សម្រាប់មេដឹកនាំគួរប្រើយុទ្ធសាស្ត្រទាំង៦នេះ ដើម្បីឲ្យបុគ្គលិកមានសេចក្ដីសុខនិងប្រសិទ្ធភាពខ្ពស់ចំពោះការងារ
នៅពេលបុគ្គលិកមិនពេញចិត្តនឹងការងារដែលខ្លួនកំពុងបំពេញនោះ វានឹងជះឥទ្ធិពលអាក្រក់យ៉ាងខ្លាំងពោលគឺបង្កើតឲ្យមានបរិយាកាសអាប់អួដល់កន្លែងការងារទាំងមូល។បុគ្គលិកដែលបាក់ទឹកចិត្តនឹងធ្វើឲ្យមានការនឿយណាយចិត្តក្នុងការធ្វើទំនាក់ទំនងព្រមទាំងមានថាមពលខ្សោយក្នុងការសម្រេចលទ្ធផលការងារដទៃៗទៀត។
ទោះយ៉ាងណាក៏ដោយ ការធ្វើឲ្យបុគ្គលិករបស់អ្នកពេញចិត្តការងាររបស់ពួកគេ គឺមិនមែនជារឿងដែលមិនអាចសម្រេចបាននោះទេ ហើយអ្វីដែលសំខាន់ថាតើអ្នកចង់ឬអត់ប៉ុណ្ណោះ។ ទាំងនេះជាអ្វីដែលអ្នកត្រូវមាន៖
១) មានគោលដៅ និងចក្ខុវិស័យច្បាស់លាស់សម្រាប់ក្រុមហ៊ុន៖អ្នកចិត្តសាស្ត្របានបង្ហាញថាគោលដៅច្បាស់លាស់នឹងជួយបន្ថែមថាមពលបុគ្គលិកក្រុមហ៊ុន ក្នុងការបំពេញការងារឲ្យមានក្រឹត្យក្រមនិងមានវិន័យជាងមុន។គោលដៅច្បាស់លាស់នឹងជួយដាស់តឿនស្មារតីរបស់បុគ្គលិកអំពីគោលដៅរបស់ក្រុមហ៊ុនព្រមទាំងបានជួយឲ្យពួកគេយល់ពីតម្លៃនៃការរួមចំណែករបស់ខ្លួននៅក្នុងលទ្ធផលការងារផងដែរ ដែលនឹងបង្កើតឲ្យមានអារម្មណ៍មោទនភាពចំពោះអ្វីដែលខ្លួនកំពុងធ្វើ។
២) តម្លាភាព៖ តម្លៃភាពគឺពិតជាសំខាន់ខ្លាំងណាស់សម្រាប់បុគ្គលិក ព្រោះកាលណាស់ក្រុមហ៊ុនមានតម្លៃភាពក្នុងការចែករំលែកព័ត៌មានផ្សេងៗដល់បុគ្គលិកនោះ វាធ្វើឲ្យពួកគេមានអារម្មណ៍ថា ក្រុមហ៊ុននោះគឺជាផ្នែកមួយដ៏សំខាន់របស់ខ្លួន។
៣) ជួយបុគ្គលិកកំណត់ និង តម្រង់ទិសដៅនៃអាជីពការងារ៖បើសិនជាអ្នកប្រឹងប្រែងធ្វើការដើម្បីកសាងភាពរីកចម្រើនដល់ពួកគេ ពួកគេក៏នឹងប្រឹងប្រែងកាន់តែខ្លាំងដើម្បីអ្នកដែរ។ ការជួយឲ្យពួកគេមើលឃើញពីប្រយោជន៍ដែលពួកគេទទួលបានពីការងារ នឹងជួយកាត់បន្ថយនូវចម្ងល់ទាំងឡាយទៅលើមូលហេតុដែលពួកគេគួរធ្វើការងារនេះ។
៤) ផ្ដល់ឱកាសដល់បុគ្គលិករៀបចំកាលវិភាគការងាររបស់គេដោយខ្លួនឯង៖អនុញ្ញាតឲ្យបុគ្គលិករៀបចំម៉ោងធ្វើការដោយខ្លួនឯង ហើយការដែលអ្នកមិនវាយតម្លៃពួកគេដោយម៉ោងធ្វើការ តែទៅលើលទ្ធផលទទួលបាននឹងផ្ដល់ឲ្យពួកគេនូវអារម្មណ៍ធូរស្រាលនិងសេរីភាពដែលជួយបង្កើនប្រសិទ្ធភាពការងាររបស់គេ។
៥) ជម្រើសធ្វើការពីផ្ទះ៖ នៅពេលអ្នកបានផ្ដល់ជម្រើសឲ្យពួកគេបំពេញការងារពីផ្ទះ វានឹងបង្កើនសេចក្ដីសុខដល់ពួកគេក្នុងការធ្វើការ។
៦) កាត់បន្ថយពេលវេលាលើការប្រជុំ៖ ការប្រជុំដែលប្រព្រឹត្តទៅដោយគ្មានរចនាសម្ព័ន្ធ នឹងធ្វើឲ្យខាតបង់ពេលវេលា ដូច្នេះអ្នកគួរប្ដូររបៀបប្រជុំដោយផ្ដោតសំខាន់លើទំនាក់ទំនងនិងការផ្លាស់ប្ដូរយោបល់ដើម្បីឲ្យពួកគេមានការរួមចំណែកទាំងអស់គ្នា។
ក្នុងន័យនេះ គឺថាប្រជុំត្រូវតែមានប៉ុន្តែត្រូវធ្វើឡើងក្នុងពេលសមស្រប ដើម្បីប្រាកដថា វាស្ដែងចេញជាផ្លែផ្កា មិនមែនប្រជុំគ្រាន់តែដើម្បីប្រជុំទេ៕
ប្រែសម្រួល៖ ស្រីពៅ