បញ្ហា៤យ៉ាងនេះ នឹងកើតមានប្រសិនបើអ្នកខ្សោយខាងជំនាញរៀបចំ
ប្រសិនជាខ្សោយជំនាញខាងរៀបចំ វាមិនត្រឹមតែមានផលប៉ះពាល់រយៈយូរទៅលើអ្នកទេ ថែមទាំងប៉ះពាល់ដល់ក្រុមហ៊ុនថែមទៀតផង។ វានឹងប៉ះពាល់ដល់ភាពជាអ្នកដឹកនាំរបស់អ្នក។ មេដែលមានជំនាញខ្លាំងចេះគ្រប់គ្រងអាចផ្លាស់ប្តូរក្រុមហ៊ុនជាច្រើនវិធី។ ខាងក្រោមនេះជាបញ្ហាដែលនឹងកើតឡើយប្រសិនជាការគ្រប់គ្រងឬរៀបចំមិនល្អ។
១) មិនត្រូវបានទទួលស្គាល់៖ នៅពេលដែលបុគ្គលិកមិនត្រូវបានមេសរសើរសម្រាប់ស្នាដៃរបស់ពួកគេ ឬ ត្រូវបានស្តីបន្ទោសដោយកំហុសតិចតួច ពួកគេមានអារម្មណ៍មិនមានតម្លៃនៅកន្លែងការងារនិងធ្វើការក្នុងស្ថានភាពភ័យខ្លាច។ វិធីគ្រប់គ្រងយ៉ាងល្អគឺត្រូវចេះពីរបៀបនិយាយទៅកាន់បុគ្គលិករបស់អ្នក។
២) ការប្រជុំយ៉ាងអាក្រក់៖ ទទួលស្គាល់វាទៅថា ការប្រជុំភាគច្រើនគឺខ្ជះខ្ជាយពេលវេលាជាច្រើន ពីព្រោះថា លទ្ធផលគឺតិចខ្លាំង។ អ្នកគ្រប់គ្រងគិតតែពីរៀបចំការងារដល់បុគ្គលិក ឯបុគ្គលិកវិញក៏បាត់បង់អារម្មណ៍ក្នុងពេលប្រជុំដែរ។ ការប្រជុំគួរជាលក្ខណៈពេលបុគ្គលិកត្រូវបានសួរពីគំនិត និងចែករំលែកគំនិតថ្មីៗ។
៣) ភាពភ័យខ្លាច៖ មេដែលដឹកនាំមិនល្អតែងតែព្រមានដល់ការងាររបស់បុគ្គលិក។ នៅពេលដែលបុគ្គលិកធ្វើអ្វីខុស ក៏មានពាក្យមិនល្អពេញកន្លែងការងារ។ ដូច្នេះហើយ បុគ្គលិកអាចនឹងប្រើប្រាស់ម៉ោងធ្វើការដើម្បីរកការងារថ្មីទៀតផង។ ដូច្នេះហើយ វិធីដែលត្រឹមត្រូវគឺមេដឹកនាំត្រូវបង្កើតបរិយាកាសល្អដល់បុគ្គលិកដែលរួមបញ្ជូលនឹងជំនឿចិត្តនិងភាពស្មោះត្រង់។
៤) ការបង្កើតបរិយាកាសមិនល្អ៖ ពេលដែលមេដឹកនាំបង្កើតច្បាប់មិនឱ្យធ្វើនេះមិនឱ្យធ្វើនោះ វាបង្កើតបរិយាកាសមិនល្អក្នុងកន្លែងធ្វើការ។ ប្រសិនជាបុគ្គលិកមានភាពភ័យខ្លាចនិងស្រ្តេស ពួកគេនឹងមិនអាចធ្វើការងារបានល្អឡើយ។ ដំណោះស្រាយគឺ មេដឹកនាំត្រូវមានច្បាប់ត្រឹមត្រូវ និងមានភាពយុត្តិធម៌ដល់បុគ្គលិកទាំងអស់៕
ប្រែសម្រួល៖ អឹុង មួយយូ
ប្រភព៖ www.entrepreneur.com