តើគួរធ្វើយ៉ាងណា ប្រសិនបើអ្នកជាប់គាំងចម្លើយអំឡុងពេលសម្ភាសន៍ការងារ?
ប្រសិនបើអ្នកនឹកមិនឃើញចម្លើយនៅពេលគេសម្ភាសន៍អ្នកនោះ ការសំងំនៅស្ងៀមវាកាន់តែពិបាកដល់រូបអ្នក។ តែខាងក្រោមនេះ អ្នកអាចសិក្សាដឹងពីវិធីខ្លះៗ ដែលត្រូវធ្វើពេលជួបសភាពការណ៍បែបនោះ៖
១) ត្រជាក់ចិត្ត៖ អ្នកត្រូវធ្វើខ្លួនឯងឲ្យត្រជាក់ចិត្តជាមុនសិន ដើម្បីបិទបាំងថាខ្លួនឯងកំពុងតែមិនចេះ។ អ្នកមិនអាចរុញច្រានខ្លួនឯងឲ្យប្រញាប់ឆ្លើយសំណួរនោះទេ ព្រោះថា អ្នកប្រហែលជាមិនអាចគិតបានគ្រប់ជ្រុងជ្រោយ។ ព្យាយាមដកដង្ហើមមួយៗ ហើយស្វែងរកពាក្យដែលអ្នកគិតថាសមរម្យនឹងនិយាយបាន។
២) កុំប្រាប់គេថា អ្នកឆ្លើយមិនបានអី៖ អ្នកមិនអាចប្រាប់គេ ថាសំណួរនេះ អ្នកមិនអាចឆ្លើយបានទេ ។ ទោះបីវាពិបាកខ្លាំងសម្រាប់អ្នកកម្រិតណា អ្វីដែលគួរធ្វើគឺព្យាយាមឆ្លើយវា ឲ្យអស់សេចក្ដី ទើបល្អ។
៣) សួរសំណួរទៅគេវិញ៖ អាចថា អ្នកមិនទាន់យល់ច្បាស់ពីសំណួរ អ្នកត្រូវសួរគេបញ្ជាក់ពីអត្ថន័យនៃសំណួរនោះ។ គេអាចនឹងពន្យល់អ្នកកាន់តែក្បោះក្បាយ ហើយអ្នកនឹងអាចឆ្លើយពីវាបានជាមិនខាន។
៤) ប្រាប់គេពីដំណើរនៃការគិតរបស់អ្នក៖ អាចថា គេសរសំណួរពិបាកខ្លាំង បំផុត ហើយអ្នកអស់លទ្ធភាពឆ្លើយ ពិតមែន។ តែអ្នកក៏ត្រូវបង្ហាញគេដែរ ថា អ្នកបានគិតរកចម្លើយគ្រប់វិធីអស់ហើយ តែអ្នកនៅតែមិនអាចឆ្លើយវាបានល្អ។ អ្នកសម្ភាសន៍នោះ ពេលខ្លះគេសួរសំណួរពិបាក មិនមែនចង់ដឹងថា អ្នកឆ្លើយបានឬមិនបាននោះទេ តែដោយសារតែចង់ដឹងការតស៊ូ និងការប្រើប្រាស់គំនិតក្នុងការគិតរកមធ្យោបាយរបស់អ្នកក៏ថាបាន។ ដូចនេះ ទោះបីឆ្លើយមិនបានឬបានក្ដី អ្នកត្រូវបង្ហាញពួកគេឲ្យដឹងថា តើអ្នកខំយ៉ាងណាខ្លះ ដើម្បីដោះស្រាយបញ្ហាដែលគេបានចោទសួរនោះ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ www.popsugar.com