ចិនប្រុងចេញស្មាតហ្វូន RAM យក្សទំហំ 8GB នៅពេលឆាប់ៗខាងមុខ
រូបថត ២សន្លឹកទើបត្រូវគេទម្លាយនេះ ត្រូវគេអះអាងថា ជាកំពូលស្មាតហ្វូន LeEco Le 2S របស់ក្រុមហ៊ុនបច្ចេកវិទ្យាចិន LeEco ដែលមានទំហំ RAM រហូតដល់ 8GB។ Le 2S ត្រូវបានគេបង្ហោះចូលបណ្ដាញសង្គមចិន Weibo ថ្ងៃនេះ បង្កើតការចាប់អារម្មណ៍ជាមួយទំហំ RAM ដល់ធំរបស់វា។ វាអាចជាកំពូលទូរស័ព្ទដំណើរការបានយ៉ាងរលូន និងបំពេញមុខងារបានយ៉ាងល្អ ជាមួយឈីបជំនាន់ក្រោយ Snapdragon 821 ហើយមានថាមពលថ្មខ្ពស់។
នេះមានន័យថា ទូរស័ព្ទនឹងរត់ក្នុងល្បឿនអង្គប្រតិបត្តិកម្រិត quad-core លឿនជាង Snapdragon 820 ១០%។ Le 2S បំពាក់ក្រាហ្វិក Adreno 530 GPU សមត្ថភាពខ្ពស់ ហើយនឹងមានមេម៉ូរីទំហំ 64GB។
សូមបញ្ជាក់ថា ស្មាតហ្វូនដំបូងដែលបានប្រើប្រាស់ RAM 6GB កន្លងមកគឺ ម៉ូដែល Vivo Xplay 5 ដែលត្រូវបានណែនាំកាលពីខែមីនាកន្លងទៅ។ ស្មាតហ្វូន Android ស្ទើរទាំងអស់ក្នុងពេលបច្ចុប្បន្នគឺបានអមមកជាមួយ RAM 4GB រួមទាំង Galaxy Note 7។ ទោះជាយ៉ាងណា ផេប្លេតពិសេសនេះ នឹងមានលក់នៅទីផ្សារចិន ជាមួយម៉ូដែល Note 7 RAM 6GB ដើម្បីប្រកួតប្រជែងទីផ្សារស្មាតហ្វូនទំនើបនៅចិន។
LeEco បាននិយាយថា ក្រុមហ៊ុននឹងចេញលក់ស្មាតហ្វូនទំនើប RAM 8GB នេះនៅលើទីផ្សារអាមេរិក ក្នុងពេលខាងមុខ។ យ៉ាងណា លក្ខណៈសម្បត្តិក្រៅពីនេះ មិនទាន់ត្រូវបានគេទម្លាយចេញនៅឡើយ។ មានតែរង់ចាំអ៊ុតមើលទាំងអស់គ្នា តើក្រៅពី RAM យក្សនៅមានអ្វីទៀតអស្ចារ្យនៅលើ LeEco Le 2S?