៤​ចំណុច​ដែល​បញ្ជាក់​​ថា ​អ្នក​និង​ដៃគូ​អាច​នឹង​ឈាន​ដល់​ថ្ងៃ​អនាគត​ជាមួយ​គ្នា​បាន​



ពាក្យថាសង្សារមួយម៉ាត់ គឺមានន័យច្រើន ទៅតាមការឲ្យតម្លៃរបស់មនុស្សរៀងៗខ្លួន ដោយសារមនុស្សមួយចំនួនគិតថាធ្វើសង្សារជាមួយនរណាម្នាក់គ្រាន់តែកំដរការអផ្សុក និងមិនចង់រៀបការជាមួយគ្នាអីនោះទេ រីឯមនុស្សមួយចំនួនទៀតមានទស្សនៈវែងឆ្ងាយពោលគឺពួកគេចង់រៀបការជាមួយនឹងសង្សាររបស់ពួកគេ។ ហើយពេលខ្លះទៀត អ្នកគួរតែដឹងផងដែរថា តើសម្ពន្ធភាពដែលអ្នកកំពុងតែមាននេះ អាចនឹងផ្ដល់លទ្ធផលវិជ្ជមាននៅថ្ងៃមុខដែរឬទេ តាមរយៈសញ្ញាខាងក្រោមនេះ៖ ១) អ្នកទាំងពីរមានពេលសម្រាប់គ្នាទៅវិញទៅមក៖ មិនថារវល់យ៉ាងណានោះទេ សម្រាប់មនុស្សដែលស្រលាញ់គ្នាតែងតែព្យាយាមរកពេលវេលាសម្រាប់គ្នាទៅវិញទៅមក ទោះបីជាពេលខ្លះ ពួកគេមិនបានជួបគ្នាក៏ដោយ ក៏ពួកគេឆ្លៀតផ្ញើសារ ឬ ទូរស័ព្ទរកគ្នាផងដែរ ដែលបញ្ជាក់ថាអ្នកទាំង២តែងតែនៅក្នុងចិត្តគ្នាទៅវិញទៅមកជានិច្ច។ ២) អ្នកគិតគូរពីគ្នារហូត៖ មិនថាទៅណាមកណា ទិញទំនិញ ឬអ្វីនោះទេ គឺអ្នកទាំង២មិនដែលភ្លេចគ្នា គឺអ្នកតែងតែនឹកឃើញដល់គ្នា ហើយចង់ទិញរបស់ប្រើប្រាស់ឲ្យគ្នាថែមទៀតផង ដែលនេះអាចបញ្ជាក់បានពីការបារម្ភក៏ដូចជាយកចិត្តទុកដាក់រវាងគ្នា និងគ្នាផងដែរ។ ៣) ព្រមបើកចំហជាសាធារណៈ៖ អ្នកខ្លះស្រលាញ់គ្នា មិនចង់ឲ្យអ្នកដទៃដឹងនោះទេ ដោយសារតែពួកគេមានហេតុផលលាក់ទុកជាដើម តែជាទូទៅទាំងអស់នេះគ្រាន់តែជាលេសនោះទេ ព្រោះបើអ្នកស្រលាញ់គ្នា តើចាំបាច់លាក់បាំងជាមួយមនុស្សនៅជុំវិញខ្លួន? ៤) សម្រេចចិត្តក្នុងរឿងធំៗជាមួយគ្នា៖ ការសម្រេចចិត្តទាំងអស់រួមមានដូចជា ការទិញផ្ទះ ឬវត្ថុមានតម្លៃទាំងឡាយ ដែលប្រាប់បានថា ដៃគូស្នេហារបស់អ្នកតែងតែមានចំណែកនៅក្នុងការសម្រេចចិត្តរបស់អ្នកជានិច្ច ជាពិសេសរឿងសំខាន់ៗបែបនេះ៕ ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី ប្រភព៖ www.lifehack.org
X
5s