គួរពិនិត្យមើល១០ចំណុចនេះ មុនទិញកុំព្យូទ័រ Mac ឬ Windows PC
និយាយដល់ចំណុចមួយនេះ អ្នកប្រើភាគច្រើនប្រាកដជាលើកហេតុផលចម្បងថា ដោយសារ «ប្រើកុំព្យូទ័រ Mac (iMac, MacBook Pro, MacBook Air) មិនឆ្លងមេរោគ ម្យ៉ាងទៀតដោយសារភាពទំនើបរបស់វា និងមានដំណើរការលឿនជាង Windows ឆ្លើយតបសម្រាប់សំណួរថា តើហេតុអ្វីប្រើកុំព្យូទ័ររបស់ Apple។ យ៉ាងណា វាមិនដូច្នេះទាំងស្រុងឡើយ ហើយក៏នៅមានហេតុផលមួយចំនួនទៀត ដែល ឱ្យអ្នកប្រើអាចប្រើសម្រាប់ពិចារណា មុនជ្រើសរើសកុំព្យូទ័រ Mac ឬ Windows PC។ ខាងក្រោមនេះ គឺជាចំណុច ១០យ៉ាង ដែលគេប្រើសម្រាប់វាយតម្លៃកុំព្យូទ័រ Mac និង Windows PC ហើយអ្នកក៏អាចប្រើសម្រាប់សម្រេចជ្រើសរើសរវាង Mac និង Windows PC បានដែរ។
១០) កុំព្យូទ័រ (PC) ដែលដំណើរការដោយ Windows មានបញ្ហាខ្លះៗ នៅត្រង់កម្មវិធីលោតផ្ទាំង error ឬផ្ទាំងកម្មវិធីផុតកំណត់មានលក្ខណៈ ស្មុគស្មាញ ប៉ុន្តែ Mac ពុំដូច្នោះទេ៖
នៅពេលអ្នកទិញកុំព្យូទ័រលើតុ (Desktop PC) ឬកុំព្យូទ័រយួរដៃ (Laptop PC) មកប្រើ កម្មវិធីដែលអ្នកលក់ដំឡើងឱ្យមួយចំនួន ពុំមានលក្ខណៈពេញលេញនោះទេ មានន័យថា ជាកម្មវិធីត្រូវការទិញអាជ្ញាប័ណ្ណ (license) ដើម្បីអាចប្រើបានរហូត ឬប្រើបានរយៈពេលជាឆ្នាំដូចជាកម្មវិធីកម្ចាត់មេរោគ (Anti-virus) ជាដើម។
បើតាមគេហទំព័រ geekstopten បានឱ្យដឹងថា Software ប្រមាណ ៩០% ដែលដំណើរការលើកុំព្យូទ័រប្រើប្រាស់ Windows OS មានលក្ខណៈមិនពេញលេញ ដែលនឹងផុតកំណត់ក្នុងរយៈពេលខ្លី (trial version)។ លុះនៅពេលផុតកំណត់ កម្មវិធីនឹងបង្ហាញផ្ទាំងតម្រូវឱ្យអ្នកចុះឈ្មោះទិញ ឬបញ្ចូល serial ផ្សេងៗ ដែលអាចបង្កភាពស្មុគស្មាញដល់អ្នកប្រើបាន។ ម្ចាស់កុំព្យូទ័រខ្លះ បានព្យាយាមលុបកម្មវិធីមិនពេញលេញទាំងនោះចេញពីម៉ាស៊ីនរបស់ខ្លួន ប៉ុន្តែត្រូវចំណាយពេល Unistall រហូតពេលខ្លះអាចប៉ះពាល់ដល់ប្រព័ន្ធប្រតិបត្តិការ ធ្វើឱ្យកាន់តែខាតពេលច្រើនទៅទៀត។
៩) PC ឆ្លងមេរោគ ចំណែក Mac មិនទាន់មានការវាយប្រហារពីមេរោគច្រើននោះទេ៖
កុំព្យូទ័រប្រើ Windows តម្រូវឱ្យអ្នកប្រើមានការប្រុងប្រយ័ត្ន និងដំឡើងកម្មវិធីកម្ចាត់មេរោគដើម្បីបញ្ចៀសការងាយឆ្លងមេរោគ។ មិនតែប៉ុណ្ណោះ ម្ចាស់កុំព្យូទ័រត្រូវធ្វើបច្ចុប្បន្នភាពនិយមន័យស្កេនមេរោគជាទៀងទាត់ (Update Virus Definition), ស្កេនមេរោគលើកុំព្យូទ័រ, ប្រយ័ត្នប្រយែងរាល់ពេលដោតឧបករណ៍ (Removable device) ជាមួយរន្ធ USB ម្ដង ព្រោះខ្លាចឆ្លងមេរោគ។ បែបនេះ អាចធ្វើឱ្យកុំព្យូទ័រទាំងឡាយដែលបំពាក់ hardware ជំនាន់ទាប ដំណើរការយឺតបាន។
ដោយឡែកសម្រាប់កុំព្យូទ័រ Mac វិញ គឺពុំចាំបាច់មានការប្រុងប្រយ័ត្នខ្លាំងពេកដូចជា Windows PC នោះទេ ព្រោះថា នៅលើប្រព័ន្ធប្រតិបត្តិការ OS X របស់ក្រុមហ៊ុន Apple មិនសូវមានអ្នកសរសេរកម្មវិធីបង្កើតមេរោគ (virus) វាយប្រហារលើប្រព័ន្ធនេះដូច Windows ដែលពេញនិយមខ្លាំងនោះទេ។កុំព្យូទ័រ MacBook មានលក្ខណៈពិសេសចំពោះការបិទ (Shut down) និងបើកដំណើរការ (booting) ម៉ាស៊ីនវិញមានល្បឿនលឿនទាន់ចិត្ត។
៨) Mac អាចប្រើប្រព័ន្ធប្រតិបត្តិ Windows និង OS X៖
នៅលើស៊េរីកុំព្យូទ័រ Mac របស់ Apple អាចឱ្យអ្នកប្រើដំឡើងប្រព័ន្ធប្រតិបត្តិការ Windows ថែមទៀតក្រៅពីជំនាន់ OS X ដែលផ្ដល់ជម្រើសងាយស្រួលដល់អ្នកប្រើបាន។
៧) Mac ផលិតឡើងមានលក្ខណៈស្តង់ដារ ទាំងកម្មវិធី (Application) និងផ្នែកសមាសធាតុ hardware គឺល្អជាង PC៖
នៅពេលអ្នកទិញ Mac មកប្រើ វាបានភ្ជាប់មកជាមួយ Software ល្អៗ (cool software) ដែលអ្នកទាំងឡាយចូលចិត្ត។ កម្មវិធី iLife ជាឧទាហរណ៍ស្រាប់ដែល Apple បង្កើត និងដាក់ឱ្យដំណើរការលើគ្រប់ស៊េរី Mac ឥតគិតថ្លៃ, កម្មវិធី iPhoto, Garageband, iMovie និង iDVD មានមុខងារហៅចូល (import) រូបថត និងវីដេអូ, កែ (edit) និងនាំចេញ (export) ឯកសារទាំងនោះ ហើយក៏អាច burn នៅក្នុង DVD បានងាយស្រួលផងដែរ។ ចំណែក iBook ជាកម្មវិធីមានអត្ថប្រយោជន៍ស័ក្ដិសមប្រើចំពោះនិស្សិត។ នៅមានកម្មវិធីល្អៗជាច្រើនទៀតដូចជា៖ iCal, Calculator, Facetime និង Address Book ជាដើម ដែលមានដំណើរការលឿនស្រួលប្រើ។
៦) Windows មុននឹងជ្រើសរើសកម្មវិធីបានត្រឹមត្រូវ គឺអាចនឹងចំណាយពេលយូរ ទើបអាចរកបានSoftware ដែលត្រូវការ (Windows: You cannot find right software the first time)៖
នៅពេលអ្នកស្វែងរក Software ល្អដែលអ្នកត្រូវការសម្រាប់កុំព្យូទ័រដំណើរការដោយ Windows OS របស់អ្នក គឺត្រូវការពេលវេលាដើម្បីស្វែងរក។ កម្មវិធីមួយចំនួន ដែលអ្នកប្រើត្រូវការមួយចំនួនជាប្រភេទ toolbars និងជាប្រភេទកម្មវិធីជំនួយល្បឿនដំណើរការប្រព័ន្ធ (system speed optimization tools) ប៉ុន្តែ ទម្រាំដំឡើងចំកម្មវិធីដែលខ្លួនពេញចិត្ត គឺត្រូវលុបដំឡើងលុបដំឡើងច្រើនសារ។ លើសពីនេះ កម្មវិធីខ្លះបែរជាធ្វើឱ្យល្បឿនកុំព្យូទ័រយឺតជាងមុនទៅវិញ។
ដោយឡែក ក្រុមហ៊ុន Apple មានសហគមន៍អ្នកអភិវឌ្ឍកម្មវិធី (Developer Community) ប្រកបដោយសមត្ថភាពខ្ពស់ សម្រាប់ធ្វើការជាមួយកម្មវិធីនៅលើ Mac (Mac Apps)។ កម្មវិធីទាំងអស់គឺសុទ្ធតែត្រូវបានសរសេរឡើងយកចិត្តទុកដាក់ ឱ្យដំណើរការនៅលើ Mac hardware បានល្អ ហើយកុំព្យូទ័រទោះជាបានដំឡើងកម្មវិធីច្រើនក៏នៅតែដំណើរការមានសមត្ថភាព។ បើទោះបីកម្មវិធីខ្លះមានទាំងនៅលើ Mac និង Windows ក៏ដោយ ប៉ុន្តែជំនាន់ (version) កម្មវិធីនៅលើ Mac គឺមានការចាប់អារម្មណ៍ខ្លាំងជាង។
៥) បុគ្គលិក Apple ណែនាំប្រាប់ និងជួយអតិថិជនអស់ពីចិត្ត (You know they are going to help You)៖
នៅពេលអ្នកចង់ទិញកុំព្យូទ័រថ្មីពីតាមបណ្ដាសាខាក្រុមហ៊ុន Apple បុគ្គលិកនៅទីនោះ នឹងណែនាំ Mac ដែលមានសមត្ថភាពល្អស័ក្ដិសមជាងគេសម្រាប់តម្រូវការរបស់អ្នក។ បុគ្គលិកថែមទាំងជួយដំឡើង (Setup) ម៉ាស៊ីន Mac ថ្មីនោះ និងអាចបង្រៀនអំពីការប្រើដល់អតិថិជនថែមទៀត។ អ្នកថែមទាំងអាចណាត់ជួបបុគ្គលិកតាមអនឡាញ តាមកុំព្យូទ័រនៅផ្ទះរបស់អ្នកផ្ទាល់ ដើម្បីជួយដោះស្រាយបញ្ហាផ្សេងៗដល់អ្នក។ កាន់តែពិសេសសម្រាប់និស្សិត ក្រុមហ៊ុននឹងលក់បញ្ចុះតម្លៃទាំង Hardware និង Software។
៤) កម្មវិធីកាត់តរូបភាពមានដំណើរការរលូនល្អស្រួលប្រើមិនមានបញ្ហា error ដូច Windows ទេ មានដូចជាកម្មវិធី Photoshop, Final Cut Pro X, Logic …(Photoshop, Final Cut Pro X, Logic... No problem, bring it on!)៖
ចំពោះអ្នកកំពុងស្វែងរកស្ទូឌីយោផ្នែកតន្ត្រី (Professional Music Studio) ឬការិយាល័យការងារផ្នែកកាត់តវីដេអូ និងរូបភាពផ្ដល់ផាសុកភាពដល់អ្នកនោះ គឺទីតាំងដែលបំពាក់ដោយម៉ាស៊ីន Mac ជាការល្អប្រសើរ។ នេះមិនមែនតែដោយសារ Mac មានសមត្ថភាពខ្ពស់ និងដំណើរការលឿនប៉ុណ្ណោះទេ តែ Mac ថែមទាំងជាកុំព្យូទ័រមានរូបរាងស្អាតទាន់សម័យ ផ្ដល់អារម្មណ៍ការងារបានល្អ។ ឯកសារតន្ត្រីមានគុណភាពខ្ពស់ៗ វីដេអូមានកម្រិតវីដេអូ 4K នៅលើ Mac ហើយក្នុងនោះ MacBook Pro គឺជាកុំព្យូទ័រយួរដៃដែលមានសមត្ថភាពបែបនេះ។
៣) ចំពោះ Laptop ដែលមានថាមពលថ្មប្រើបានយូរ គឺគេឱ្យតម្លៃទៅលើកុំព្យូទ័រយួរដៃ MacBook៖
ថ្មនៅលើកុំព្យូទ័រយួរដៃនាពេលបច្ចុប្បន្នមានកម្រិតថាមពលខ្ពស់ៗ ប៉ុន្តែមិនប្រាកដថា ជួយឱ្យ Laptop ប្រើបានរយៈពេលយូរនោះទេ។ ជាមធ្យម Laptop ទិញថ្មី មានថ្មកាន់បាន ៤ម៉ោង ទៅ៥ម៉ោង តែក៏មានរហូតដល់ ៧-៨ម៉ោង ឬខ្លះរហូតដល់ ១០ម៉ោងក៏មាន។ ចំណែក Mac វិញជាទូទៅមានអាយុកាលថ្មប្រើប្រាស់បានរយៈពេលយូរៗ បើធៀបនឹងថ្មកុំព្យូទ័រយួរដៃផ្សេងៗ គឺទទួលបានចំណាត់ថ្នាក់ល្អជាង។
២) ការរចនា (Design)៖
ចំពោះការឌីហ្សាញរូបរាងផ្នែកទាំងឡាយនៅលើ Mac គឺមានភាពទាន់សម័យស្អាត អេក្រង់ថ្លាត្រជាក់ភ្នែក និងសូម្បីតែរន្ធតំណភ្ជាប់ USB, HDMI, SDXC card រន្ធកាស, រន្ធ Lightning និងរន្ធ Mic គឺសុទ្ធតែមានបែបបទរចនាទាន់សម័យ។
១) Apple ជាម្ចាស់ទាំង Hardware និង Software៖
ដោយសារតែបែបនេះហើយ ទើបការអភិវឌ្ឍ រួមជាមួយការរចនាគឺសុទ្ធតែត្រូវបាន Apple យកចិត្តទុកដាក់ម៉ត់ចត់ ដើម្បីទាក់ទាញអតិថិជនឱ្យកាន់តែច្រើនឡើងៗ ជាក់ស្ដែងល្បឿនលឿន រូបរាងស្អាតទាន់សម័យ។ ចំណែក Windows គឺជាប្រព័ន្ធប្រតិបត្តិការរបស់ Microsoft ហើយត្រូវបានក្រុមហ៊ុនផលិតកុំព្យូទ័រចុះកិច្ចព្រមព្រៀងដើម្បីយកទៅបំពាក់លើ Hardware របស់ខ្លួន។ ដូច្នេះ បើទោះបី Microsoft ខិតខំអភិវឌ្ឍ Operating System បានល្អឥតខ្ចោះយ៉ាងណាក៏ដោយ ប៉ុន្តែការងារបន្ទាប់ដែលអាចអន្ទងចិត្តអតិថិជនបានច្រើនឬអត់ គឺអាស្រ័យលើក្រុមហ៊ុនផលិត Hardware តើមានសមត្ថភាពខ្ពស់ រូបរាងទាន់សម័យកម្រិតណា។ សង្កេតឃើញ កុំព្យូទ័រនាពេលបច្ចុប្បន្នត្រូវបាននិងដាក់លក់ក្នុងតម្លៃធូរថ្លៃ ដូច្នេះចំពោះសមត្ថភាព hardware ក៏ទៅតាមនោះដែរ៕