តើគួរធ្វើយ៉ាងណា ដើម្បីដោះស្រាយជាមួយឥទ្ធិពលអវិជ្ជមានដែលមាននៅជុំវិញខ្លួនអ្នក?
មនុស្សម្នាក់ៗ កើតមកតែងតែមានអត្តចរិតក៏ដូចជាការគិតខុសៗគ្នា អាស្រ័យទៅលើកត្តា២ធំៗគឺ ហ្សែន (Gene) និងអ្វីៗដែលនៅជុំវិញខ្លួនពួកគេដែលធ្វើឲ្យពួកគេក្លាយមកដូចជាសព្វថ្ងៃ។
តែមិនថាអ្នកមិនអត្តចរិតពីកំណើតល្អប៉ុណ្ណានោះទេ ប្រសិនបើអ្នករស់នៅជុំវិញមនុស្សដែលមិនល្អ នោះវាមានអត្រាខ្ពស់ណាស់ដែលអាចនិយាយបានថា អ្នកនឹងអាចក្លាយជាមនុស្សមិនល្អបាន តែពេលខ្លះក៏យើងមិនអាចជ្រើសរើសបានឡើយ។
ដូចនេះវិធីសាស្ត្រខាងក្រោមនេះនឹងអាចជួយឲ្យអ្នកដោះស្រាយជាមួយនឹងឥទ្ធិពលអវិជ្ជមានដែលមាននៅជុំវិញខ្លួនអ្នក៖
១) សួរខ្លួនអ្នកពីមនុស្សដែលអ្នកស្និទ្ធស្នាលជាមួយរាល់ថ្ងៃ
អ្នកគួរតែគិតពីមនុស្សដែលអ្នករាប់អានជាមួយរាល់ថ្ងៃ ថាតើពួកគេជាមនុស្សបែបណា? ហើយតើពួកគេបានជះឥទ្ធិពលអ្វីខ្លះមកលើអ្នក? ដែលធ្វើឲ្យក្លាយជាមនុស្សដែលរីកចម្រើនជាងមុន ឬក៏អន់ថយជាងមុន? ហើយព្យាយាមគិតឲ្យបានម៉ត់ចត់និងវែងឆ្ងាយ រួចហើយអ្នកនឹងអាចគិតឃើញថាអ្នកនឹងគួរធ្វើអ្វីបន្ទាប់ទៀតបាន។
២) កាត់បន្ថយទំនាក់ទំនង
មុនដំបូងអ្នកអាចពិចារណាសិន ថាតើមនុស្សម្នាក់នោះផ្ដល់ឥទ្ធិពលអវិជ្ជមានមកដល់អ្នកក្នុងកម្រិតណា ហើយតើអ្នកអាចទទួលយកវាបានទេ? វាអាចនឹងប៉ះពាល់ដល់ជីវិតរបស់អ្នកកម្រិតណាដែរ? អ្នកអាចសម្រេចចិត្តឲ្យច្បាស់ម្ដងទៀតថាអ្នកនឹងកាត់បន្ថយទំនាក់ទំនងជាមួយអ្នកទាំងអស់នោះកម្រិតណាដែរ? មិនថាយ៉ាងណានោះទេ អ្នកមិនគួរផ្ដាច់ទំនាក់ទំនងតែម្ដងនោះទេ ព្រោះថាវាអាចផ្ដល់ផលអវិជ្ជមានទៅវិញ។
៣) រាប់អានមនុស្សល្អៗបន្ថែម
ជឿទៅថាបើអ្នករាប់អានមិត្តភ័ក្ដិជាអ្នកសិស្សពូកែនោះថ្ងៃណាអ្នកនឹងអាចតាមទាន់គេជាមិនខាន ព្រោះថាអ្នកមិនចង់ឲ្យអ្នកដទៃមើលមកអ្នកជាមនុស្សខុសគេនោះទេ។ បន្ថែមពីលើនោះទៅទៀត មនុស្សល្អទាំងអស់នោះនឹងនាំតែរឿងល្អៗចូលមកក្នុងជីវិតព្រោះអ្នក ព្រោះពួកគេក៏ចង់ឃើញអ្នកជោគជ័យដូចជាពួកគេដែរ៕
ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី
ប្រភព៖ www.success.com