ភាគច្រើនគេជ្រើសរើសផ្លែឈើទាំងនេះមកពិសាដើម្បីសម្រកគីឡូចុះអ្នកវិញ?
ផ្លែឈើគឺជាអាហារធម្មជាតិ ដែលផ្ដល់អត្ថប្រយោជន៍ច្រើនណាស់ដល់សុខភាពមនុស្ស ជាពិសេសសម្រាប់អ្នកដែលចង់សម្រកទម្ងន់ ព្រោះ ពួកវាសំបូរទៅដោយកាកសរសៃ Fibre ដែលជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារ និងមានជាតិស្ករធម្មជាតិ ដែលសុខភាពត្រូវការផងដែរ។ តើផ្លែឈើអ្វីខ្លះស័ក្ដិសមសម្រាប់អ្នកដែលចង់សម្រកគីឡូ?
១) ផ្លែប៉ោម ៖ តាមការសិក្សាមួយបានបង្ហាញថា៖ « អ្នកអាចនឹងស្រកគីឡូបានច្រើន ប្រសិនបើអ្នកពិសាផ្លែប៉ោមនេះឲ្យបាន៣ផ្លែក្នុងមួយថ្ងៃ»។ នេះដោយសារតែផ្លែប៉ោម សំបូរទៅដោយកាកសរសៃ Fibre ព្រមទាំងសារជាតិចិញ្ចឹមជាច្រើនដល់អ្នក ដែលធ្វើឲ្យអ្នកមិនសូវឃ្លាន។ ក្នុងផ្លែប៉ោមមួយផ្លែផ្ទុក ត្រឹមតែ៥០កាឡូរីប៉ុណ្ណោះ ហើយគ្មានសារជាតិដែលធ្វើឲ្យអ្នកធាត់ទេ។
២) ផ្លែឪឡឹក៖ ផ្លែឪឡឹក ជាផ្លែឈើដែលសំបូរទៅដោយជាតិទឹករហូតដល់ទៅ៩០ភាគរយក្នុងមួយផ្លែ ហើយវានឹងបំពេញជាតិទឹកក្នុងរាងកាយអ្នក។ ពេលអ្នកពិសាផ្លែឈើនេះរួច អ្នកនឹងមិនមានអារម្មណ៍ថា ឃ្លានអ្វីផ្សេងទៀតទេ ដោយសារតែអ្នកបានឆ្អែតនឹងជាតិទឹករបស់ផ្លែឪឡឹកនោះរួចរាល់ហើយ។ មិនត្រឹមតែប៉ុណ្ណោះ វាផ្ទុកទៅដោយអាមីណូអាស៊ីត ដែលអាចកាត់បន្ថយភាពធាត់របស់អ្នកបានទៀតផង។
៣) ផ្លែក្រូច៖ ផ្លែក្រូចក៏ដូចគ្នាទៅនឹងផ្លែឈើដទៃទៀត ដែរ គឺវាសំបូរដោយកាកសរសៃFibre ព្រមទាំងសំបូរដោយជាតិទឹកនៅក្នុងនោះ ដែលវាធ្វើឲ្យអ្នកមានអារម្មណ៍ថាឆ្អែត គ្រប់ពេល។ ជាពិសេសផ្លែឈើនេះគឺមានគ្រប់រដូវ ដែលផ្ដល់ភាពងាយស្រួលដល់អ្នកក្នុងការស្វែងរកវា ហើយពិសាវាជាប្រចាំផងដែរ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ verywell.com