ឃើញគំរូទូរស័ព្ទរបស់ Sharp នេះហើយ អ្នកប្រាកដជាលាន់មាត់សរសើរមិនខាន ព្រោះស្ទើរតែគ្មានគែមអេក្រង់
Sharp ដែលជាក្រុមហ៊ុនអេឡិចត្រូនិកធំមួយក្នុងចំណោមក្រុមហ៊ុនអេឡិចត្រូនិកជប៉ុនធំៗដទៃ និងត្រូវបានទិញយកដោយ Foxconn កាលពីខែកុម្ភៈកន្លងទៅនោះ ថ្មីៗនេះ ទើបបានបញ្ចេញគំរូទូរស័ព្ទធ្វើឱ្យសាធារណជនសរសើរអំពីការឌីហ្សាញរបស់វា។ វាអាចជាស្មាតហ្វូនជំនាន់ថ្មីនៅពេលឆាប់ៗខាងមុខ ដែលមានគែមអេក្រង់យ៉ាងស្ដើង ខុសប្លែកពីទូរស័ព្ទទំនើបៗបច្ចុប្បន្ន។ ចំណុចប្លែកខ្លាំងគឺនៅលើសាច់អេក្រង់ផ្នែកខាងលើ ត្រូវបានស្រោបជិត គ្មាននៅសល់សាច់ទូរស័ព្ទនោះឡើយ។
គំរូស្មាតហ្វូនដែលត្រូវបានហៅឈ្មោះថា Sharp Corner R នេះ ពិតជាមានការឌីហ្សាញថ្មីប្លែកខុសគេ ដោយមានគែមយ៉ាងស្ដើង ក្នុងនោះគេសង្កេតឃើញគែមទូរស័ព្ទទាំងបួនជ្រុង ក្រាលដោយកញ្ចក់កោងបញ្ឆិតបន្តិច ដែលមានលក្ខណៈទំនើប។ វាបានប្រើបច្ចេកវិទ្យា IGZO ជួយឱ្យអេក្រង់មានដង់ស៊ីខ្ពស់រហូតដល់ 1000ppi ហើយមានអេក្រង់ទំហំ ៥,២អ៊ីញកម្រិត 1080px x 1920px ។
គំរូទូរស័ព្ទទំនើបនេះ ត្រូវបានណែនាំនៅពិព័រណ៍បច្ចេកវិទ្យា CEATECH 2016 ក្នុងប្រទេសជប៉ុន ថ្ងៃព្រហស្បតិ៍ម្សិលមិញ។ យ៉ាងណាក្រុមហ៊ុនមិនបានបញ្ជាក់កាលបរិច្ឆេទ នឹងផលិតស្មាតហ្វូននេះ សម្រាប់ដាក់លក់ជាសាធារណៈនៅឡើយ៕ ចុះបើមានលក់លើទីផ្សារ តើប្រិយមិត្តពេញចិត្ត នឹងសាកល្បងប្រើប្រាស់ Sharp Corner R នេះដែរឬទេ?