវបទពិសោធន៍នៅពេលអ្នកលេងហ្គេម ឬប្រើប្រាស់ជាមួយឯកសារមេឌៀ។ ទោះជាយ៉ាងណា ទូរស័ព្ទតម្លៃថោក អាចងាយនឹងឆាប់មានបញ្ហាច្រើន ឬឆាប់ខូច។ ក្រោយប្រើរយៈពេល ៣ ទៅ ៤ខែ នោះអេក្រង់ទូរស័ព្ទនឹងលែងដំណើរការរលូនដូចពេលដំបូងៗឡើយ។ វានឹងពិបាកចុច touch ដោយមានសភាពយឺត ឬទាក់ៗ ហើយអ្នកនឹងមានអារម្មណ៍ថា យឺតជាងមុន។
៣) ហេតុផលទី៣
Sensor នៅលើស្មាតហ្វូនរបស់អ្នក នឹងមានការទទួលស្គាល់ (respond) យឺតជាងមុន ឬអាចឈប់ដំណើរការតែម្ដង។
៤) ហេតុផលទី៤ គឺទៅលើថ្ម
ទោះបីកម្រិតថ្មនៅលើស្មាតហ្វូនតម្លៃថោកមួយចំនួន មានតួលេខធំៗ ដូចជា 3000mAh ឬ 4000mAh ក៏ដោយ ប៉ុន្តែទូរស័ព្ទហាក់នៅតែឆាប់អស់ថ្ម។ នៅពេលអ្នកប្រើទូរស័ព្ទតម្លៃថោកបាន ៣ ទៅ ៤ខែ អ្នកនឹងចាប់អារម្មណ៍ឃើញថា ថ្មរបស់វា នឹងកាន់តែថយចុះ ដោយឆាប់អស់ជាងមុន។ លើសពី នេះ ទូរស័ព្ទរបស់អ្នក នឹងត្រូវការរយៈពេលយូរក្នុងការសាកថ្មម្ដងៗ។
៥) ហេតុផលទី៥ គឺបញ្ហាទៅលើម៉ៃ (mics)
គុណភាពលើការខលទូរស័ព្ទរបស់អ្នកនឹងថយចុះ ព្រោះតែបញ្ហាម៉ៃ (mic) អន់គុណភាព។
៦) ហេតុផលទី៦ នៅពេលអ្នកសម្រេចចិត្តធ្វើបច្ចុប្បន្នភាពប្រព័ន្ធប្រតិបត្តិការ (OS) នោះទូរស័ព្ទរបស់អ្នក នឹងបាត់បង់ការប្រើប្រាស់មុខងារមួយចំនួនទៅវិញ។ ល្បឿនទូរស័ព្ទក៏អាចថយចុះ ហើយថ្មក៏ឆាប់អស់។
ស្មាតហ្វូនបានដើរតួជាសំខាន់សម្រាប់ការរស់នៅប្រចាំថ្ងៃ ដូច្នេះហើយទើបតម្រូវការប្រើប្រាស់រឹតតែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ យ៉ាងណា បើយោងតាមចំណុចទាំង ៦ខាងលើ សូមលោកអ្នកជ្រើសរើសស្មាតហ្វូនដ៏ត្រឹមត្រូវ សម្រាប់បំពេញតម្រូវការរបស់អ្នក ជាជាងទិញទូរស័ព្ទដោយមើលតែតម្លៃនោះ។ ទោះតម្លៃធូរថ្លៃ ប៉ុន្តែរយៈពេល ប៉ុន្មានខែក្រោយ ថាមិនបាន អ្នកប្រហែលនឹងត្រូវចាយប្រាក់ម្ដងទៀត ទៅទិញទូរស័ព្ទថ្មី។ ដូច្នេះ បើគិតឡើងវិញទៅ វាក៏មិនថោកនោះដែរ ដែលអ្នកត្រូវចំណាយប្រាក់ ២ដង ប្រហាក់ប្រហែលទិញទូរស័ព្ទគុណភាពខ្ពស់មួយទៅហើយ៕