កំពូលទូរស័ព្ទ iPhone 7 នឹងមានល្បឿន 2.4GHz A10, RAM 3GB មុខងារមិនចូលទឹក (water-resistance) និងមានពណ៌ថ្មីសរុប ៥ពណ៌
ខណៈព្រឹត្តិការណ៍សម្ពោធ iPhone 7 កាន់តែខិតជិតមកដល់ គឺនៅថ្ងៃទី៧ ប៉ុន្មានថ្ងៃខាងមុខ ចំណែករបាយការណ៍ថ្ងៃនេះ បានបន្តអះអាងទៀតថា iPhone ជំនាន់ទី១០ នេះ នឹងបំពាក់ឈីប A10 ល្បឿន 2.4GHz ដំណើរការលឿនជាងមុន។ មិនតែប៉ុណ្ណោះទំហំ RAM ក៏នឹងត្រូវបង្កើនទំហំដល់ 3GB ធំជាង iPhone 6s/ 6s Plus ដែលមានតែ 2GB។ នេះដោយយោងតាមក្រុមហ៊ុន KGI Securities។
គេហទំព័រ 9to5Mac បានធ្វើការសេចក្ដីរាយការណ៍អំពីរបាយការណ៍ KGI ទាក់ទងនឹងលក្ខណៈសម្បត្តិជាច្រើនជុំវិញ iPhone 7 និង 7 Plus។ iPhone ស៊េរីក្រោយនេះ នឹងបំពាក់ឈីប Apple A10 អមដោយ CPU ល្បឿន 2.4GHz ដែលលឿនជាងឈីបជំនាន់មុន A9 ល្បឿនត្រឹម 1.8GHz នៅលើសែស្រឡាយ iPhone 6s កន្លងទៅ។ វាក៏នឹងលឿនជាង ឈីប A9X ដែលបំពាក់នៅលើស៊េរី iPad Pro ល្បឿន 2.26GHz។
iPhone 7 និង iPhone 7 Plus នឹងមានជម្រើសមេម៉ូរី ៣ទំហំផ្សេងគ្នាគឺចាប់ពី 32GB / 128GB និង 256GB ហើយអាចមាន ៥ពណ៌គឺ ទឹកប្រាក់ ទឹកមាស មាសក្រហម (ដែលឃើញមាននៅលើស៊េរី iPhone 6s) ពណ៌ខ្មៅឃ្លីក (dark black) និងព្យាណូខ្មៅ (Piano Black)។ ក្នុងនោះពណ៌ Piano Black អាចនឹងជាម៉ូដែលពិសេស មានទំហំមេម៉ូរីធំជាងគេ ខណៈដែលពណ៌ប្រផេះ (Space Gray) នឹងលែងមានហើយ។
ប្រភពព័ត៌មានជាច្រើនកន្លងមកអះអាងថា iPhone 7 Plus នឹងមាន RAM 3GB ខណៈដែល iPHone 7 គួរតែមាន RAM 2GB ដដែលដូច iPhone 6s។ មូលហេតុ iPhone 7 Plus នឹងមាន RAM ធំជាងអាចមកពី 7 Plus ប្រើកាមេរ៉ាក្រោយចំនួន២ ដូច្នេះត្រូវការសមត្ថភាព RAM ខ្ពស់ជាង។ iPhone 7 Plus នឹងមានកាមេរ៉ាក្រោយទំហំ 12MP ហើយអាចមានភ្លើងជំនួយកាមេរ៉ា (LED Flash) ដល់ទៅ៤ គ្រាប់។
លើសពីនេះ iPhone 7 ទាំងពីរម៉ូដែលក៏នឹងត្រូវបញ្ចូលបច្ចេកវិទ្យាមិនជ្រាបទឹក (water-resistant) ប្រភេទ Ipx7 ស្រដៀងនឹង Apple Watch។ វានឹងអាចធន់ជម្រៅទឹក ១ម៉ែត្រ រយៈពេល ៣០នាទី។ iPhone 7 និង 7 Plus នឹងលែងប្រើរន្ធកាស 3.5mm តទៅ ហើយជំនួសមកវិញនូវរន្ធ Lighting EarPod ជំនួសវិញ៕