ការ​ស្រាវជ្រាវ​បង្ហាញ​ថា៖ ​អ្នក​ប្រើ Smartphone ​យ៉ាង​ច្រើន ​ចុច​ (touch) ទូរស័ព្ទ​របស់​គេ​មួយ​ថ្ងៃ​មិន​តិច​ជាង ៥០០០ដង​​



ស្មាតហ្វូនបានក្លាយជាឧបករណ៍យ៉ាងចាំបាច់សម្រាប់ទាក់ទងគ្នាស្ទើរតែគ្រប់ផ្នែកសម្រាប់មនុស្សទីជិត ទីឆ្ងាយអាចនិយាយឆ្លងឆ្លើយគ្នាបាន។ ហើយស្មាតហ្វូនត្រូវបានផលិតពីមួយជំនាន់ទៅមួយជំនាន់រឹតតែទំនើបជាងមុន បំពាក់មុខងារឆ្លាតវៃ ផ្ដល់ជាអត្ថប្រយោជន៍ និងការកម្សាន្តសម្រាប់មនុស្ស។ ដោយសារតែបែបនេះហើយ ទើបបច្ចុប្បន្នមានមនុស្សជាច្រើនកំពុងញៀនទូរស័ព្ទស្ទើរភ្លេចបាយភ្លេចទឹក។ ជាការពិតណាស់ បើតាមការស្រាវជ្រាវមួយពីក្រុមហ៊ុន Dscount បានបង្ហាញថា អ្នកប្រើស្មាតហ្វូនញៀនបំផុត ១០% បានប៉ះ អូស ឬចុចទូរស័ព្ទរបស់ពួកគេប្រមាណ ៥៤២៧ដងក្នុងមួយថ្ងៃ។ ក្រុមហ៊ុន Dscount ថែមទាំងរកឃើញថា ម្ចាស់ទូរស័ព្ទបានចំណាយពេលជាមធ្យមប្រហែល ២,៤២ម៉ោង ទៅលើការប្រើប្រាស់ទូរស័ព្ទ (បើកទូរស័ព្ទលេង) ក្នុងមួយថ្ងៃៗ ហើយបើអ្នកញៀនខ្លាំងអាចមានរយៈពេលដល់ ៣,៧៥ម៉ោង។ ក្រុមហ៊ុនក៏បានរកឃើញមាន ៥២% នៃការប្រើស្មាតហ្វូនគឺមានជាប់ទាក់ទងនឹងការលេងកម្មវិធីតែមួយមុខគត់ គឺជាបណ្ដាញសង្គម Facebook តែម្ដង។ ចំណែក ២៧% ផ្សេងទៀត អាចចំណាយពេលទៅលើកម្មវិធីចំនួនពីរ ក្នុងពេលបើកអេក្រង់ទូរស័ព្ទម្ដងៗ។ Dscount បានប្រមូលទិន្នន័យខ្លួនដោយប្រើគំរូ sample ក្នុងចំណោមអ្នកប្រើឧបករណ៍ Android ចំនួន ៩៤នាក់។ ក្រុមហ៊ុនបានបង្កើត tool សម្រាប់ធ្វើការតាមដានសកម្មភាពអ្នកប្រើប្រាស់ស្មាតហ្វូននីមួយៗ នៅរយៈពេល ៥ថ្ងៃ និង ២៤ថ្ងៃ។ បើទោះបីវាជាទិន្នន័យស្ថិតិតូច ប៉ុន្តែទិន្នន័យពិតគឺបង្ហាញឡើងយ៉ាងដូច្នេះ គឺសបញ្ជាក់ឱ្យឃើញថា មនុស្សបច្ចុប្បន្នកាន់តែមានការញៀនទូរស័ព្ទខ្លាំង ខណៈបណ្ដាញសង្គម Facebook ក៏កំពុងទទួលបានការពេញនិយមលើសកលលោក។ បើសរុបនូវពេលវេលាទាំងអស់ ដែលក្រុមហ៊ុន Dscount បានកំណត់ចាប់យកសកម្មភាពអ្នកប្រើស្មាតហ្វូន គឺមានការចុច touch រហូតដល់ ១.១២០.៣១៧ដង ហើយសរុបនាទីគឺមាន ៦០.០០៣នាទី និងមាន ៣៣.០៩០ ចំនួនបើកអេក្រង់ទូរស័ព្ទម្ដង (session)៕
X
5s