រឿង៥យ៉ាង ដែលធ្វើឲ្យអ្នកស្ដាយក្រោយ ប្រសិនបើមិនបានធ្វើក្នុងវ័យខ្ទង់ ២០ឆ្នាំ
តើអ្នកអាចដឹងបានដូចម្ដេចថា ខ្លួនឯងកំពុងតែទាញយកផលប្រយោជន៍ពីវ័យខ្ទង់២០ឆ្នាំរបស់អ្នកបានទាំងជីវិតផ្ទាល់ខ្លួនរួមទាំងជីវិតការងារ ? ឆាកជីវិតជាការចាប់យកឱកាសហើយប្រឹងប្រែងឲ្យអស់លទ្ធភាពដើម្បីសម្រេចវា។ ទាំងនេះជាអ្វីដែលអ្នកប្រហែលជាចង់ចៀសវាងហើយ ៖
១) ការមិនធ្វើលំហាត់ប្រាណ៖ តាមការសិក្សាមួយបានបង្ហាញថាកម្រិតនៃភាពរឹងមាំផ្នែកកាយសម្បទារបស់អ្នកក្នុងវ័យខ្ទង់២០ឆ្នាំមានឥទ្ធិពលយ៉ាងខ្លាំង ទៅលើភាពគ្រោះថ្នាក់នៃជំងឺបេះដូងនិង ភាគរយនៃការស្លាប់ នៅពេលអ្នកឈានចូលវ័យកណ្តាល។ ដូច្នេះហើយប្រសិនបើអ្នក មិនបានពង្រឹងរាងកាយឲ្យរឹងមាំពីក្មេងឲ្យហើយទេ នោះអ្នកនឹងប្រឈមនឹងបញ្ហាមិនខាន។
២) បារម្ភពីការគិតរបស់អ្នកដទៃ៖ តាមការស្រាវជ្រាវបង្ហាញថា មនុស្សភាគច្រើនតែងគិតជ្រុលហួសហេតុថា អ្នកដទៃតែងគិតទៅលើសកម្មភាព ឬ សម្ដីរបស់ខ្លួនគ្រប់ពេល ដែលនេះគឺជាកំហុសមួយដែលធ្វើឲ្យពួកគេមិនហ៊ានធ្វើអ្វីដែលខ្លួនចង់ ព្រោះខ្លាចគេនិយាយថា ខ្លួនបែបនេះឬបែបនោះ។ ប្រសិនបើអ្នកមិនគិតបែបខុសដូច្នេះ នោះប្រាកដណាស់ថា អ្នកនឹងបញ្ចេញសកម្មភាពប្រកបដោយសេរីភាព និង ឈានធ្វើអ្វីដែលខ្លួនចង់បាន។
៣) អនុញ្ញាតឲ្យគំនិតឪពុកម្ដាយកំណត់ការសម្រេចចិត្តលើជីវិតរបស់ខ្លួន៖ វាជារឿងចាំបាច់ក្នុងការដាក់ដែនកំណត់រវាងអ្នកនិងសាច់ញាតិរបស់អ្នកដើម្បីផ្ដល់ឱកាសដល់ខ្លួនឯងស្វែងរកនូវអ្វីដែលអ្នកចង់បានពិតប្រាកដក្នុងជីវិតផ្ទាល់ខ្លួន ក៏ដូចជាជីវិតការងារ។
៤) រៀបការឆាប់រហ័សពេក៖បើយោងតាមអ្នកស្រាវជ្រាវ អ្នកដែលរៀបការក្នុងវ័យខ្ទង់២០ឆ្នាំមានសេចក្ដីសុខជីវិតអាពាហ៍ពិពាហ៍ជាងអ្នកដែលរៀបការក្រោយពីនេះ។ យ៉ាងណាក៏ដោយ អ្នកគួរតែព្យាយាមសាងជំហររបស់ខ្លួនឲ្យបានរឹងមាំសិន តាមរយៈការស្វែងរកបទពិសោធន៍ និង ជាពិសេសស្វែងយល់ពីភាពខ្លាំង ក៏ដូចជាគោលដៅជីវិតរបស់ខ្លួនជាមុនសិន មុនពេលរៀបការដើម្បីកុំឲ្យស្ដាយក្រោយ។
៥) មិនបានធ្វើដំណើរកម្សាន្ត៖ពេលមានឱកាសអ្នកគួរធ្វើដំណើរកម្សាន្តឲ្យបានច្រើនមុនពេលអាយុ៣០ចូលមកដល់។ ប្រសិនបើអ្នកមិនបានដើរកម្សាន្តច្រើននោះទេ អ្នកនឹងមានការសោកស្ដាយនៅពេលឈានដល់វ័យ៣០ ព្រោះនឹងលែងមានពេលវេលាគ្រប់គ្រាន់ទៀតហើយ៕
ប្រែសម្រួល៖ ស្រីពៅ
ប្រភព៖www.businessinsider.com