បើបានឮ Spec របស់កំពូលស្មាតហ្វូនគ្មានពីរលើលោក Cadenza នេះហើយ លោកអ្នកច្បាស់ជានឹងសរសើរមិនដាច់ពីមាត់
ស្របពេលស្មាតហ្វូនស៊េរីក្រោយៗ បង្ហាញខ្លួនអមដោយលក្ខណៈសម្បត្តិខ្ពស់ៗ ចំណែកទូរស័ព្ទមួយគ្រឿងដែលទើបត្រូវគេរាយការណ៍នេះ នឹងធ្វើឱ្យលោកអ្នក កោតសរសេរទៅលើលក្ខណៈសម្បត្តិខ្ពស់បំផុត មិនទាន់មានស្មាតហ្វូនបច្ចុប្បន្នណាមួយ អាចប្រៀបបាន។ ទូរស័ព្ទទំនើបនេះមានឈ្មោះ Turing Phone Cadenza ដែលជាសមិទ្ធផលរបស់ក្រុមហ៊ុន Turing Robotics Industries (TRI)។ យ៉ាងណា វាស្ថិតនៅត្រឹមជាការស្រមើស្រមៃ ជាគំរូ (concept) ទូរស័ព្ទនៅឡើយ។
ទូរស័ព្ទ Turing Phone Candenza នឹងចែកចេញពីរម៉ូដែល អាស្រ័យលើលក្ខណៈ សម្បត្តិ រួមមាន៖ ម៉ូដែលបំពាក់ដោយឈីប Snapdragon 830 SoC ដែលនឹងត្រូវប្រកាសផ្លូវការនៅដើមឆ្នាំ២០១៧ ខាងមុខ ហើយមាន RAM ទំហំយក្សរហូតដល់ 12GB និងមួយម៉ូដែលទៀតបំពាក់ដោយ Snapdragon 830 ដូចគ្នា តែមាន RAM 8GB។
ស្មាតហ្វូន Cadenza ត្រូវគេរំពឹងថា នឹងបំពាក់កាមេរ៉ាមុខទំហំ 20MP ហើយខាងក្រោយទំហំរហូតដល់ 60MP បច្ចេកវិទ្យា iMAX 6K Quad Rear Camera, មាន Lens / T1.2” ចំនួន៣ ហើយអាចមាន F1.2 aperture lens។ វានឹងប្រើប្រាស់បច្ចេកវិទ្យា real terminology។ កាមេរ៉ា 60MP នឹងអាចថតវីដេអូកម្រិតរហូតដល់ 6K ដែលអាចមានមេម៉ូរីម៉ាស៊ីនទំហំរហូតដល់ 1TB ហើយអាចបន្ថែម microSD ចំនួន ២បន្ទះបាន។
កាន់តែមិនធម្មតានោះ ស្មាតហ្វូន Candenza នឹងអាចប្រើប្រាស់ស៊ីមកាតរហូតដល់ទៅ ៤ ប្រភេទ nanoSIM និង WiGig។ វានឹងប្រើប្រាស់ប្រភពថាមពលថ្មចំនួន ៣ គឺ 2400mAh graphene superconductor, ថ្ម 1600mah lithium ion និង hydrogen fuel cell។
រង់ចាំមើលទាំងអស់គ្នាថា ប្រសិនស្មាតហ្វូន Candenza ពិតជានឹងចាប់បដិសន្ធិមែន តើអនាគតវា នឹងអាចច្បាមយកទីផ្សារស្មាតហ្វូនកម្រិតណា បើលក្ខណៈសម្បត្តិខ្ពស់ គ្មានគូប្រៀបដូច្នេះ?