Kodak ជន្លស្មាតហ្វូនថ្មីមួយទៀត រំពឹងនឹងទំនើបជាងស្មាតហ្វូនដំបូង IM5 អាចវែកមុខនៅថ្ងៃ២០ តុលានេះ
Kodak ដែលគេស្គាល់ថា ជាក្រុមហ៊ុនបច្ចេកវិទ្យាមានជំនាញផ្នែកផលិតផលរូបភាព (Image Product) ស្នាក់ការនៅអាមេរិក បន្ទាប់ពីទើបបានបោះជំហានជើងថ្មី ប្រលូកចូលជំនួញស្មាតហ្វូននៅដើមឆ្នាំ២០១៦ ដោយបានចេញទូរស័ព្ទដំបូងម៉ូដែល IM5 រួចមក ពេលនេះ ក្រុមហ៊ុនគ្រោងសម្ពោធទូរស័ព្ទទី២ ជាបន្ត។ ថ្មីៗនេះ ក្រុមហ៊ុនបានបង្ហោះរូប Poster មួយសន្លឹកដែលជារូបស្មាតហ្វូនថ្មី មានប៊ូតុង Home រាងមូលចំកណ្ដាល រំលេចដោយអក្សរ K និងមានបញ្ជាក់កាលបរិច្ឆេទ ថ្ងៃទី២០ តុលា។ កាលបរិច្ឆេទនេះ ត្រូវគេអះអាងថា នឹងជាពេលវេលាក្រុមហ៊ុន Kodak សម្ពោធស្មាតហ្វូនថ្មីទី២ របស់ខ្លួន។
ស្មាតហ្វូនថ្មីនេះ នឹងមិនខុសគ្នាជាមួយ IM5 ឡើយ ពោល វានៅតែជាស្មាតហ្វូន Android ប៉ុន្តែវានឹងទំនើបជាងម៉ូដែលមុន។ សូមបញ្ជាក់ថា ស្មាតហ្វូនដំបូង IM5 របស់ Kodak គឺជាស្មាតហ្វូនធុនមធ្យមប៉ុណ្ណោះ ចំណែកស្មាតហ្វូនទី២ នេះ ត្រូវគេរំពឹងថា នឹងទំនើបជាងមុន សមត្ថភាពខ្ពស់ជាងមុន។
ស្មាតហ្វូនដំបូង IM5 ដែល Kodak បានប្រកាសនៅក្នុងព្រឹត្តិការណ៍ CES 2016 ដើមឆ្នាំនេះ បានភ្ជាប់មកជាមួយលក្ខណៈសម្បត្តិមធ្យមដូចជា៖ អង្គប្រតិបត្តិ octa-core ល្បឿន 1.7GHz MediaTek មានអេក្រង់ ៥អ៊ីញកម្រិត 720p ហើយមានតម្លៃប្រហែល ៣១០ដុល្លារអាមេរិក។
ខណៈពេលនេះ អ្វីដែលជាអាចធ្វើបាន គឺមានតែរង់ចាំអ៊ុតមើលថាតើ ស្មាតហ្វូនជំនាន់ទី២ របស់ Kodak នឹងមានអ្វីខ្លះពិសេស? បើជាស៊េរីទូរស័ព្ទធុនមធ្យម ប្រហែលតម្លៃរបស់វា គឺអាចពិចារណាបានហើយ៕