Bloomberg: Apple Watch 2 នឹងមិនអាចប្រើស៊ីមបានទេតែនឹងផ្ដោតលើមុខងារកំណត់ទីកន្លែង (GPS)​



នាឡិកា Apple Watch ស៊េរីក្រោយរបស់ក្រុមហ៊ុន Apple ត្រូវគេរំពឹងថា នឹងបង្ហាញខ្លួននៅអំឡុងចុងឆ្នាំ២០១៦ នេះហើយ។ ឆ្លើយតបនឹងចចាមអារ៉ាមកន្លងទៅថា Apple Watch 2 នឹងទំនើបជាងមុន អាចដាក់ស៊ីមបាន ប៉ុន្តែរបាយការណ៍ចុងក្រោយនេះ អះអាងថា នាឡិកាឆ្លាតជំនាន់ទី២ នេះ នឹងពុំទាន់អាចដាក់ស៊ីមកាតបាននៅឡើយ ប៉ុន្តែក្រុមហ៊ុននឹងផ្ដោតអភិវឌ្ឍលើប្រព័ន្ធស្វែងរកទីតាំង GPS វិញ។ នេះបើតាមសេចក្ដីរាយការណ៍ពីគេហទំព័រ Bloomberg។ តាមសេចក្ដីរាយការណ៍នេះ អះអាងថា ឈីបតំណភ្ជាប់សេវា (Cellular connection chip) ដែល Apple មានបំណងប្រើប្រាស់នៅលើនាឡិកា Apple Watch ស៊េរីក្រោយ អាចប៉ះពាល់ ដោយស៊ីថាមពលថ្មខ្លាំង។ ក្រុមហ៊ុន បង្វែរទិសទៅផ្ដោតលើគម្រោងអភិវឌ្ឍមុខងារ (feature) នៅលើ Apple Watch 2 ជំនួសវិញ។ ហើយក្រុមហ៊ុនក៏មិនបញ្ឈប់ការស្រាវជ្រាវផលិតឈីបទិន្នន័យសេវាឱ្យស៊ីថាមពលតិច ដើម្បីប្រើប្រាស់នៅលើ Apple Watch ជំនាន់ខាងមុខ។ ខណៈមិនទាន់អាចប្រើស៊ីមកាតបាន របាយការណ៍បានលើកឡើងថា Apple Watch ថ្មីនឹងត្រូវក្រុមហ៊ុនយកចិត្តទុកដាក់អភិវឌ្ឍប្រព័ន្ធ GPS សម្រាប់ឃ្លាំមើលទីតាំងងាយស្រួល។ ហើយ Apple Watch 2 ក៏នឹងដើរតួនាទីជាឧបករណ៍តាមដានសុខភាព (fitness) ផងដែរ ដែលមុខងាររបស់វានឹងដំណើរការបានយ៉ាងត្រឹមត្រូវ។ លោក Ming-Chi Kuo អ្នកជំនាញវិភាគបាន បង្ហាញក្ដីរំពឹងថា នាឡិកា Apple Watch 2 នឹងមិនទាន់អាចដាក់ស៊ីមប្រើនៅឡើយ គឺត្រូវរង់ចាំរហូតដល់ Apple Watch ស៊េរីឆ្នាំ២០១៧ ខាងមុខ។ របាយការណ៍បានពីស្ថាប័នវិភាគទីផ្សារ IDC បង្ហាញថា នៅត្រីមាសទី២ ឆ្នាំ២០១៦ នេះ ចំនួនលក់នាឡិកាឆ្លាតវៃ មានការថយចុះ ៣២% ដែលជាការធ្លាក់ចុះលើកដំបូង។ ប៉ុន្តែ Apple នឹងនៅតែសម្រុកទីផ្សារ Smartwatch ដោយនឹងត្រៀមចេញ Apple Watch ជំនាន់ទី២ ដើម្បីវាយលុកទីផ្សារ។ ចំណែកប្រព័ន្ធប្រតិបត្តិការនាឡិកា WatchOS 3 ក៏នឹងត្រូវក្រុមហ៊ុន Apple ត្រៀមប្រកាសចេញផ្លូវការនៅចុងឆ្នាំ២០១៦ នេះផងដែរ ដែលជាពេលវេលា Apple Watch 2 បង្ហាញខ្លួនផ្លូវការ៕
X
5s