គម្រោង​ផលិត​​រថយន្ត​អគ្គិសនី​​ស្វ័យប្រវត្តិ​ "Project Titan" របស់ Apple ​ត្រូវ​ពន្យារពេល​ដល់​ឆ្នាំ២០២១​



Project Titan ដែលជាគម្រោងផលិតរថយន្តអគ្គិសនីរបស់ Apple ថ្មីៗនេះត្រូវគេរាយការណ៍មកថា នឹងត្រូវក្រុមហ៊ុនពន្យារពេលផលិតរហូតដល់ឆ្នាំ២០២១ ទើបចាប់ផ្ដើមអភិវឌ្ឍ។ អតីតបុគ្គលិកក្រុមហ៊ុន Apple ម្នាក់ដែលធ្លាប់បានធ្វើការក្នុងក្រុមគម្រោង Titan បានបង្ហើបថា គម្រោងផលិតរថយន្តអគ្គិសនីដែលពីមុនត្រូវគេរាយការណ៍នឹងចាប់ផ្ដើមនៅឆ្នាំ២០២០ ប៉ុន្តែពេលនេះ នឹងត្រូវពន្យាររហូតដល់ឆ្នាំ២០២១ ទើបសម្រេចបាន។ គម្រោង Titan ត្រូវគេជឿថា នឹងសម្រេចចេញនូវរថយន្តអគ្គិសនីពេញលេញ អមដោយបច្ចេកវិទ្យាបើកបរស្វ័យប្រវត្តិ។ បើតាមចចាមអារ៉ាមកាលពីខែមេសា កន្លងទៅថា ក្រុមហ៊ុន Apple បានបាញ់គោលដៅឈោងចាប់ក្រុមហ៊ុនដៃគូបន្ទាប់គឺ Magna International បន្ទាប់ពីបានចរចាជាមួយក្រុមហ៊ុន BMW និង Daimler រួចមក។ តាមរយៈក្រុមហ៊ុនផលិតរថយន្តទាំងពីរនេះ នឹងអាចជួយ រថយន្ត Apple សម្រាប់ការគ្រប់គ្រងទិន្នន័យរបស់អ្នកបើកបរ ខណៈដែល Apple នឹងបំពាក់ប្រព័ន្ធសេវាកម្មផ្ទុកទិន្នន័យអនឡាញ iCloud របស់ខ្លួន។ គេហទំព័រ 9to5Mac បានបញ្ជាក់ដែរថា លោក Steve Zadesky ដែលជាអ្នកដឹកនាំគម្រោង Titan កន្លងមក បានចាកចេញពី Apple ដោយសារបញ្ជាផ្ទាល់ខ្លួន បន្ទាប់ពីបម្រើការនៅក្នុងក្រុមហ៊ុនរយៈពេល ១៦ឆ្នាំមកនេះ។ របាយការណ៍ថ្មីៗបានអះអាងថា Apple អាចមានបុគ្គលិកសម្រាប់ដំណើរការគម្រោង Titan ប្រមាណជា ៦០០នាក់។ រយៈពេល ២ខែមុន មនុស្សដែលនៅជិតគម្រោងបានប្រាប់គេហទំព័រ Reuters ថា Apple កំពុងចរចាជាមួយបណ្ដាក្រុមហ៊ុនបង្កើតស្ថានីយសាកអាគុយ (Charging Station) ដើម្បីសហការ ក្នុងការដាក់ឱ្យ iCar អាចសាកបាន៕ សូមបញ្ជាក់ថា នាយកប្រតិបត្តិក្រុមហ៊ុនរថយន្ត Tesla លោក Elon Musk បានប្រាប់ឱ្យដឹងកាលពីដើមឆ្នាំ២០១៦ នេះថា គម្រោងរថយន្ត Apple តាមពិតត្រូវបានបើកដំណើរការស្ងាត់ៗសន្សឹមៗនៅក្នុងរោងចក្រ ហើយគាត់រីករាយនឹងការបង្កើតភាពជាដៃគូជាមួយបណ្ដាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីទាំងអស់៕
X
5s