Google នឹងប្រាប់អ្នកឱ្យដឹងជាមុនថា កម្មវិធី (app) ដែលអ្នកបម្រុង Download ចេញពី Play Store មានពាណិជ្ជកម្ម (ads) ឬអត់
ផ្សារកម្មវិធីទូរស័ព្ទ Google Play ត្រូវបានក្រុមហ៊ុន Google បញ្ចូលមុខងារ បញ្ជាក់ដល់អ្នកប្រើឱ្យដឹងនូវប្រភេទកម្មវិធីដែលត្រូវចំណាយប្រាក់ទិញទើបអាចប្រើបាន (in-app purchases) ប៉ុន្តែនៅខែមករា ដើមឆ្នាំ២០១៦ ខាងមុខ Google Play ថែមទាំងប្រាប់អ្នកឱ្យបានដឹងជាមុនថា តើកម្មវិធីដែលអ្នកបម្រុងទាញយក (download) នោះ តើមានជាប់ពាណិជ្ជកម្ម (ads) ដែរឬអត់។
គេហទំព័រ Droid Life បានរាយការណ៍ថា ក្រុមហ៊ុនដែលមានស្នាក់ការនៅ Mountain View នេះ នឹងបញ្ជាក់ដល់បណ្ដាអ្នកអភិវឌ្ឍកម្មវិធី (Developer) តាមរយៈអ៊ីមែល ឱ្យពួកគេតម្រូវភ្ជាប់ចូលទៅ console របស់ខ្លួន ហើយប្រកាសទាក់ទងនឹងកម្មវិធីរបស់គេ ថាមានបង្កប់ការផ្សាយពាណិជ្ជកម្មឬទេ។ ប្រសិន developer កុហក នោះគេនឹងអាចប្រឈមនឹងការផ្អាកសិទ្ធិក្នុងការបង្ហោះកម្មវិធីចូល Google Play តទៅទៀត។ ថ្ងៃផុតកំណត់នៃការកំណត់ឱ្យមានការបញ្ជាក់ជាមុននូវ apps ដែលមាន ads នេះ គឺនៅត្រឹមថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦ ហើយការប្រកាស ads នឹងចាំបាច់ធ្វើបច្ចុប្បន្នភាពលើកម្មវិធី។ អ៊ីមែលថែមទាំងបញ្ជាក់ថែមទៀតថា “ខណៈ បណ្ដា developer នឹងទទួលខុសត្រូវលើការប្រកាសជាក់លាក់នូវវត្តមាន ads នៅលើកម្មវិធីរបស់ពួកគេ ក្រុមហ៊ុន Google ប្រហែលផ្ទៀងផ្ទាត់បន្ថែមពីលើគ្រប់ពេល ហើយបង្ហាញស្លាក “Ads” ប្រសិនចាំបាច់”។ សូមបញ្ជាក់ថា ការបញ្ជាក់ Ads ប្រាប់ដល់អ្នកប្រើជាមុននេះ ដំបូងត្រូវបានដាក់ចេញនៅលើ Play Store សម្រាប់ក្មេងៗ (Kid Friendly Play Store) របស់ Google រួចមកហើយកាលពីខែមេសា ឆ្នាំ២០១៥ កន្លងទៅ៕ ប្រែសម្រួល៖ រឹទ្ធិរាជ ប្រភព៖ techspot