Samsung បន្ត​ត្រួសត្រាយ Tizen Smartphone ដោយ​ត្រៀម​​ចេញ Samsung Z2 ដើម្បី​ដក​ឃ្លា​ពី Android OS​



នៅដើមខែសីហានេះ ធ្លាប់មានសេចក្ដីរាយការណ៍ថា នឹងមានស្មាតហ្វូន Samsung Z2 ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Tizen OS ចេញបង្ហាញខ្លួនក្នុងពេលខាងមុខ។ ចំណែកថ្ងៃនេះ វីដេអូដែលបង្ហោះនៅលើវែបសាយគួរឱ្យទុកចិត្ត SamMobile ត្រូវគេអះអាងជា ស្មាតហ្វូនជំនាន់ថ្មីទៀតហើយ ដែលប្រើប្រាស់ប្រព័ន្ធ Tizen របស់ Samsung នោះគឺម៉ូដែល Z2។ Tizen OS គឺជាសមិទ្ធផលប្រព័ន្ធសូហ្វ៊ែរដែលបង្កើតដោយក្រុមហ៊ុន Samsung ផ្ទាល់។ ក្រុមហ៊ុនត្រូវគេសន្និដ្ឋានថា កំពុងរំកិលខ្លួនទៅជិតនឹង Tizen OS ហើយដកឃ្លាចេញពី Android OS របស់ Google។   https://youtu.be/p2KQCxVE2Uo Samsung Z2 បង្ហាញក្នុងវីដេអូខាងលើគឺ មានការឌីហ្សាញស្អាតលក្ខណៈ stylus design ហើយរំពឹងនឹងមានមុខងារឆ្លាតវៃ ក៏ដូចជាដំណើរការជាមួយសមត្ថភាពខ្ពស់។ គេសង្កេតឃើញតួខ្លួនទូរស័ព្ទនេះ ផលិតពីប្លាស្ទិក ហើយគាំទ្រប្រព័ន្ធ 4G LTE។ ស្មាតហ្វូនប្រើ Tizen OS ជំនាន់ទី២ នេះ នឹងបំពាក់ដោយមុខងារឆ្លាតវៃ ដូចជា៖ មានកម្មវិធី Money Transfer អាចឱ្យអ្នកផ្ញើប្រាក់ទៅគណនីរបស់អ្នកដទៃបាន។ ទូរស័ព្ទ Samsung Z2 ត្រូវគេជឿថា នឹងបំពាក់ដោយកាមេរ៉ា ៤អ៊ីញប្រភេទ AMOLED ប្រើបន្ទះឈីបប្រភេទ quad-core ល្បឿន 1.5GHz, RAM 1GB ហើយមេម៉ូរីទំហំ 8GB។ វីដេអូនេះ បង្ហាញឱ្យឃើញកាមេរ៉ាមុខ និងក្រោយរបស់ Samsung Z2 មានទំហំ 5MP ហើយបើតាមការទស្សន៍ទាយកន្លងមកថា វាអាចមានទំហំត្រឹម 0.3MP VGA ប៉ុណ្ណោះសម្រាប់កាមេរ៉ាខាងមុខ។ ចំពោះថ្មរបស់ Z2 អាចមានកម្រិតថាមពល 1500mAh ហើយអាចប្រើប្រាស់ប្រព័ន្ធសូហ្វ៊ែរ Tizen 2.4។ វីដេអូថែមទាំងបញ្ជាក់ទៀតថា ទូរស័ព្ទទំនើបនេះ នឹងបញ្ចូលដោយកម្មវិធីមានអត្ថប្រយោជន៍មួយចំនួនស្រាប់ ដូចជា WhatsApp ឬ Facebook។ Samsung Z2 ត្រូវគេរំពឹងថា នឹងបង្ហាញខ្លួនដំបូងលើទីផ្សារអាហ្វ្រិកខាងត្បូង និងឥណ្ឌា៕
X
5s