រឿង​ ៤​យ៉ាង​​អ្នក​គួរ​តែ​ចងចាំ​ប្រសិន​បើ​ស្រលាញ់​ចំមនុស្ស​ម្នាក់​ដែល​ប៉ា​ម៉ាក់​របស់​គេ​លែង​លះ​គ្នា​



នៅពេលយើងស្រលាញ់នរណាម្នាក់ហើយ គឺយើងត្រូវតែស្គាល់ពីអត្តចរិត ក៏ដូចជាប្រវត្តិគ្រួសារពួកគេឲ្យបានច្បាស់លាស់ ទើបយើងអាចដឹងបានថា តើពួកគេកំពុងតែស្ថិតនៅក្នុងស្ថានភាពបែបណា។ 

បើយើងមិនដឹងច្បាស់នោះទេ ពេលខ្លះយើងអាចសម្រេចចិត្តខុសក្នុងរឿងស្នេហារបស់អ្នក ហើយពេលខ្លះអ្នកមិនអាចដឹងទេ ថាអ្វីដែលអ្នកធ្វើចំពោះដៃគូស្នេហារបស់អ្នកសក្ដិសមឬមួយក៏អត់? ខាងក្រោមនេះ គឺជាចំណុចប៉ុន្មានដែលអ្នកគួរយល់ដឹងពីពួកគេ៖

១) មិនទុកចិត្តមនុស្សងាយនោះទេ៖ នេះកើតឡើងដោយសារតែពួកគេ បាត់បង់ជំនឿចិត្តលើឪពុកម្ដាយរបស់ពួកគេ ក៏ដូចជាបាត់បង់ក្ដីស្រលាញ់នៅពេលតែមួយផងដែរ ដែលនាំឲ្យពួកគេ មានការពិបាកក្នុងការទុកចិត្តអ្នកដទៃជាខ្លាំងក្រៅពីខ្លួនគេផ្ទាល់តែម្ដង។

២) សុខចិត្តឈឺចាប់តែម្នាក់ឯង៖ ទោះបីអ្នកអាចឃើញពួកគេជាមនុស្សម្នាក់ដែលសើចសប្បាយក៏ពិតមែន តែធាតុពិតទៅគឺពួកគេលួចសម្ងំយំតែម្នាក់ឯងក៏មាន។ ពេលខ្លះ អ្នកអាចនឹងលួចតូចចិត្តដោយសារពួកគេមិនបានចែករំលែកការឈឺចាប់នេះជាមួយអ្នក តែអ្នកត្រូវចាំថា មិនមែនពួកគេធ្វើឡើងដោយការតាំងចិត្តនោះទេ។ អ្នកគួរតែក្លាយជាមនុស្សម្នាក់ដែលនៅចាំគាំទ្រក៏ដូចជាលើកទឹកចិត្តពួកគេរាល់ពេលដែលគេត្រូវការ។

៣) គិតច្រើន៖ អ្នកប្រហែលជាធុញ ដោយសារពួកគេគិតច្រើនមុននឹងសម្រេចចិត្តធ្វើអ្វីមួយម្ដងៗ ដែលអាចគិតថាពួកគេរញ៉េរញ៉ៃច្រើន តែការពិតទៅគឺពួកគេទទួលយកវប្បធម៌បែបនេះដោយសារតែកាលៈទេសៈរបស់គ្រួសារ ដែលផ្ដល់ឥទ្ធិពលមួយយ៉ាងធំក្នុងការសម្រេចចិត្តម្ដង។

៤) គេស្រលាញ់អ្នកខ្លាំងណាស់៖ អ្នកអាចគិតថាពួកគេមិនខ្វល់ពីអ្នក ឬគ្រាន់តែត្រូវការភាពកក់ក្ដៅពីអ្នកតែប៉ុណ្ណោះ តាមពិតទៅគឺពួកគេស្រលាញ់អ្នកណាស់ តែពួកគេមិនពូកែក្នុងការបញ្ចេញអារម្មណ៍ឲ្យអ្នកបានដឹងនោះទេ ទើបអ្នកមិនដែលសូវងាយយល់ពីអារម្មណ៍របស់ពួកគេ។ ដូចនេះអ្វីដែលអ្នកគួរធ្វើគឺលើកទឹកចិត្តឲ្យពួកគេនិយាយក៏ដូចជាសម្ដែងចេញនូវអារម្មណ៍របស់ពួកគេឲ្យបានច្រើនមិនថាល្អឬអាក្រក់នោះទេ៕  

X
5s