សញ្ញាទាំង៥យ៉ាងដែលបង្ហាញថា អ្នកអាចត្រូវបញ្ឈប់ដោយខុសច្បាស់ពីកន្លែងការងារ
វាជាអារម្មណ៍ដ៏អាក្រក់មួយពេលអ្នកត្រូវហៅចូលបន្ទប់របស់មេ ហើយមេប្រាប់អ្នកថា អ្នកត្រូវបានបញ្ឈប់ពីការងារ។ អ្នកក៏ប្រហែលអាចទាយដឹងមុនពេលអ្នកបញ្ឈប់ពីការងារដែរ។ មិនថា សកម្មភាពអ្នកយ៉ាងណានោះទេ អ្នកមិនត្រូវបញ្ចេញអារម្មណ៍ខឹងឡើង។ តាមច្បាប់ការងារ ប្រសិនជាអ្នកមិនបានចុះកិច្ចសន្យា ថៅកែរបស់អ្នកអាចបញ្ឈប់អ្នកគ្រប់ពេល។ ហើយអ្នកក៏លាលែងពីការងារគ្រប់ពេលដែរ។ ដូច្នេះហើយ អ្នកត្រូវពិនិត្យមើលច្បាប់ការងារមុនពេលអ្នកចូលធ្វើការ។
១) ថៅកែរបស់អ្នកមិនធ្វើតាមកិច្ចសន្យា៖ នៅពេលអ្នកទទួលបានការងារ និងនិយាយពីប្រាក់ខែ អ្នកនិងមេរបស់អ្នកត្រូវចុះកិច្ចសន្យា វាអាចជាកិច្ចសន្យាលើក្រដាស ឬតាមពាក្យសម្ដី។ កិច្ចសន្យានិយាយពីប្រាក់ខែផងដែរ។ ប៉ុន្តែ ប្រសិនបើកិច្ចសន្យារបស់អ្នកមានការកំណត់ពេលវេលាច្បាស់លាស់ ហើយអ្នកត្រូវបានបញ្ឈប់មុនពេលនោះ អ្នកអាចប្ដឹងពីមេរបស់អ្នកបាន។
២) អ្នកត្រូវបានគេរើសអើង៖ តាមច្បាប់ពូជសាសន៍ មេរបស់អ្នកមិនអាចបញ្ឈប់បុគ្គលិកដោយប្រកាន់ពូជសាសន៍ ភេទ អាយុ ឬពណ៌សម្បុរឡើង។ តាមច្បាប់នៅប្រទេសខ្លះ មេក៏មិនអាចបញ្ឈប់បុគ្គលិកដោយសារពោះធំ ឬ ដោយសារមានគ្រួសារដែរ។ មេរបស់អ្នកអាចបញ្ឈប់អ្នកបានតាមរយៈលទ្ធផលការងាររបស់អ្នក មិនមែនរើសអើងអ្វីឡើង។
៣) មិនមានហេតុផលត្រឹមត្រូវ៖ អ្នកមិនអាចបញ្ឈប់ពីការងារដោយមិនមែនហេតុផលត្រឹមត្រូវឡើង។ ប្រសិនជាមេរបស់អ្នកចង់បញ្ឈប់អ្នកដោយសារចង់សន្សំលុយពីក្រុមហ៊ុន ឬ មិនដំឡើងលុយ ឬ រកលេសមួយមកបញ្ឈប់អ្នក នោះមេរបស់អ្នកជាអ្នកខុស។ អ្នកមានសិទ្ធិតវ៉ា។
៤) ខុសពីច្បាប់ទូទៅ៖ មេរបស់អ្នកមិនអាចបញ្ឈប់អ្នកដោយសារអ្នកមានជំងឺ ឬ សមាជិកអ្នកមានជំងឺធ្ងន់ធ្ងរ។ នៅប្រទេសខ្លះទៀត ក្រុមហ៊ុនក៏មិនអាចបញ្ឈប់បុគ្គលិកដោយសារការចូលបម្រើកងទ័ពដែរ។
៥) មេរបស់អ្នកសងសឹកអ្នក៖ ប្រសិនជាអ្នកត្រឹមត្រូវតាមផ្លូវច្បាប់ ថៅកែរបស់អ្នកមិនអាចមានការចងគំនុំជាមួយអ្នកឡើង។ ប្រសិនជាអ្នកត្រូវបានគេគំរាម អ្នកអាចប្ដឹងច្បាប់ឲការពារអ្នកបាន៕
ប្រែសម្រួល៖ អឹុង មួយយូ
ប្រភព៖ www.cheatsheet.com