សញ្ញា ៤យ៉ាងដែលបញ្ជាក់ថា «អ្នកមិនសមជាអ្នកជំនួញ»
ម្នាក់ៗសុទ្ធតែចង់ក្លាយជាអ្នកជំនួញ ព្រោះជឿជាក់ថា អាចរកលុយបានច្រើន។ ប៉ុន្តែ មិនមែននរណាម្នាក់ អាចក្លាយជាអ្នកជំនួញបានទេ។ ប្រសិនជាអ្នកមានសញ្ញាទាំងនេះ អ្នកគួរតែរកការងារធ្វើវិញប្រសើរជាង៖
១) ខ្លាចការបដិសេធ៖ ក្នុងនាមជាអ្នកជំនួញ វាជៀសមិនផុតទេដែលអ្នកនឹងឮពាក្យថា "ទេ”។ ដូច្នេះហើយ ប្រសិនជាអ្នកមិនអាចទទួលយកអារម្មណ៍នេះបាន អ្នកមិនសក្ដិសមជាអ្នកជំនួញទេពីព្រោះថាអ្នកនឹងមិនងាយរកបានអតិថិជនថ្មីៗឡើយ។ ប្រសិនជាអ្នកនៅតែមិនអាចគ្រប់គ្រងអារម្មណ៍នេះបាន ការងាររកស៊ីហាក់ដូចជាមិនត្រូវនឹងអ្នកទេ។
២) លុយមិនមែនជាកម្លាំងចិត្តរបស់អ្នក៖ សម្រាប់មនុស្សមួយចំនួនគិតថា លុយមិនមែនជាកត្តាសំខាន់ទេ។ ប៉ុន្តែ ក្នុងនាមជាអ្នកជំនួញ ការរកលុយបានឲកាន់តែច្រើន គឺមានសារៈសំខាន់សម្រាប់ពួកគាត់។ វាមិនមានន័យថា ពួកគាត់លោភលន់នោះទេ។ ដូច្នេះហើយ ប្រសិនជាអ្នកគ្មានកម្លាំងចិត្តនេះទេ ជំនួញរបស់អ្នកក៏មិនអាចដើរទៅមុខបានដែរ។
៣) អ្នកជាមនុស្សអវិជ្ជមាន៖ អ្នកជំនួញគឺត្រូវរក្សាភាពវិជ្ជមានជានិច្ចជាពិសេសនៅចំពោះមុខអតិថិជន។ អីចឹងហើយប្រសិនជាអ្នកមានគំនិតអវិជ្ជមានច្រើនជាងវិជ្ជមាន អ្នកមិនសក្ដិសមនឹងអាជីពនេះទេ។
៤)អ្នកចូលចិត្តពន្យារពេល៖ អ្នកជំនួញគឺជាមនុស្សដែលចេះចាប់ផ្តើមដោយខ្លួនឯង។ បើមិនអីចឹងទេ ពួកគេមិនអាចជោគជ័យក្នុងជំនួញឡើយ។ ការជ្រើសរើសការពន្យារពេល មានន័យថា អ្នកផ្តល់ឱកាសដល់គូប្រកួតរបស់អ្នក៕
ប្រែសម្រួល៖ អ៊ឹង មួយយូ ប្រភព៖www.lifehack.org