បុរសម្នាក់ត្រូវចាប់ខ្លួនដោយសារលួចដុតរថយន្តរបស់ Google
រថយន្ត Google មួយគ្រឿងត្រូវបានគេដុត និងគប់របស់មកលើ កើតហេតុនៅការិយាល័យរបស់ក្រុមហ៊ុន Google ស្ថិតនៅតំបន់ Moutain View ដោយស្នាដៃបុរសម្នាក់។ បើយោងតាមសារព័ត៌មាន Mercury News ឱ្យដឹងថា បុរសម្នាក់នោះ យល់ថា ក្រុមហ៊ុន Google កំពុងឃ្លាំមើលរូបគាត ដែលធ្វើឱ្យគាត់មិនសប្បាយចិត្តរហូតផ្ទុះកំហឹងឡើង ទើបធ្វើដូច្នេះ។
ករណីបែបនេះ ត្រូវគេជឿថា មានជាប់ពាក់ព័ន្ធនឹងរឿងហេតុលួចដុតរថយន្ត Google កាលពីថ្ងៃទី១៩ ឧសភាកន្លងទៅ ដែលរាយការណ៍ដោយបុគ្គលិកក្រុមហ៊ុន Google ម្នាក់។ អ្នករាយការណ៍បានឱ្យដឹងថា ករណីនោះមានទាំងការគប់ដបស្រា Molotov ទៅលើរថយន្ត Google ដែលឈប់ចតនៅចំណតរបស់ Google ផ្ទាល់ថែមទៀត ក្រៅពីលួចដុតរថយន្ត។ លុះមកដល់ថ្ងៃទី៤ ខែមិថុនា ទើបប៉ូលិសរកឃើញអំបែងដប។
ជាការពិត នោះគ្រាន់តែជារថយន្តថតទិដ្ឋភាពសម្រាប់សេវាកម្ម Street View ប៉ុណ្ណោះ ដោយមានភ្ជាប់កាមេរ៉ាពីលើដំបូលរថយន្ត តែពុំមែនជារថយន្តលួចថតបំពានភាពឯកជនរបស់បុគ្គលទូទៅឡើយ។ ក្រុមហ៊ុនតែងរក្សាសិទ្ធិបុគ្គលចំពោះទិដ្ឋភាពមួយចំនួន។
អាជ្ញាធរនៅ Mountain View បានកសាងសំណុំរឿងប្ដឹងបុរសអាយុ ៣០ឆ្នាំដែលមានឈ្មោះ Raul Murillo Diaz ជាប់ពាក់ព័ន្ធករណីលួចដុតរថយន្ត Google កាលពីថ្ងៃ ទី១៩ ខែឧសភា កន្លងទៅ។ គាត់ត្រូវបានចាប់ខ្លួនដោយប៉ូលិសប្រចាំ Mountain View នៅថ្ងៃទី៣០ មិថុនា ពេលឈប់ស្តុបនៅក្បែរទីស្នាក់ការកណ្ដាលរបស់ Google៕