ចំណុច៤យ៉ាងដែលត្រូវចងចាំ នៅពេលលទ្ធផលមិនសមដូចបំណងរបស់អ្នក
មនុស្សជាច្រើនតែងសម្ដែងការខកចិត្តយ៉ាងខ្លាំង នៅពេលដែលលទ្ធផលកើតឡើង ផ្ទុយពីការគិតរបស់ពួកគេ។ បរាជ័យនេះ បានធ្វើឲ្យអារម្មណ៍របស់ពួកគេមានភាពតានតឹងខ្លាំង ប្រៀបដូចមានដុំថ្មមួយផ្ទាំងដែលសង្កត់ជាប់នៅលើទ្រូង។ ក្នុងស្ថានភាពនេះ បើអ្នកមិនគិតលើរឿងល្អ ឬ មិនអាចបង្វែរមករកផ្លូវវិជ្ជមាននោះទេ កុំសង្ឃឹមថា អ្វីៗបានប្រសើរវិញដោយងាយឲ្យសោះ។
ខាងក្រោមនេះ ជាចំណុចសំខាន់ៗមួយចំនួនដែលអ្នកត្រូវចងចាំ នៅពេលលទ្ធផលមិនសមដូចបំណង៖
១) អ្នកបានប្រឹងប្រែងអស់ពីលទ្ធភាពហើយ៖ គ្មាននរណាម្នាក់ចង់ឲ្យលទ្ធផលបរាជ័យ ឬ មិនដូចអ្វីដែលយើងចង់បាននោះទេ ប៉ុន្តែនេះជាការពិតដែលប្រកែកមិនបាន ហើយអ្នកក៏បានប្រឹងប្រែងអស់ពីលទ្ធភាពហើយដែរ។ ដូច្នេះហើយ នៅពេលបរាជ័យ អ្នកមិនគួរទម្លាក់កំហុសដាក់ខ្លួនឯងពេកនោះទេ ព្រោះ ការធ្វើបែបនេះមិនបានជួយអ្វីឡើយ ក្រៅតែពីការបំបាក់ទឹកចិត្តកាន់តែខ្លាំង រហូតលែងចង់ធ្វើអ្វីតទៅទៀត។ បើមើលតែចំណុចអវិជ្ជមាននោះ អ្នកនឹងឃើញតែពណ៌ខ្មៅប៉ុណ្ណោះ ប៉ុន្តែបើមើលទៅជ្រុងម្ខាងទៀត អ្នកនឹងមើលឃើញខ្លួនឯងថា ជាមនុស្សសកម្មនឹងការងារ ដោយធ្វើអស់ពីចិត្តពីកាយ ទោះបីជាលទ្ធផលមិនសមដូចបំណងក្តី។
២) គ្មានមនុស្សណាដែលមិនធ្លាប់បរាជ័យ៖ ជារួម មិនមានឡើយមនុស្សណាដែលជោគជ័យគ្រប់រឿង។ មានន័យថា កើតមកជាមនុស្សគឺតែងតែបរាជ័យ បើមិនរឿងនេះក៏រឿងនោះដែរ។ ដូច្នេះសូមកុំអស់សង្ឃឹមក្នុងជីវិត ហើយត្រូវគិតថា ជីវិតគឺបែបនេះ។
៣) បរាជ័យពេលនេះ គឺជាទុនសំខាន់៖ បរាជ័យគឺជាមេរៀនដ៏សែនសំខាន់ ហើយក៏ជាទុនសំខាន់ផងដែរក្នុងការសាងភាពជោគជ័យនៅថ្ងៃអនាគត។ ដូច្នេះហើយនៅពេលដែលជួបរឿងបរាជ័យ អ្នកគួរតែគិតថា អ្នកទទួលបានមេរៀន និង ទុនថ្មីមួយទៀតហើយក្នុងជីវិត ដែលមិនងាយរកបាននៅកន្លែងណាផ្សេងនោះឡើយ។ ដូច្នេះត្រូវសិក្សាពីភាពបរាជ័យនោះឲ្យគ្រប់ ជ្រុងជ្រោយ រួចហើយរៀបចំផែនការជាថ្មី។
៤) ថ្ងៃស្អែកគឺជាថ្ងៃថ្មី៖ ជីវិតមិនអាចនៅមួយកន្លែងបានឡើយ។ ថ្ងៃនេះបរាជ័យ មិនមែនមានន័យថា ស្អែកបរាជ័យទៀតឡើយ ព្រោះថា អ្វីៗប្រាកដជាផ្លាស់ប្ដូរ។ គិតវិជ្ជមាន នោះអ្នកនឹងទទួលបានលទ្ធផលវិជ្ជមានមិនខាន តែបើគិតតែរឿងអវិជ្ជមាន នោះអ្នកគ្មានទទួលបានអ្វីក្រៅពីការ ឈឺចាប់ សោកស្ដាយ និង បាក់ទឹកចិត្ត នោះទេ៕
ដោយ៖ រតនា វិចិត្រ