តើត្រូវធ្វើបែបណាដើម្បីធ្វើផែនការទីផ្សារឱ្យបានជោគជ័យសម្រាប់ជំនួញរបស់អ្នក?
ដូចដែលអ្នកបានដឹងហើយថា ផែនការអាជីវកម្មគឺធ្វើឡើងដើម្បីបង្ហាញពីគម្រោងដែលក្រុមហ៊ុនរបស់អ្នកនឹងធ្វើដើម្បីឈានទៅរកភាពជោគជ័យ។ នៅក្នុងផែនការអាជីវកម្មនោះ ក៏មានផ្នែកដ៏សំខាន់មួយផងដែរ សម្រាប់ឈានទៅរកភាពជោគជ័យបាននោះគឺ ផែនការទីផ្សារ។ លោកRobert J. Thomas សាស្ត្រាចារ្យផ្នែកទីផ្សារនៃសាកលវិទ្យាល័យ George Town នៅឯសហរដ្ឋអាមេរិក បានបង្ហាញពីកិច្ចការទាំង៤ដែលអ្នកត្រូវធ្វើដើម្បីបង្កើតបានផែនការទីផ្សារដ៏ជោគជ័យមួយ៖
១) ត្រូវប្រាកដឲ្យច្បាស់ថាហេតុអ្វីអ្នកប្រើប្រាស់ត្រូវការផលិតផលអ្នក៖ ត្រូវគិតឲ្យបានច្បាស់ថា តើផលិតផលរបស់អ្នកនោះអាចផ្គត់ផ្គង់សេចក្ដីត្រូវការដល់អ្នកណាខ្លះ? នៅពេលអតិថិជនជាវផលិតផលនោះ តើវាអាចផ្ដល់ភាពងាយស្រួលដល់ពួកគេឬទេ? ដំបូងគេបង្អស់ អ្នកត្រូវតែគិតពីសេចក្ដីត្រូវការរបស់អតិថិជនជាធំ ដោយមិនមែនផ្ដោតតែលើការប្រកួតប្រជែងជាមួយក្រុមហ៊ុនដទៃនោះទេ។
២) កំណត់ឲ្យបានច្បាស់ពីប្រភេទអ្នកប្រើប្រាស់៖ អ្នកត្រូវស្ទាបស្ទង់ឲ្យបានច្បាស់ថា តើអ្នកប្រើប្រាស់ប្រភេទណាខ្លះដែលស័ក្ដិសមសម្រាប់ផលិតផលអ្នកនោះ? អ្នកគួរកំណត់ថែមទៀតថា ប្រភេទអតិថិជនណាខ្លះដែលអ្នកត្រូវការ ហើយទីផ្សារណាដែលអំណោយផលល្អដល់ការលក់ផលិតផលនោះ។
៣) ស្គាល់ឲ្យបានច្បាស់ពីដៃគូប្រកួតប្រជែង៖ ការមិនចាប់អារម្មណ៍ឬមិនស្គាល់ឲ្យបានច្បាស់ពីដៃគូប្រកួតប្រជែងនោះ វាគឺជាចន្លោះប្រហោងមួយដែលនាំឲ្យការរកស៊ីអ្នកកាន់តែខាតបង់។ អ្នកត្រូវចាំថា ការរកស៊ីគឺទាមទារការប្រកួតប្រជែង ហេតុនេះ អ្នកត្រូវស្គាល់ថា នរណាជាដៃគូប្រជែងអ្នក ហើយតើពួកគេមានអ្វីខ្លះដើម្បីធ្វើការប្រជែងអ្វីជាមួយអ្នក ។
៤) ត្រូវមានដំណោះស្រាយដ៏សក្ដិសមសម្រាប់អតិថិជនអ្នក៖ ដើម្បីជៀសវាងការបាត់បង់អតិថិជនរបស់អ្នក អ្នកត្រូវតែបង្កើតដំណោះស្រាយឲ្យបានល្អជាទីបំផុតសម្រាប់តម្រូវចិត្តពួកគេ។ អ្នកត្រូវធ្វើយ៉ាងណាដើម្បីទទួលបានសេចក្ដីទុកចិត្តពីអ្នកប្រើប្រាស់ ហើយធ្វើឲ្យពួកគេមានភាពជឿជាក់នៅពេលប្រើប្រាស់ផលិតផលអ្នក៕
ប្រែសម្រួល៖ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ www.businessnewsdaily.com