ជំហានទាំង៤ រៀបគម្រោងដើម្បីផ្លាស់ប្ដូរជីវិតរបស់អ្នកឲ្យកាន់តែប្រសើរ
តើឥឡូវនេះ អ្នកកំពុងតែស្ថិតនៅក្នុងស្ថានភាពមួយដែលលំបាកមែនទេ? តើអ្នកមិនចូលចិត្តជីវិតសព្វថ្ងៃរបស់អ្នកមែនទេ? វាលែងជាបញ្ហាទៀតហើយ ព្រោះអ្វីដែលអ្នកត្រូវធ្វើដំបូងគេបង្អស់នោះគឺរៀបគម្រោងឲ្យបានត្រឹមត្រូវ និងបានល្អ រួចអនុវត្តទៅតាមអ្វីដែលអ្នកបានគ្រោងទុក៖
១) កត់ត្រា៖ ចំណុចដែលអ្នកគួរចាប់ផ្ដើមមុនគេនោះ គឺធ្វើការសរសេរត្រួសៗនូវអ្វីដែលអ្នកចង់បាន ឬអ្វីដែលជាគោលដៅរបស់អ្នក ឬក៏អ្វីដែលអ្នកចង់ធ្វើការផ្លាស់ប្ដូរខ្លួនឯង។ វាអាចជាអ្វីក៏បានដែរ ឲ្យតែអ្នកគិតថាវាជាអ្វីដែលសំខាន់ចំពោះអ្នក ហើយអ្នកចង់ធ្វើវាឲ្យក្លាយទៅជាការពិត។
២) ដាក់វាតាមប្រភេទ៖ ដាក់គោលដៅរបស់អ្នកទៅតាមប្រភេទរបស់វា ហើយកុំព្យាយាមបង្កើតគោលដៅរបស់អ្នកច្រើនពេក ពោលគឺយកតែអ្វីដែលសំខាន់ខ្លាំងបំផុតមកបានហើយ ព្រោះថាបើអ្នកព្យាយាមយកវាមកធ្វើនៅក្នុងពេលតែមួយអ្នក នឹងមិនទទួលបានលទ្ធផលដែលអ្នករំពឹងទុកនោះទេ។
៣) គិតពីអ្វីដែលអាចជួយអ្នកសម្រេចគោលដៅទាំងនោះ៖ អ្នកត្រូវគិតពីអ្វីដែលអ្នកគួរធ្វើ ឧទាហរណ៍ថា អ្នកចង់ទទួលបានចំណាត់ថ្នាក់លេខ១ នៅក្នុងថ្នាក់ តើអ្នកគួរធ្វើអ្វីទើបអាចធ្វើឲ្យសុបិនមួយនេះប្រែក្លាយជាការពិតបាន។ អ្នកត្រូវគិតឲ្យបានម៉ត់ធ្យ័តក្នុងដូចជារៀបគម្រោងធ្វើវាឲ្យបានល្អិតល្អន់ផងដែរ។
៤) ត្រូវដាក់ចិត្តថាធ្វើឲ្យបាន៖ ប្រសិនបើអ្នកមានគម្រោងល្អ តែអ្នកមិនដែលអនុវត្តតាមគម្រោងនោះ តើអ្នកអាចនឹងទទួលបាននូវភាពជោគជ័យដោយរបៀបណាបានទៅ? ដូចនេះការតាំងចិត្តក៏ដូចជាភាពអត់ធ្មត់ពិតជាមានសារៈសំខាន់ខ្លាំងណាស់ប្រសិនបើអ្នកចង់ធ្វើអ្វីមួយឲ្យបានសម្រេចនោះ៕
ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី
ប្រភព៖ www.addicted2success.com