កិច្ចការសំខាន់ៗដែលគួរធ្វើ ដើម្បីជួយឲ្យជីវិតពោរពេញទៅដោយភាពជោគជ័យ!
ពេលរាត្រីគឺជាពេលមួយ ដែលមនុស្សគ្រប់គ្នាត្រូវការសម្រាកក្រោយពេលហត់នឿយយ៉ាងខ្លាំង ក្នុងការបំពេញការងារ ឬ ការសិក្សាពេញ។ ប៉ុន្តែយ៉ាងណាក៏ដោយ មិនមានមែនមានន័យឲ្យតែដល់ពេលយប់ភ្លាម អ្នកត្រូវចូលគេងភ្លាមនោះឡើយ ពោលគឺត្រូវតែធ្វើកិច្ចការសំខាន់ៗមួយចំនួនសិន ដើម្បីជាផ្នែកដ៏សំខាន់ក្នុងការជួយឲ្យជីវិតរបស់អ្នក អាចដើរឆ្ពោះទៅរកភាពជោគជ័យឆាប់រហ័ស។ ខាងក្រោមនេះ គឺជាកិច្ចការសំខាន់ៗមួយចំនួនដែលអ្នកគួរធ្វើមុនពេលចូលគេង៖
១) ចំណាយពេលវេលាជាមួយគ្រួសារ៖ ដោយសារតែរវល់ខ្លាំងពេក គ្រួសារនីមួយៗកម្រនឹងបានជួបជុំគ្នាខ្លាំងណាស់ក្នុងមួយថ្ងៃៗ ហើយនៅពេលត្រលប់មកពីធ្វើការវិញរៀងខ្លួននោះ ម្នាក់ៗក៏ឆាប់ទៅសម្រាកបាត់ ដែលធ្វើឲ្យគ្រួសារហាក់ដូចមានភាពសោះកក្រោះ។ ដូច្នេះហើយ មិនថារវល់ ឬ ហត់នឿយយ៉ាងណាទេ អ្នកគួរតែចំណាយពេលជាមួយគ្រួសារឲ្យបានច្រើនតាមតែអាចធ្វើទៅបាន ព្រោះវាជាសេចក្តីសុខដ៏សំខាន់ដែល មនុស្សភាគច្រើនមើលរំលង។
២) អានសៀវភៅ៖ មិនថាអ្នកមានចំណេះដឹងច្រើនប៉ុណ្ណាទេ តែការរៀនសូត្រគ្មានដែនកំណត់នោះឡើយ ហើយកាលណាអ្នកកាន់តែរៀន នោះអ្នកនឹងកាន់តែដឹងច្រើនផងដែរ។ ដូច្នេះហើយ មុនពេលចូលគេង អ្នកគួរតែចំណាយពេលសមស្របដើម្បីអានសៀវភៅណាមួយដែលខ្លួនពេញចិត្តជាប្រចាំ ដើម្បីអភិវឌ្ឍចំណេះដឹងឲ្យកាន់តែប្រសើរជាងមុនថែមទៀត។
៣) រៀបចំផែនការសំខាន់ៗសម្រាប់ស្អែក៖ ដើម្បីធ្វើអ្វីមួយឲ្យបានលទ្ធផលល្អ គឺទាមទារឲ្យមានការរៀបចំផែនការច្បាស់លាស់ជាមុនសិន មិនមែនចាប់ផ្តើមធ្វើភ្លាមៗតែម្តងនោះទេ។ ដូច្នេះហើយ មុនពេលចូលគេងអ្នកគួរតែចំណាយពេលខ្លះ ដើម្បីរៀបចំការងារដែលត្រូវធ្វើនៅថ្ងៃស្អែក ដើម្បីប្រាកដថា អ្នកនឹងអាចធ្វើវាបានយ៉ាងល្អតាមរយៈការគិតគូរ និង គ្រោងចំណុចសំខាន់ៗរួចស្រេចទៅហើយ។
៤) ស្តាប់តន្ត្រី៖ ការស្តាប់តន្ត្រីនៅពេលរាត្រី អាចជាឱសថដ៏ស័ក្តិសិទ្ធិក្នុងការពង្រឹងផ្លូវចិត្តរបស់អ្នក តាមរយៈការជម្រុះចោលនូវភាពស្មុគស្មាញជាច្រើន ដែលអ្នកបានជួបប្រទះពេញមួយថ្ងៃនោះ។ អ្នកគួរចំណាយពេលខ្លះ ដើម្បីស្តាប់តន្ត្រីដែលអ្នកចូលចិត្តមុនពេលចូលគេង ដើម្បីបំបាត់ភាពតានតឹងក្នុងចិត្ត និង ដើម្បីធ្វើឲ្យអារម្មណ៍របស់អ្នកស្រស់ស្រាយនៅពេលក្រោកពីដំណេកវិញ៕
ដោយ៖ អ៊ុន ភក្តី