លេចចេញលក្ខណៈសម្បត្តិ Galaxy Note 7 ទាំងខ្សែ បំពាក់ឈីប SD821 និង Exynos 8893
ទូរស័ព្ទកូនកាត់ថេប្លេត Galaxy Note 7 នឹងបំពាក់ដោយឈីប Snapdragon 821 ឬជម្រើសមួយទៀតនឹងបំពាក់ឈីប Exynos 8893។ នេះបើយោងតាមការបែកធ្លាយលក្ខណៈ សម្បត្តិថ្មីពីប្រភពព័ត៌មានចិន។ ផេប្លេត Note 7 ដែលបំពាក់ឈីបផ្សេងគ្នានេះ គឺសម្រាប់ចរាចរលក់លើទីផ្សារផ្សេងគ្នា ពោលគឺដូចជា នៅទីផ្សារអាមេរិក ទីផ្សារកូរ៉េខាងត្បូង និងទីផ្សារដទៃទៀត។
បើតាមលក្ខណៈសម្បត្តិដែលបែកធ្លាយខាងលើបញ្ជាក់ថា Galaxy Note 7 នឹងមាន៖ អេក្រង់ទំហំ ៥,៧អ៊ីញ កម្រិត QHD, RAM ទំហំ 6GB, មេម៉ូរី ៣ជម្រើសគឺ 64GB/128GB/256GB, កាមេរ៉ាទំហំ 12MP/5MP និងមានថ្មកម្រិត 4000mAh។
ផេប្លេតនេះ នឹងដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 6.0.1 Marshmallow ហើយនឹងមានរន្ធ USB ជំនាន់ថ្មីប្រភេទ Type-C ដែលជាទូរស័ព្ទដំបូងរបស់ Samsung មានរន្ធ Type-C។
គេរំពឹងថា Galaxy Note 6/ 7 Edge នឹងបំពាក់ដោយអេក្រង់ទំហំ ៥,៨អ៊ីញ កម្រិត Quad HD ប្រភេទ Super AMOLED បំពាក់ដោយឈីប Snapdragon 823 ឬ Exynos chipset។ វាថែមទាំងអាចបំពាក់មុខងារស្កេនប្រស្រីភ្នែកថែមទៀត។ ផេប្លេតជំនាន់ថ្មីនេះ អាចបំពាក់ដោយ RAM ដល់ទៅ 6GB ស្រដៀងនឹងផេប្លេត OnePlus 3 ដែរ៕