ដំបូន្មានជីវិតទាំង ៤ ដែលធ្វើឲ្យអ្នកមានកម្លាំងចិត្ត និងមានភាពស្រស់ស្រាយឡើង
រស់នៅរាល់ថ្ងៃ អ្វីដែលមនុស្សត្រូវការដើម្បីឲ្យភាពរីករាយឡើងនោះគឺកម្លាំងចិត្ត ដូចនេះការលើកទឹកចិត្តឲ្យខ្លួនឯងគឺធំធេងបំផុត។ អ្នកក៏គួរតែយកដំបូន្មានជីវិតល្អៗមកដាក់នៅក្នុងខ្លួន ដែលវានឹងរឹតតែធ្វើឲ្យអ្នកមានអារម្មណ៍ថា អ្នកកំពុងតែរស់នៅដើម្បីអ្វីមួយ ដូចជាដំបូន្មានជីវិតទាំង៤ខាងក្រោមនេះជាដើម៖
១) ស្រលាញ់ខ្លួនឯងឲ្យដូចស្រលាញ់មិត្តភ័ក្ដិជិតដិតរបស់អ្នក៖ មានមនុស្សច្រើនណាស់ដែលចូលចិត្តស្រលាញ់អ្នកដទៃច្រើនជាងស្រលាញ់ខ្លួនឯង ហើយពួកគេតែងតែភ្លេចគិតពីខ្លួនឯងជានិច្ច ដូចនេះអ្នកត្រូវតែរៀនស្រលាញ់ខ្លួនឯងឲ្យបានច្រើនឡើង ហើយត្រូវចេះមើលថែខ្លួនឯងឲ្យបានល្អផងដែរ។
២) ត្រូវជួយអ្នកដទៃ មិនត្រូវជាន់ពួកគេពន្លិចនោះទេ៖ មនុស្សមួយចំនួនមិនពេញចិត្តនឹងឃើញអ្នកដទៃទទួលបាននូវភាពជោគជ័យនោះទេ ទោះបីពួកគេមិនបាននិយាយក៏ដោយ តែពួកគេតែងតែលាក់វានៅក្នុងចិត្ត។ បើសិនជាពួកគេមានបញ្ហា អ្នកគួរតែជួយពួកគេទៅ ទោះបីជាពេលខ្លះពួកគេមិនអាចនឹងមើលឃើញនូវតម្លៃនៃការជួយរបស់អ្នកក៏ដោយ។
៣) ធ្វើតាមអ្វីដែលអ្នកគិតថាល្អ ទោះបីគ្មាននរណាម្នាក់មានជំនឿលើអ្នកក៏ដោយ៖ សូមកុំព្យាយាមធ្វើអ្វីតាមមតិភាគច្រើន ព្រោះថាមតិភាគច្រើននេះមិនមែនប្រាកដថាល្អរហូតនោះទេ ដូចនេះអ្នកមានគំនិតផ្ទាល់ខ្លួន អ្នកក៏គួរតែមានជំហរផ្ទាល់ខ្លួនរបស់ខ្លួនឯងដែរ។
៤) កុំគិតពីអតីតកាលនិងអនាគតកាលរហូតភ្លេចពីបច្ចុប្បន្នកាល៖ មនុស្សជាច្រើនចូលចិត្តសោកស្ដាយពីអតីតកាលរបស់ខ្លួន ហើយក៏តែងបារម្ភពីអនាគតរបស់ពួកគេជានិច្ចថាវានឹងក្លាយទៅជាយ៉ាងណា តែពួកគេមិនដែលសូវបានគិតពីអ្វីដែលពួកគេកំពុងធ្វើនោះទេ។ តើធ្វើបែបនេះមានន័យអ្វីទៅ ពោលគឺវានាំឲ្យខាតវេលាឥតប្រយោជន៍៕
ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី
ប្រភព៖ www.powerofpositivity.com