​ដើម្បី​ក្លាយ​ជា​មនុស្ស​ដែល​មាន​គេ​គោរព​​និង ជឿជាក់​ច្រើន ​គូរ​​ប្រកាន់​យក​ចំណុច​៤​នេះ​!​​



មនុស្ស​គ្រប់រូប​ តែង​ចង់​បាន​ការគោរព​ស្រឡាញ់ និង យកចិត្ត​ទុកដាក់​ពី​មនុស្ស​ជុំវិញ​។ ​ការ​ទទួល​បាន​ការ​គោរព​ស្រឡាញ់​ គឺ​មិន​មែន​ជា​រឿង​លំបាក​នោះ​ទេ​ ប៉ុន្តែ​វា​អាស្រ័យ​លើ​សកម្មភាព និង ឫកពា​របស់​អ្នក​ទាំងនោះ​ល្អ​កម្រិត​ណា​ប៉ុណ្ណោះ​។ ​មានន័យ​ថា ប្រសិនបើ​​អ្នក​គឺ​ជា​ មនុស្ស​ដែល​មាន​លក្ខណសម្បត្តិ​គ្រប់គ្រាន់ ដែល​អាច​ឲ្យ​គេ​គោរព​នោះ​​ អ្នក​នឹង​ទទួល​បាន​វា​។ខាង​ក្រោម​នេះ គឺ​​ជា​ចំណុច​សំខាន់ៗ​​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​មនុស្ស​ជុំវិញ​ខ្លួន​ គោរព​ស្រឡាញ់​ និង ​ជឿជាក់​លើ​អ្នក​៖

១) ​ភាព​ស្មោះត្រង់​

​ភាព​ស្មោះត្រង់​ គឺ​ជា​ចំណុច​​មួយ​ដែល​មនុស្ស​គ្រប់រូប​ចង់​បាន​។ ​​​វា​មិន​មែន​ជា​រឿង​ងាយស្រួល​​នោះ​ទេ​ ក្នុង​ការ​រស់នៅ​ និង ធ្វើការ​ជាមួយ​​​​មនុស្ស​ដែល​គ្មាន​ភាព​ស្មោះត្រង់​ក្នុង​ខ្លួន។ ដូច្នេះ​ហើយ​ ប្រសិន​បើ​អ្នក​ជា​មនុស្ស​ដែល​មាន​ភាព​ស្មោះត្រង់​ ​​មានន័យ​ថា​អ្នក​នឹង​ទទួល​បាន​ការ​គោរព​ និង ជឿជាក់​ពី​​មិត្តភក្ដិ​មិន​ខាន​។

២) ​ការ​គោរព​ពាក្យសម្ដី៖​

ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​​ក្នុង​សង្គម​ ​ការ​ប្រើប្រាស់​ពាក្យ​សម្ដី​ពិត​ជា​មាន​សារសំខាន់​ណាស់​។ ​​​មាន​មនុស្ស​ជាច្រើន​តែង​និយាយ​ពី​នេះ​ពី​នោះ​ តែ​ពួកគេ​មិនដែល​គោរព​ពាក្យ​សម្ដី​ដែល​ខ្លួន​បាន​និយាយ​នោះ​ទេ។ និយាយ​​ឲ្យ​ចំ​មានន័យ​ថា ​«​និយាយ​ផ្សេង​​ធ្វើ​ផ្សេង»​ ដែល​ធ្វើ​ឲ្យ​មនុស្ស​ជុំវិញ​ខ្លួន​មាន​ការ​ខក​ចិត្ត​យ៉ាង​ខ្លាំង​។ ​ដូច្នេះ​ក្នុង​នាម​ជា​មនុស្ស​​ម្នាក់​ដែល​មាន​តម្លៃ​ អ្នក​គួរតែ​គិត​ឲ្យ​បាន​ច្បាស់​មុន​ នឹង​និយាយ​​ ហើយ​ត្រូវ​គោរព​ពាក្យ​សម្ដី​របស់​ខ្លួន​ឲ្យ​បាន​ល្អ​បំផុត​។​

៣) ​​ការ​ទទួលស្គាល់​កំហុស​

​បើ​នរណា​ម្នាក់​និយាយ​ថា ​គេ​មិនដែល​ធ្វើ​ខុស​សោះ​ គឺ​មាន​ន័យ​ស្មើនឹង​​និយាយ​កុហក​ ព្រោះ​ថា​ក្នុង​​លោក​នេះ​គ្មាន​នរណា​ម្នាក់​ដែល​មិន​ធ្លាប់​ខុស​នោះ​ទេ គ្រាន់តែ​តិច​ហើយ​និង​ច្រើន​ តូច​ហើយ​និង​ធំ​ប៉ុណ្ណោះ​។ ​ប៉ុន្តែ​អ្វី​ដែល​សំខាន់​នោះ​ ​នៅ​ពេល​ដែល​ធ្វើ​ខុស​ គឺ​ត្រូវតែ​ចេះ​ទទួល​ស្គាល់​ ​ព្រោះ​វា​ជា​តម្លៃ​ដែល​មិន​អាច​ខ្វះ​បាន​។

៤) ​​ការ​ដឹងគុណ​៖

​ក្នុង​ការរស់នៅ​ក្នុង​ជីវិត​ ​​មនុស្ស​គ្រប់រូប​ជៀស​មិន​ផុត​ ពី​ការ​ពឹងពាក់​គ្នា និង ការ​ជួយ​គ្នា​ទៅវិញ​ទៅ​មក​នោះ​ទេ​។ ​មាន​មនុស្ស​ជាច្រើន​ នៅ​ពេល​មាន​បញ្ហា​គឺ​តែង​សុំ​គេ​ឲ្យ​ជួយ​ ប៉ុន្តែ​នៅ​ពេល​ដល់ត្រើយ​ក៏​ដុត​ស្ពាន​ចោល​ ដែល​នេះ​គឺ​ជា​អំពើ​គូរ​ឲ្យ​ស្អប់​ខ្ពើម​បំផុត​។ ​បើ​អ្នក​ចង់​មាន​តម្លៃ​ជា​មនុស្ស​ពេញលេញ​ ​អ្នក​គួរតែ​ចេះ​នឹក​គុណ​ដល់​​មនុស្ស​ទាំងឡាយ​ដែល​បាន​ធ្វើ​ល្អ​លើ​អ្នក​​ ហើយ​សូមកុំ​ទាមទារ​គុណស្រ័យ​ពី​មនុស្ស​ដែល​អ្នក​បាន​ធ្វើ​គុណ​លើ​គេ​៕

X
5s