Apple ​ធ្លាក់​ចំណាត់ថ្នាក់​​មក​លេខ៥ ​នៅ​ចិន ​បន្ទាប់ពី​តួលេខ​លក់ iPhone ​ធ្លាក់​ចុះ ចំណែក​ជើង​ឯក​បាន​ទៅ Huawei​



ក្រុមហ៊ុន Apple បានបាត់ចំណែកទីផ្សារស្មាតហ្វូន ដែលលក់នៅក្នុងប្រទេសអំឡុងខែឧសភា ឆ្នាំ២០១៦ នេះ ជាហេតុនាំឲ្យក្រុមហ៊ុនអេឡិចត្រូនិកយក្សមួយនេះ ធ្លាក់ចំណាត់ថ្នាក់នៅលើទឹកដីចិនស្ថិតនៅក្រោមក្រុមហ៊ុនទូរស័ព្ទក្នុងស្រុកទាំង៤ គឺ Huawei, Vivo, Oppo និង Xiaomi។ នេះបើតាមទិន្នន័យបានពីក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Counterpoint ដែលត្រូវបានចុះផ្សាយដោយគេហទំព័រ Bloomberg។ ចំណែកទីផ្សារទូរស័ព្ទរបស់ក្រុមហ៊ុន Apple បានធ្លាក់ចុះ ១២% ប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន ពោលគឺសល់ត្រឹម ១០,៨% សម្រាប់ឆ្នាំ២០១៦ នេះ។ យ៉ាងណាអំឡុងពេលវេលាដូចគ្នា ក្រុមហ៊ុន Huawei បានបន្តច្បាមទីផ្សារទូរស័ព្ទកើនឡើងបន្ថែមនៅត្រឹម ១៧,៣% ខណៈ ដែល Oppo កើនឡើងគុណនឹងពីរពោលគឺក្ដាប់បាន ១១%។ ម៉ាកទូរស័ព្ទល្បី ក្ដាប់ចំណែកទីផ្សារបានច្រើនជាងគេទាំង៤ ប្រចាំទីផ្សារប្រទេសចិនមាន Huawei, Vivo, Oppo និង Xiaomi ដែលសុទ្ធតែជាក្រុមហ៊ុនក្នុងស្រុកទាំងអស់។ បើតាមទិន្នន័យរបស់ Counterpoint ដដែលឱ្យដឹងថា ចំណែកទីផ្សារទាំងបួនក្រុមហ៊ុនបូកបញ្ចូលគ្នាសរុបមាន ៥៣%។ សូមបញ្ជាក់ថា បើតាមរបាយការណ៍សារពើពន្ធរបស់ Apple កាលពីខែមេសា បង្ហាញថា ប្រាក់ចំណូលរបស់ក្រុមហ៊ុនអាមេរិកនេះ មានការធ្លាក់ចុះប្រចាំឆ្នាំគឺ ២៦% នៅលើទីផ្សារប្រទេសចិន ខណៈ ដែលចំណូលបានពីទីផ្សារអាស៊ីប៉ាស៊ីហ្វិកធ្លាក់ចុះ ២៥% សម្រាប់ត្រីមាសដើមឆ្នាំ២០១៦ នេះ។ នេះជាតួលេខធ្លាក់ចុះយ៉ាងគំហុកស្ទើរមិនគួរឱ្យជឿនៅលើទីផ្សារប្រទេសចិន របស់ក្រុមហ៊ុន Apple។ តាមការអះអាងពីគេហទំព័រ 9to5mac ឱ្យដឹងថា តួលេខធ្លាក់ចុះចំណែកទីផ្សារ និងប្រាក់ចំណូលរបស់ Apple មួយផ្នែកគឺបណ្ដាលមកពីករណីមិនដាច់ស្រេចអំពីជម្លោះប៉ាតង់មួយចំនួន ដែលជារនាំងស្ទះក្នុងការចែកចាយលក់ទូរស័ព្ទ iPhone ក្នុងទីផ្សារមួយចំនួនកន្លងមក។ ជាក់ស្ដែងកាលពីខែមិថុនា Apple ទើបតែត្រូវក្រុមហ៊ុនទូរស័ព្ទចិន 100C ចោទថា បានលួចចម្លងម៉ូត iPhone 6 ពីទូរស័ព្ទខ្លួន រហូតការិយាល័យកម្មសិទ្ធិបញ្ញាទីក្រុងប៉េកាំងបិទការចែកចាយលក់ iPhone ទាំង ៤ម៉ូដែលមាន iPhone 6/ 6 Plus, iPhone 6s/ 6s Plus មិនឱ្យចរាចរលើទីផ្សារប្រទេសចិនតទៅទៀត៕
X
5s